ដោយមិនមានពេលទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ក្រុមគ្រូពេទ្យនៅទីនោះត្រូវប្រើវិធីដោះទាល់បែបកូនក្មេង ដោយពួកគេបានស្លៀកខោទឹកនោម ព្រោះថា មានអ្នកជំងឺរលាកសួត Wuhan កាន់តែច្រើនបានចូលមកទទួលការព្យាបាលជាបន្តបន្ទាប់។
ការស្លៀកខោទឹកនោមបែបនេះ ក្រុមគ្រូពេទ្យនឹងមិនចាំបាច់ដោះសម្លៀកបំពាក់ការពារមេរោគចេញពីខ្លួននៅពេលបត់ជើងតូច ដែលនេះនឹងជួយសន្សំសំចៃពេលវេលាផង និងជួយបញ្ចៀសការដាច់រហែក ឬត្រូវបាត់សម្លៀកបំពាក់ការពារនោះផង ខណៈដែលមន្ទីរពេទ្យជាច្រើនទៀតកំពុងខ្វះខាតសម្លៀកបំពាក់ការពាររោគឆ្លងបែបនេះសម្រាប់គ្រូពេទ្យ។
ក្រៅពីសម្លៀកបំពាក់ការពារមេរោគឆ្លងរបស់ក្រុមគ្រូពេទ្យហើយ មន្ទីរពេទ្យនានាក៏កំពុងខ្វះខាតប្រភពផ្គត់ផ្គង់សម្ភារវេជ្ជសាស្ដ្រជាច្រើនផងដែរ ដូចជាម៉ាស់សម្រាប់គ្រូពេទ្យ និងវ៉ែនតាការពារមេរោគ ជាដើម។ល។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Thepaper របស់ចិន។
វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យ Wuhan បានបង្ហោះសារមួយនៅលើគេហទំព័រ Weibo ថា ៖ “យើងខ្ញុំដឹងថា សម្លៀកបំពាក់ការពារគីមីដែលយើងកំពុងប្រើនេះ អាចជាឈុតចុងក្រោយដែលទទួលបាន ដូច្នេះយើងខ្ញុំមិនអាចប្រើប្រាស់ខ្ជះខ្ជាយនោះឡើយ”។
ចំនួនអ្នកជំងឺដ៏ច្រើនលើសលុបដែលបានកើនឡើងពី 1ថ្ងៃទៅ 1ថ្ងៃ រួមនឹងការងារដ៏ច្រើនស្អេកស្កះ បានបង្កើតសម្ពាធដ៏ធ្ងន់ធ្ងរដល់ក្រុមគ្រូពេទ្យនៅក្នុងទីក្រុង Wuhan។ គ្រូពេទ្យទាំងនោះ ក៏កំពុងព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេដែរ។
Candice Qin ជាវេជ្ជបណ្ឌិតម្នាក់មកពីទីក្រុងប៉េកាំង បានបង្ហើបឱ្យដឹងថា មានគ្រូពេទ្យម្នាក់ផ្សេងទៀតបានឆ្លងមេរោគរលាកសួត Wuhan (nCoV) នេះពីអ្នកជំងឺម្នាក់ដែលកំពុងមានសុខភាពចុះខ្សោយខ្លាំង។ បច្ចុប្បន្ន គ្រូពេទ្យម្នាក់នោះកំពុងព្យាយាមនៅដាច់ដោយឡែកពីគេ ហើយបានលាក់បាំងរឿងនេះមិនឱ្យឪពុកម្ដាយដឹង។ គាត់មានអារម្មណ៍ថា “អសមត្ថភាព និងឯកា”។
Candice Qin បាននិយាយថា “យើងខ្ញុំគិតថា នេះជាសម្ពាធដ៏ធ្ងន់មួយ ដែលក្រុមគ្រូពេទ្យនៅតំបន់ Wuhan កំពុងទទួលរង។ យើងខ្ញុំយល់អំពីការព្រួយបារម្ភរបស់អ្នកជំងឺ ប៉ុន្តែយើងត្រូវដឹងថា គ្រូពេទ្យក៏ជាមនុស្សដែរ”៕
ប្រភព៖ សារព័ត៌មានបរទេស