ប្រទេសចិនបានទទួលស្គាល់ថា ជនរងគ្រោះជិត 2,000ករណីបានឆ្លងមេរោគរលាកសួត Wuhan គិតមកដល់យប់ថ្ងៃទី25 មករា ដែលក្នុងនោះអ្នកស្លាប់បានកើនដល់ 56នាក់ហើយ។
ទូរទស្សន៍ចិន CCTV នៅថ្ងៃនេះ បានផ្សាយថា ជនរងគ្រោះដែលបានឆ្លងមេរោគ corona បានកើនដល់ 1,975ករណី។ ក្នុងចំណោមអ្នកស្លាប់ថ្មីៗបំផុតនៅប្រទេសចិន គឺមាន 13ករណីកើតឡើងនៅខេត្ត Hebei ដែលជាតំបន់ឆ្លងមេរោគនេះមុនគេ និង 1ករណីទៀតនៅក្រុង Shanghai។
មកដល់ពេលនេះ ក្រុង Wuhan និងក្រុងជាច្រើនទៀតក្នុងខេត្ត Hebei នៃប្រទេសចិន ត្រូវអាជ្ញាធរបិទការចេញ-ចូលទាំងស្រុង ហើយការដើរហើរនៅទីនោះត្រូវបានរឹតបន្តឹង និងមានការប្រុងប្រយ័ត្នខ្ពស់។
ក្រៅពីចិន ដែលជាប្រទេសរងគ្រោះដំបូងគេ បច្ចុប្បន្ន មេរោគនេះបានឆ្លងទៅដល់ប្រទេស និងកោះចំនួន 12ផ្សេងទៀត រួមមានប្រទេសថៃ អូស្ត្រាលី បារាំង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កោះតៃវ៉ាន់ អាមេរិក វៀតណាម កូរ៉េខាងត្បូង និងប្រទេសនេប៉ាល ហើយថ្មីៗនេះ ប្រទេសកាណាដាក៏បានប្រកាសថា មានករណីឆ្លងមេរោគ corona នេះជាករណីទី1 ដែរ ដែលជនរងគ្រោះជាពលរដ្ឋទើបត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិន។
អាជ្ញាធរទីក្រុង Toronto ប្រទេសកាណាដា បានឱ្យដឹងថា អ្នកដែលបានឆ្លងមេរោគនេះកំពុងមានស្ថានភាពធម្មតា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ Toronto គឺជាទីក្រុងធំជាងគេនៅប្រទេសកាណាដា ដែលមានទីតាំងនៅក្បែរព្រំដែនជាមួយសហរដ្ឋអាមេរិក។
សូមរំឭកថា រោគសញ្ញានៃជម្ងឺរលាកសួតដែលបង្កដោយមេរោគ corona នេះ រួមមានដូចជា ក្ដៅខ្លួនខ្លាំង ពិបាកដកដង្ហើម និងក្អក។ បច្ចុប្បន្ន គេមិនទាន់បង្កើតបានថ្នាំ ឬវ៉ាក់សាំងណាមួយសម្រាប់ទប់ទល់នឹងមេរោគនេះនៅឡើយទេ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រនៃបណ្ដាប្រទេសក្នុងលោក កំពុងដុតដៃដុតជើងក្នុងការរកវិធីប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះ៕
ប្រភព៖ សារព័ត៌មានបរទេស