អាជ្ញាធរតំបន់ Wuhan បានចេញបញ្ជាឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ពេទ្យ នៅពេលចេញទៅទីសាធារណៈ ប៉ុន្តែ មនុស្សជាច្រើនបានសង្ស័យថា វាមិនអាចការពារមេរោគរលាកសួត 2019-nCoV (បច្ចុប្បន្នមេរោគ corona នេះត្រូវបានគេកត់ត្រាជាផ្លូវការក្រោមឈ្មោះ 2019-nCoV) ព្រោះវាមានសភាពស្ដើងពេក។
យ៉ាងនេះក្ដី អ្នកជំនាញផ្នែករោគឆ្លងបានឱ្យដឹងថា របាំងមុខ (ម៉ាស់) ប្រភេទសម្រាប់ពេទ្យ ដែលប្រើម្ដងចោល វាមានតម្លៃទាប អាចបាំងច្រមុះ មាត់ ហើយអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ បើសិនប្រើប្រាស់ត្រូវតាមរបៀប និងជាប់ជាប្រចាំ។
បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីកម្រិតនៃប្រសិទ្ធភាពរបស់ម៉ាស់ប្រភេទនេះ នៅពេលប្រើខាងក្រៅមន្ទីរពេទ្យ។ ក្នុងការពិសោធកន្លងមក អ្នកជំនាញគ្រាន់តែបានផ្ដោតទៅលើតែប្រសិទ្ធភាពនៃម៉ាស់ពេទ្យ ប្រើក្នុងបរិស្ថានរបស់គ្រូពេទ្យប៉ុណ្ណោះ។
យោងតាមអ្នកស្រី Julie Vaishampayan ប្រធានគណកម្មការវេជ្ជសាស្ត្រសាធារណៈ និងសមាគមជម្ងឺឆ្លងអាមេរិក ម៉ាស់ពេទ្យត្រូវបានគេចាត់ទុកដូចជា “ខ្សែការពារចុងក្រោយបង្អស់”។
អ្នកស្រីបណ្ឌិតខាងលើប្រាប់ថា៖ ជាក់ស្ដែង ការលាងដៃឱ្យស្អាតបាត និងជៀសវាងការប៉ះពាល់អ្នកជម្ងឺ គឺវាសំខាន់ជាងម៉ាស់ ព្រោះថា ម៉ាស់ធម្មតា មានចន្លោះប្រហោងនៅជុំវិញមាត់ ដូច្នេះ មេរោគនៅតែអាចឆ្លងចូលទៅក្នុងផ្លូវដង្ហើមតាមរយៈចន្លោះប្រហោងនោះ។
វេជ្ជបណ្ឌិត Amesh Adalja អ្នកឯកទេសផ្នែកជម្ងឺឆ្លងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ John Hopkins សហរដ្ឋអាមេរិក ឱ្យដឹងថា ចំពោះម៉ាស់សម្រាប់ពេទ្យវះកាត់វិញ វាអាចទប់ស្កាត់គ្រាប់ល្អិតនៃជាតិរាវដែលខ្ទាតចេញពីផ្លូវដង្ហើមនៅពេលអ្នកជម្ងឺកណ្ដាស់ ឬក្អក មិនឱ្យជ្រៀតចូលទៅក្នុងមាត់ ឬច្រមុះអ្នកប្រើប្រាស់។ មេរោគរលាកសួត 2019-nCoV វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈគ្រាប់ល្អិតនៃជាតិរាវប៉ុណ្ណោះ។
ការសិក្សាស្រាវជ្រាវអំពីអាសន្នរោគ SARS ក្នុងឆ្នាំ2013 បានបង្ហាញថា ការប្រើប្រាស់ម៉ាស់ពេទ្យ ឬម៉ាស់ការពារសារធាតុពុល សុទ្ធតែអាចកាត់បន្ថយការឆ្លងរោគចំពោះបុគ្គលិកពេទ្យបានដល់ទៅ 85%។
បញ្ហាប្រសិទ្ធភាពនៃម៉ាស់ បច្ចុប្បន្នគេអាចទុកចិត្តបានច្រើន ប៉ុន្តែក្រុមអ្នកជំនាញផ្នែករោគឆ្លង មានការព្រួយបារម្ភអំពីការប្រើប្រាស់ម៉ាស់ខុសបច្ចេកទេស បែបនេះក៏អាចបង្កហានិភ័យនៃការឆ្លងមេរោគផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស