អ្នកដែលមានបញ្ហាក្លិនមាត់មិនល្អ ប្រាកដជាមានអារម្មណ៍មិនសប្បាយចិត្ត មិនហ៊ាននិយាយច្រើនទៅកាន់អ្នកនៅចំពោះមុខ ហើយអ្នកដែលនៅក្បែរនោះក៏មិនចង់នៅក្បែរអ្នកដែលមានក្លិនមាត់មិនល្អ។ បញ្ហានេះនឹងក្លាយជាឧបសគ្គដ៏ធំចំពោះទំនាក់ទំនងក្នុងសង្គម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរកលុយរបស់អ្នក។
ខាងក្រោមនេះគឺជាវិធីដ៏សាមញ្ញដើម្បីដោះស្រាយបញ្ហាក្លិនមាត់៖
1. ញ៉ាំទឹកតែ
ទឹកតែគឺជាភេសជ្ជៈមួយប្រភេទដែលអាចកំចាត់បាក់តេរីក្នុងមាត់ ហើយជួយសម្អាត់មាត់ធ្មេញ និងធ្វើឱ្យខ្យល់ដង្ហើមបានស្រស់ស្រាយ។ ជាងនេះ ទឹកតែក៏មានផ្ទុកសារជាតិជីវសាស្ត្រសកម្មមួយចំនួន ដូចជាអាស៊ីត tannic និង polyphenol និងសារធាតុពណ៌ជាដើម ដែលអាចទប់ស្កាត់ការរីកចម្រើននៃពពួកបាក់តេរីបង្កក្លិនមិនល្អក្នុងមាត់។
អ្នកមានបញ្ហាក្លិនមាត់ គួរតែមានទម្លាប់ញ៉ាំទឹកតែរាល់ថ្ងៃ ប៉ុន្តែមិនមែនទឹកតែដែលមានជាតិស្ករនោះទេ។ អ្នកគួរតែប្ដូរពីការផឹកតែ មកជាការក្រេបរសជាតិតែវិញទើបល្អ។ អ្នកក៏អាចទំពាស្លឹកតែប្រហែល1នាទីរៀងរាល់ពេលអ្នកមានអារម្មណ៍ថាមានក្លិនមាត់មិនល្អ។
2. កាត់បន្ថយការញ៉ាំអាហារដែលមានក្លិនឆួលខ្លាំង
អាហារដែលមានក្លិនឆួល ពេលខ្លះវាធ្វើឱ្យអ្នកដទៃពិបាកទ្រាំនៅពេលអង្គុយក្បែរអ្នកញ៉ាំ។ អាហារប្រភេទនេះក៏នាំឱ្យមានបញ្ហាក្លិនមាត់ផងដែរសម្រាប់អ្នកដែលហូបវាញឹកញាប់។ អ្នកគួរតែកាត់បន្ថយ ឬឈប់ញ៉ាំអាហារប្រភេទនេះ ហើយក៏មិនគួរញ៉ាំឆ្អែតពេកនោះដែរ។ អ្នកដែលមានក្លិនមាត់មិនល្អ ហើយបែរជាញ៉ាំអាហារឆួលទៀត វានឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។
ទន្ទឹមនិងនេះ អ្នកដែលមានក្រពះពោះវៀនមិនល្អ គួរញ៉ាំអាហារដែលបង្កភាពងាយស្រួលដល់ដំណើរការរបស់ក្រពះ និងពោះវៀន។ បែបនេះវាមិនត្រឹមតែល្អសម្រាប់សុខភាពក្រពះពោះវៀននោះទេ វាក៏ជួយកំចាត់ក្លិតមាត់ផងដែរ។
3. ពិនិត្យសុខភាព និងមាត់ធ្មេញឱ្យបានទៀងទាត់
បញ្ហាក្លិនមាត់ មិនមែនកើតឡើងដោយសារជីវសាស្ត្រទាំងស្រុងនោះទេ តែវាអាចបណ្ដាលមកពីសរីរាង្គមួយចំនួនមានបញ្ហា នាំឱ្យមានក្លិនមាត់មិនល្អ ដូចជាជម្ងឺក្រពះជាដើម។ ដូច្នេះ អ្នកដែលមានក្លិនមាត់មិនល្អគួរពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីការពារមាត់ធ្មេញ ដោយការកំចាត់មេរោគ សម្អាតធ្មេញ និងបំបាត់ក្លិនមាត់។
ការពិនិត្យសុខភាពនៅពេលមានក្លិនមាត់មិនល្អក៏អាចជួយរកឃើញមេរោគ Helicobacter pylori ដែលជាមេរោគមួយប្រភេទធ្វើឱ្យក្លិនមាត់របស់អ្នកមិនល្អ។ ពេលព្យាបាល កំចាត់មេរោគនេះរួច ក្លិនមាត់នឹងបាត់ទៅវិញដោយឯកឯង។
4. ដុសធ្មេញពេលព្រឹក និងពេលយប់
អ្នកខ្លះយល់ថា ការដុះធ្មេញពេលព្រឹក វាសំខាន់ជាងពេលយប់។ ប៉ុន្តែ តាម ពិត ការដុសធ្មេញពេលណាក៏មានសារសំខាន់ដូចគ្នា។ ការដុសធ្មេញពេលយប់ នឹងជួយសម្អាតកាកសំណល់អាហារដែលជាប់នៅលើធ្មេញក្រោយញ៉ាំអាហារពេញមួយថ្ងៃ។ អ្នកដែលមិនបានដុសធ្មេញ ឬមានទម្លាប់មិនដុសធ្មេញមុនពេលចូលគេង នឹងធ្វើឱ្យក្លិនមាត់កាន់តែអាក្រក់ទៅៗមិនខាន។
ចំពោះការដុសធ្មេញវិញ មិនមែនដុសឱ្យតែរួចពីដៃ។ អ្នកត្រូវដុសដោយប្រុងប្រយ័ត្ន និងដុសឱ្យសព្វកន្លែង។
សូមអនុវត្តតាមការណែនាំខាងលើនេះ បើសិនចង់ឱ្យទំនាក់ទំនងក្នុងសង្គមរបស់អ្នក មានស្ថានភាពល្អប្រសើរជាងមុន៕
ប្រភព៖ សារព័ត៌មានបរទេស