ធ្លាប់នឹកឆ្ងល់ដែរឬទេថា តើហេតុអីបានជាឪ-ពុកម្តាយខ្លះមិនចង់ដឹងភេទកូនរហូតទាល់តែដល់ថ្ងៃប្រសូត?ជាប្រក្រតី ឪពុកម្តាយភាគច្រើនណាស់ ឬស្ទើរតែទាំងអស់តែម្តងដែលចង់ដឹងភេទរបស់កូនជាមុន ព្រោះនឹងបានរៀបចំត្រៀមរបស់របរសម្រាប់កូនបានត្រឹមត្រូវ។ ស្ទើរតែគ្រប់គូស្វាមីភរិយាសុទ្ធតែនាំគ្នាទន្ទឹងទាំងអន្ទះសាជាមួយការពិនិត្យគភ៌ និងចាំតែសួរគ្រូពេទ្យថា កូនប្រុស ឬកូនស្រី? តែក៏មានក្រុមគ្រួសារខ្លះដែរ ដែលគេមិនចង់ដឹងពីភេទរបស់កូនដែលនៅក្នុងគភ៌ រហូតទាល់តែដល់ថ្ងៃដែលនឹងបានជួបមុខគ្នា ហើយខាងក្រោមនេះគឺ មូលហេតុចម្បងៗដែលថា ហេតុអីបានជាពួកគេមិនចង់ដឹងចម្លើយនោះ?
1 ចង់ឱ្យមានការភ្ញាក់ផ្អើល ៈ ព្រោះព័ត៌មានសម័យនេះ មហាសែនលឿន និងមើលទៅហាក់ដូចជាសឹងតែគ្មានអ្វីសោះឡើយដែលជាការសម្ងាត់ ភេទរបស់កូនក៏ដូចគ្នាដែរ ទើបធ្វើឱ្យរឿងនេះក្លាយជាហេតុផលចម្បងមួយរបស់ឪពុកម្តាយមួយចំនួនដែលចង់លាក់ទុករឿងនេះជាការសម្ងាត់ ដើម្បីសាងភាពរំភើបញាប់ញ័រដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។
2 ចៃដន្យដឹងដោយឯកឯង ៈ ក្នុងការធ្វើអ៊ុល-ត្រាសោនដ៍(មើលអេកូ) គោលបំណងចម្បង មិនមែនដើម្បីមើលថា តើកូនភេទអីនោះទេ តែដើម្បីចង់ដឹងពីវិវឌ្ឍនាការរបស់ទារកច្រើនជាងថា តើមានវិវឌ្ឍនាការដែលល្អ ឬមានអ្វីដែលខុសប្រក្រតីដែរឬទេ?
ទើបធ្វើឱ្យការដឹងពីភេទរបស់កូនក្លាយជាលទ្ធផលដែលបានមកដោយក្តីចៃដន្យ តែក៏មិនមែនថា កូននឹងព្រមឱ្យមើលដោយងាយៗនោះដែរព្រោះជួនកាលយើងគិតថាជាកូនស្រី តែទីបំផុតបែរជាបានកូនប្រុសទៅវិញក៏មានច្រើនដែរ។
3 ជាកម្លាំងជំរុញចិត្តក្នុងការប្រសូត ៈ ត្រឹមត្រូវហើយចា៎ស មានអ្នកម្តាយមួយចំនួន មិនចង់ដឹងពីភេទកូនទេ ព្រោះត្រូវការប្រើរឿងនេះធ្វើជាកម្លាំងជំរុញចិត្តក្នុងការប្រសូតថា បើចង់ដឹងថា កូនស្រី ឬប្រុសឆាប់ៗ ក៏ត្រូវតែតាំងចិត្តក្នុងការប្រឹងប្រសូត និងអត់ធន់ឱ្យបានល្អហ្នឹងឯង។
4 មិនចង់ឱ្យស្រពិចស្រពឹល ៈ ដូចដែលបានប្រាប់ហើយថា ការមើលភេទកូននៅក្នុងគភ៌មិនមែនជារឿងងាយទេ ជាញឹកញាប់ណាស់ដែលយើងច្រើនតែជួបប្រទះថា ការដឹងពីភេទកូនជាមុននោះ ធ្វើឱ្យកើតមានការខុសប្លែកបានជានិច្ច ដូចដែលបានលើកជាឧទាហរណ៍ក្នុងចំណុចទី2 រួចមកហើយ។
5 កាត់បន្ថយសម្ពាធ ៈ ជាការពិតហើយដែលឪពុកម្តាយខ្លះអាចនឹងតាំងសេចក្តីសង្ឃឹមជាមួយភេទរបស់កូននៅក្នុងគភ៌ខ្លាំងហួសហេតុពេក គូខ្លះអាចនឹងចង់បានកូនស្រី ឬគូខ្លះទៀតមានកូនស្រីហើយ ក៏ចង់បានកូនប្រុសម្តង តែពេលបានដឹងលទ្ធផលមុនហើយ ក៏ធ្វើឱ្យនាំគ្នាអស់សង្ឃឹមក៏មានដែរ ដូច្នេះទើបមិនមែនជារឿងប្លែកឡើយដែលឪពុកម្តាយខ្លះមិនចង់ក្នុងការដាក់សម្ពាធឱ្យខ្លួនឯង ទើបរង់ចាំទៅអ៊ុតមើលនៅពេលប្រសូតតែម្តងប្រសើរជាងហ្នឹងឯង។
ចុះមិត្តអ្នកអានវិញ ចង់ដឹងភេទកូនជាមុន ឬក៏ចង់រក្សាទុកចាំទៅអ៊ុតនៅពេលប្រសូតទាំងអស់គ្នា?