ការការពារសុខភាពនៅក្នុងរដូវភ្លៀងឱ្យបានល្អ អាចជារឿងពិបាកសម្រាប់មនុស្សគ្រប់រូប ព្រោះថាអាកាសធាតុនៅក្នុងរដូវនេះងាយនឹងផ្លាស់ប្ដូរគ្រប់ពេល បន្តិចក៏ក្ដៅ បន្តិចក៏ភ្លៀង បន្តិចក៏ត្រជាក់ ទើបធ្វើឱ្យរាងកាយមិនអាចទទួលយកសភាពផ្លាស់ប្តូរបែបនេះបាន ធ្វើឱ្យមានជំងឺកើតឡើងទាល់តែបាន។ យកល្អ អ្នកគួរតែសាកល្បងថែរក្សាសុខភាពរបស់អ្នកតាមវិធីសាស្ត្រដូចខាងក្រោមនេះ។
1. ទទួលទានទឹកយ៉ាងតិចក្នុងមួយថ្ងៃ1.5លីត្រ
ក្នុងមួយថ្ងៃ អ្នកគួរតែទទួលទានទឹកយ៉ាងហោចណាស់មួយថ្ងៃ1.5លីត្រ ដើម្បីបំពេញជាតិទឹកទៅដល់សរសៃឈាម ហើយទឹកនឹងទៅជួយឱ្យរាងកាយមានតុល្យភាព និងជួយកាត់បន្ថយឱកាសនៃការឆ្លងមេរោគផ្សេងៗ ដែលចូលវាយឡុករាងកាយអ្នក។ ម្យ៉ាងទៀត ការទទួលទានបានគ្រប់គ្រាន់ នឹងជួយឱ្យរាងកាយមានតុល្យភាព មិនកើតជំងឺផ្ដាសាយបានដោយងាយថែមទៀតផង។
2. គេងឱ្យបានគ្រប់គ្រាន់មួយថ្ងៃពី6-8ម៉ោង
អ្នកគួរសម្រាក ឬគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ពី6ទៅ8ម៉ោង ដើម្បីឱ្យរាងកាយមានឱកាសជួសជុលកោសិកាខូចខាតឡើងវិញ ខណៈពេលអ្នកកំពុងគេងលក់ តែប្រសិនបើអ្នកពិបាកគេង ឬគេងមិនសូវលក់វិញនោះ អ្នកគួរតែទទួលទានផ្លែចេកជាជំនួយ ព្រោះនៅក្នុងផ្លែចេកមានសារធាតុ Triptophane ដែលជួយឱ្យអ្នកឆាប់គេងលក់។
3. យកឆ័ត្រ និងអាវភ្លៀងដាក់តាមខ្លួនជានិច្ច
នៅក្នុងរដូវភ្លៀងបែបនេះ កុំភ្លេចយកឆ័ត្រ និងអាវភ្លៀងទៅតាមខ្លួនគ្រប់ពេលដែលអ្នកចេញទៅខាងក្រៅ ដើម្បីកុំឱ្យរាងកាយទទឹកទឹកភ្លៀងនៅពេលភ្លៀងធ្លាក់ ព្រោះវាជួយកាត់បន្ថយការកើតជំងឺគ្រុនក្ដៅ និងគ្រុនផ្ដាសាយបានផងដែរ។
4. រក្សាខ្លួនឱ្យស្ងួតជានិច្ច
ដើម្បីធ្វើឱ្យរាងកាយមានសីតុណ្ហភាពអាចទប់ទល់នឹងអាកាសធាតុខាងក្រៅបានល្អ មិនឱ្យកើតជំងឺផ្សេងៗដូចជា ជំងឺសើស្បែក និងរោគរលាកសួតបានដោយងាយ អ្នកត្រូវតែធ្វើខ្លួនឯងស្ងួតជានិច្ច។ នៅពេលអ្នកសើមទទឹកទឹកភ្លៀងថ្មីៗ អ្នកគួរតែឆាប់ប្ដូរសម្លៀកពំពាក់ឱ្យបានភ្លាមៗ ដើម្បីឱ្យរាងកាយមានភាពកក់ក្ដៅឡើងវិញ តែប៉ុណ្ណេះក៏ជួយការពារខ្លួនអ្នកពីជំងឺសើស្បែក និង រោគរលាកសួតបានហើយ។
5. មិនត្រូវដើរចូលកន្លែងដែលមានទឹកលិច
នៅកន្លែងមានទឹកលិច ចាត់ទុកថាជាកន្លែងដែលត្រូវហាមប្រាមតែម្ដង ព្រោះវាអាចបង្កឱ្យកើតមានជំងឺសើស្បែក ជំងឺថ្លើម និងរោគរលាកគ្រលៀន ដែលបង្កដោយទឹកកខ្វក់ដែលវាជាគ្រោះថ្នាក់មួយដែលគួរឱ្យបារម្ភបំផុតក្នុងរដូវភ្លៀងធ្លាក់។
6. ការពារកុំឱ្យមូសខាំ
នៅរដូវធ្លាក់ភ្លៀង មានសត្វមូសជាច្រើនដែលអាចបង្កជាជំងឺគ្រុនឈាមបានដូច្នេះហើយទើបអ្នកត្រូវកាពារកុំឱ្យមូសខាំ ដោយការគេងនៅក្នុងមុង ឬប្រើប្រាស់ថ្នាំបណ្ដេញមូសចេញពីលំនៅឋានរបស់អ្នក និងគួរស្លៀកពាក់ឱ្យបានជិតល្អផងដែរ។
7. ប្រើប្រេងលាបប្រភេទ Eucalyptus Oil
នៅពេលដែលអ្នកតឹងច្រមុះ ឬពិបាកក្នុងការដកដង្ហើម អ្នកគួរប្រើប្រេងលាបប្រភេទ Eucalyptus Oil លាបនៅលើបរិវេណទ្រូង ឬខ្នងរបស់អ្នក ដើម្បីឱ្យប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកមានភាពងាយស្រួយឡើងវិញ។
8. ទទួលទានអាហារដែលចម្អិនឆ្អិនថ្មីៗ
អ្នកគួរតែជ្រើសរើសទទួលទានអាហារណាដែលចម្អិនឆ្អិនថ្មីក្ដៅៗ ដើម្បីការពារប្រព័ន្ធរំលាយអាហាររបស់អ្នកមិនឱ្យកើតមានជំងឺ ដែលបង្កដោយសារធាតុពុលដែលមាននៅក្នុ្ងងអាហារ។
9. ទទួលទានតែឱសថបុរាណក្ដៅឧណ្ហៗ
ជាប្រចាំ នៅថ្ងៃដែលមានភ្លៀងធ្លាក់ អាកាសធាតុតែងតែប្រែទៅជាត្រជាក់ខ្លាំង ដូច្នេះអ្នកគួរតែទទួលទានតែឱសថបុរាណក្ដៅឧណ្ហៗ 1 កែវ ដើម្បីឱ្យរាងកាយរបស់អ្នកមានសីតុណ្ហភាពធម្មតា ការពារជំងឺឆ្លង និងបាក់តេរី ដែលមកជាមួយនឹងទឹកភ្លៀង ហើយម្យ៉ាងទៀត ការទទួលទានទឹកតែក្តៅឧណ្ហៗ ក៏អាចជួយបន្ធូរបន្ថយភាពត្រជាក់បានយ៉ាងល្អផងដែរ៕