នៅអំឡុងពេលនេះ អាកាសធាតុនៅប្រទេសយើងពិតជាមានការប្រែប្រួលម្ដងក្ដៅ ម្ដងត្រជាក់ ម្ដងភ្លៀងមិនទៀងទាត់សោះ។ ការប្រែប្រួលនៃអាកាសធាតុ ក៏បានហុចផលប៉ះពាល់ដល់ប្រភេទផ្លែឈើដូចគ្នាដែរ គឺមិនមែនប៉ះពាល់តែមនុស្សយើងនោះទេ។ ជាក់ស្ដែង អាកាសធាតុក្ដៅ ផ្លែឈើដែលមានគុណភាព និងរសជាតិឆ្ងាញ់ជាងគេគឺ ផ្លែទុរេន។ ដោយសង្កេតឃើញថា អំឡុងពេលនេះជាខែដែលសម្បូរទៅដោយផ្លែទុរេនមានលក់នៅលើទីផ្សារព្រោងព្រៀត ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនពី5ចំណុច ដែលអ្នកគួរយល់ដឹងមុនទទួលទានផ្លែ ទុរេន ព្រោះបើអ្នកមិនដឹងច្បាស់វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបាន។
1. ទុរេន ជាផ្លែឈើដែលមានកាឡូរីខ្ពស់ ព្រោះផ្លែទុរេន 4-6គ្រាប់ វាមានបរិមាណកាឡូរីដល់ទៅ 400កាឡូរី បើប្រៀបធៀបទៅស្មើនឹងគ្រឿងភេសជ្ជៈ 2កំប៉ុង ហើយស្មើនឹងបាយស 1ចានពេញៗតែម្តង។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកជក់ចិត្តនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ផ្លែទុរេន រហូតដល់ទទួលទានជាច្រើនគ្រាប់នោះ អ្នកអាចនឹងឡើងគីឡូដោយមិនដឹងខ្លួន។
2. នៅក្នុងផ្លែទុរេន មានបរិមាណជាតិស្ករច្រើនដូចគ្នា ដូច្នេះហើយអ្នកដែលមានជំងឺទឹកនោមផ្អែម គួរតែចៀសវាងការទទួលទានផ្លែទុរេន។
3. ក្រៅពីអ្នកជំងឺទឹកនោមផ្អែមហើយ អ្នកជំងឺដែលមានរោគប្រចាំខ្លួនពាក់ព័ន្ធជាមួយនឹងរោគលើសឈាម បេះដូង សរសៃឈាម និងលើសជាតិខ្លាញ់ គប្បីទទួលទានផ្លែទុរេនក្នុងបរិមាណតិចតួចបំផុត។
4. ផ្លែទុរេន គឺជាប្រភេទផ្លែឈើដែលមានឥទ្ធិពលធ្វើឱ្យរាងកាយមនុស្សឡើងចំហាយក្ដៅខ្ពស់ បើទោះបីជាអ្នកទទួលទានតែ1គ្រាប់ ក៏វាអាចធ្វើឱ្យអ្នកក្ដៅបំពង់កបានដែរ។ ករណីដែលអ្នកទទួលទានផ្លែទុរេន លាយជាមួយគ្រឿងស្រវឹងដែលមានជាតិអាល់កុល មិនថាស្រា ឬស្រាបៀរ ឬគ្រឿងស្រវឹងផ្សេងៗក៏ដោយនោះ គឺវាកាន់តែបង្កឱ្យមានគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកទ្វេដង។ រាងកាយរបស់អ្នកនឹងកើនកម្ដៅខ្លាំងឡើងៗ រហូតដល់អាចបាត់បង់ជីវិតបាន ដោយសារតែដកដង្ហើមមិនរួច។
5. ខណៈបានជ្រាបពីអត្ថប្រយោជន៍របស់ផ្លែទុរេន ដែលផ្ដល់នូវថាមពលយ៉ាងអនេកដល់រាងកាយ ដូចនេះនៅពេលណា ឬថ្ងៃណាមួយដែលអ្នកទទួលទានផ្លែទុរេន អ្នកគប្បីចៀសវាងទទួលទានអាហារផ្សេងៗទៀត ដែលមានកម្រិតថាមពលខ្ពស់ដូចគ្នា ដូចជាអាហារប្រភេទចៀនបំពង អាហារដែលមានផ្សំជាមួយខ្ទិះដូង និងអាហារសម្រន់ដែលមានជាតិខ្លាញ់ខ្ពស់ ឬអ្នកអាចកាត់បន្ថយបរិមាណអាហារទាំងអស់នោះឱ្យនៅតិចតួចក៏បានដែរ។ ករណីដែលអ្នកបានទទួលទានអាហារផ្សេងៗ និងផ្លែទុរេនស្របពេលជាមួយគ្នានោះ អ្នកគួរតែធ្វើលំហាត់ប្រាណដើម្បីដុតបំផ្លាញជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយឱ្យបានល្អ ដើម្បីការពារអ្នកពីជំងឺធាត់ និងជំងឺអាក្រក់ផ្សេងៗទៀត។
ឡារ៉ែន មិនបានហាមមិនឱ្យទទួលទានផ្លែទុរេននោះទេ តែមុននឹងអ្នកទទួលទានផ្លែទុរេន សូមអ្នកពិចារណាលើ 5ចំណុចខាងលើជាមុនសិន ដើម្បីឱ្យច្បាស់នៅក្នុងចិត្តថា អ្នកគួរទទួលទានក្នុងកម្រិតមួយណាដែលមានភាពល្អប្រសើរចំពោះសុខភាព ហើយអ្នកមិនគួរបង្អត់ចិត្ត ហាមមាត់ ហាមអារម្មណ៍ខ្លួនឯងមិនឱ្យទទួលទានផ្លែទុរេននោះទេ។ តែករណីដែលអ្នកព្យាយាមហាត់ប្រាណជារៀងរាល់ថ្ងៃ នោះអ្នកនឹងសប្បាយចិត្តក្នុងការទទួលទានផ្លែទុរេន ដោយមិនបាច់ភ័យព្រួយពីហានិភ័យដែលកើតឡើងចំពោះសុខភាពនោះឡើយ៕