ទោះជាវិទ្យាសាស្ត្រខាងពន្យារវ័យឈានទៅមុខ និងទំនើបប៉ុនណាក៏ដោយ តែការធ្វើកិច្ចការងារបែបងាយៗមួយចំនួនជាប់ជាប្រចាំរៀងរាល់ថ្ងៃក៏អាចជួយឱ្យអ្នកមានអាយុវែងបានដូចគ្នាដែរ។ សារព័ត៌មាន ឌឹ មីរើរ៍ អនឡាញ របស់ប្រទេសអង់គ្លេសបានចុះផ្សាយឱ្យយើងដឹងដូចខាងក្រោមនេះ៖
1. ឈរជើងម្ខាង : រៀងរាល់ព្រឹក ដូចជា ក្នុងពេលតុបតែងខ្លួន សាកល្បងហ្វឹកហាត់ការទប់លំនឹងខ្លួនដោយការឈរជើងម្ខាង ព្រោះវាជាការសាងតុល្យភាពរបស់រាងកាយ (ឆ្អឹងកងខ្នង ឆ្អឹងត្រគាក និងក្រពះ) នៅពេលអាយុច្រើនទៅ វានឹងជួយការពារឧប្បត្តិហេតុពីការដួលបាក់ឆ្អឹងបាន។
2. មានភេទសម្ពន្ធជាប់លាប់ជាប្រចាំ : យ៉ាងតិចមួយសប្ដាហ៍ 2ដង ព្រោះតាមរយៈការងារស្រាវជ្រាវបានរកឃើញថា អ្នកដែលមានភេទសម្ពន្ធ (រួមភេទ) តិចជាងមួយខែម្ដង មានឱកាសប្រថុយនឹងការស្លាប់មុនវ័យដល់ទៅពីរដង ច្រើនជាងអ្នកដែលមានភេទសម្ពន្ធមួយសប្ដាហ៍ 2ដង ព្រោះវានឹងជួយកាត់បន្ថយភាពធុញថប់តានតឹងក្នុងអារម្មណ៍ និងធ្វើឱ្យគេងលក់ស្រួលឡើង។
3. តមប្រើគ្រីមការពារកម្ដៅថ្ងៃក្នុងអំឡុងម៉ោង 7.00 – 9.00 : ព្រោះគ្រីមការពារកម្ដៅថ្ងៃនឹងទៅស្រោបស្រទាប់ស្បែក ធ្វើឱ្យវីតាមីន D ពីពន្លឺថ្ងៃមិនអាចជ្រៀតចូលទៅក្នុងស្បែកបាន ហុចផលឱ្យកើតជំងឺពុកឆ្អឹង និងជំងឺបេះដូង។
4. សើចក្នុងមួយថ្ងៃឱ្យបានយ៉ាងតិច20ដង : ជាការជំរុញប្រព័ន្ធប្រឆាំងជំងឺ បន្ថយអ័រម៉ូនភាពធុញថប់តានតឹង និងបង្កើនកម្រិត ធីសែលល៍ (T cell) ក្នុងការការពារ និងតតាំងនឹងរោគមហារីក។
5. ច្រៀងខណៈពេលងូតទឹក : តាមរយៈការសិក្សាស្រាវជ្រាវលើក្រុមអ្នកចម្រៀងច្រៀងជាពួករបស់មហាវិទ្យាល័យ យេល និងមហាវិទ្យាល័យ ហាវ៉ាដ សហរដ្ឋអាមេរិកបានរកឃើញថា ពួកគេមានអាយុគិតជាមធ្យមកើនឡើងច្រើន ព្រោះការច្រៀងចម្រៀងអាចជួយកាត់បន្ថយភាពធុញថប់តានតឹង ការពាររោគបេះដូង និងជួយមិនឱ្យកើតជំងឺសោកសៅបាន។ ឃើញទេ… 5ចំណុចខាងលើអាចធ្វើឱ្យអ្នកអាយុវែងបាន មិនចាំបាច់អស់លុយមួយរយរៀលណាឡើយ៕