ទទួលទានទឹកច្រើនធ្វើឱ្យធាត់ដែរឬទេ? អ្នកនាងដែលកំពុងតែថែរក្សារាង និងសម្រកគីឡូ ពិតជាមានក្ដីសង្ស័យយ៉ាងខ្លាំង ចំពោះការទទួលទានទឹកច្រើន តែគីឡូមិនព្រមស្រកសោះ ផ្ទុយទៅវិញសង្កេតឃើញគីឡួឡើងខុសប្លែកពីធម្មតា។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមធ្វើការបកស្រាយចំពោះក្ដីកង្វល់របស់ប្រិយមិត្តអ្នកអានគ្រប់ៗរូបដូចតទៅ។ អ្នកស្រាវជ្រាវបានធ្វើការស្រាវជ្រាវជាមួយអ្នកស្ម័គ្រចិត្តស្ត្រី ក្នុងការពិសោធន៍ការទទួលទានទឹក ដើម្បីធ្វើការសម្រកគីឡូ និងខ្លាញ់ក្បាលពោះ ហើយជាលទ្ធផលបកស្រាយយ៉ាងណានោះ សូមតាមដានអានខាងក្រោមនេះ។
ការទទួលទានទឹកច្រើនអាចធ្វើឱ្យធាត់បានដែរឬទេ?
ក្រុមការងារអ្នកស្រាវជ្រាវបានរកឃើញថាការទទួលទានទឹកក្នុងបរិមាណច្រើនលីត្រក្នុងមួយថ្ងៃ មិនមានប្រសិទ្ធភាពជួយសម្រកខ្លាញ់ក្បាលពោះ ធ្វើឱ្យមានរាងស្រឡូនបានប្រសើរឡើងជាងមុននោះទេ។ ស្របគ្នានោះដែរ អ្នកវិទ្យាសាស្ត្របានណែនាំឱ្យអ្នកស្ម័គ្រចិត្តស្ត្រី ងាកមកទទួលទានទឹកផ្លែឈើ បន្លែ អង្ករ សណ្ដែកសៀង… ដែលមានសារធាតុរ៉ែ និងវីតាមីន ព្រមទាំងមានគុណប្រយោជន៍ជាច្រើនផ្សេងទៀតដើម្បីបំពេញសារធាតុទឹកក្នុងរាងកាយ។ ប្រភេទទឹកបន្លែផ្លែឈើ មិនត្រឹមតែមានសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនប្រភេទនោះទេ សំខាន់វាមានទាំងជាតិសរសៃ ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបញ្ចេញកាកសំណល់ជាតិពុលពីក្នុងរាងកាយបានយ៉ាងល្អប្រសើរ ហើយធ្វើឱ្យសុខភាពល្អជាងមុន។
ការរកឃើញក៏បានបង្ហាញថា ការទទួលទានទឹកធម្មតាក្នុងបរិមាណច្រើន មិនធ្វើឱ្យធាត់នោះទេ ព្រោះថា ធាតុផ្សំដែលធ្វើឱ្យរាងកាយរបស់មនុស្សយើងធាត់បាននោះគឺ កាបូអីុដ្រាតជាមួយនឹងខ្លាញ់ ដែលសារធាតុទាំងនោះមិនមាននៅក្នុងទឹកនោះទេ។ លើកលែងតែអ្នកទទួលទានភេសជ្ជៈមួយចំនួនដូចជា កាហ្វេ តែទឹកដោះគោ ភេសជ្ជៈដែលមានស្ករច្រើន គ្រីមច្រើនទាំងអស់នោះហើយ ដែលធ្វើឱ្យអ្នកងាយឡើងទម្ងន់ដោយមិនដឹងខ្លួននោះ។
ការទទួលទានទឹកយ៉ាងមានគុណប្រយោជន៍ចំពោះសុខភាព
ការទទួលទានទឹកដែលមានគុណប្រយោជន៍ចំពោះសុខភាពរាងកាយ គឺជាការទទួលទានទឹកដែលជួយឱ្យស្បែកស្រស់ថ្លាជាងមុន ជួយដល់ប្រព័ន្ធរំលាយអាហារ មិនធ្វើឱ្យតឹងពោះ មិនបង្កឱ្យមានជំងឺរាករូស តែវាក៏មិនធ្វើឱ្យស្រកទម្ងន់បានដែរ។ ប្រសិនបើអ្នកគិតថា ទឹកពិតជាជួយឱ្យស្រកទម្ងន់បានពិតមែននោះ យើងសូមណែនាំឱ្យអ្នកទទួលទានផ្លែឈើស្រស់ ដែលមានគុណប្រយោជន៍ចំពោះសុខភាពដូចជា ទឹកឪឡឹក នៅអំឡុងពេលរសៀលក្រោយបញ្ចប់ការងារ ព្រោះថា រាងកាយរបស់អ្នកនឹងទទួលបាននូវវីតាមីន និងជាតិសរសៃ ហើយម៉្យាងវិញទៀត ទឹកឪឡឹកគឺមិនមានកាឡូរីច្រើនដូចជាទឹកភេសជ្ជៈផ្សេងៗឡើយ៕