បុរសជាច្រើនប្រហែលមិនធ្លាប់គិតថា នៅក្នុងជីវិតនេះ អាចកើតមានជំងឺរលាកពងស្វាសឡើយ។ តែបើការពិតទៅ ជំងឺនេះអាចកើតបានចំពោះបុរសគ្រប់រូប ដោយសារតែកើតមានអាការរលាកនៅបរិវេណពងស្វាស និងកន្លាក់ជើងម្ដុំបរិវេណប្រដាប់ភេទរបស់បុរស។ ករណីកើតមានជំងឺរលាកពងស្វាសនេះ ក៏អាចហុចផលមិនល្អចំពោះការពិបាកនឹងមានកូនផងដែរ ប្រសិនបើ
ធ្ងន់ធ្ងរបំផុត ប្រហែលអាចនឹងមិនមានកូនតែម្ដង។ តើអាការរបស់ជំងឺនេះកើតឡើងបានដោយរបៀបណា? សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ៖
មូលហេតុនៃការកើតជំងឺរលាកពងស្វាស
ជំងឺរលាកពងស្វាសកើតឡើងពីការឆ្លងមេរោគ: ភាគច្រើនបានជួបប្រទះចំពោះក្រុមមនុស្សយុវវ័យ ដែលបានឆ្លងមេរោគ Mump Virus ហើយមានអ្នកជំងឺប្រមាណជា20-30% ប្រឈមមុខនឹងកើតជំងឺរលាកពងស្វាស។
ជំងឺរលាកពងស្វាសកើតពីបាក់តេរី ដែលបានឆ្លងពីមេរោគមកតាមផ្លូវភេទ: ដូចជា ជំងឺស្វាយប្រមេះ និងប្រមេះទឹកបាយជាដើម ហើយប្រហែលអាចបណ្ដាលមកពីការរលោកក្រពេញប្រូស្ដាតដែលកើតមានចំពោះបុរសៗមានអាយុ19-35ឆ្នាំ។
ជំងឺរលាកពងស្វាសឆ្លងពីបាក់តេរី ដែលកើតពីចេញជំងឺផ្សេងៗ: ហើយវារមែងជួបញឹកញាប់ចំពោះអ្នកជំងឺដែលបានជាប់មេរោគតាមរយៈប្រព័ន្ធបញ្ចេញចោល និងរកឃើញមានចំពោះក្រុមមនុស្សកើតជំងឺរបេង។
ជំងឺរលាកពងស្វាសកើតមានដោយសារអ្នកជំងឺឆ្លងមេរោគអេដស៍: ជាទូទៅអ្នកកើតជំងឺអេដស៍នឹងមានជំងឺជ្រាតជ្រែកចូលមកជាច្រើន ក្នុងនោះក៏មានជំងឺរលាកពងស្វាសផងដែរ។
ជំងឺរលាកពងស្វាស ដែលមិនឆ្លងពីមេរោគ: គឺកើតឡើងដោយសារការរលាកសរសៃឈាម ឬកើតពីការប្រើប្រាស់ថ្នាំមួយប្រភេទដែលបណ្ដាលឱ្យកើតមានការរលាក រួចហុចផលអាក្រក់ដល់ពងស្វាស។
អាការជំងឺរលាកពងស្វាស
អាការទូទៅតែងសង្កេតឃើញមាន កើតអាការហើម កណ្តួលក្រហមនៅបរិវេណពងស្វាសអាចមានតែម្ខាង ឬសងខាង ដែលអ្នកខ្លះទៀតកើតមានទាំងសងខាងតែម្ដង។ វាងាយឆ្លង និងកើតមានការរលាកដល់បំពង់បង្ហូរមេជីវិត រហូតដល់អ្នកខ្លះមានអាការឈឺចុកចាប់កន្លាក់ជើង និងឈឺចាប់បរិវេណប្រដាប់ភេទ ហើយចាក់ដល់ពងស្វាសផងដែរ។ អ្នកជំងឺគួរតែទៅជួបពេទ្យដើម្បីត្រួតពិនិត្យអាការរោគ និងព្យាបាលជំងឺបានទាន់ពេលវេលា។ ក្នុងករណីដែលបណ្ដែតបណ្ដោយទុកយូរ នោះអ្នកជំងឺអាចកើតមានអាការក្ដៅខ្លួនខ្លាំង ឡើងពងបែកនៅម្ដុំប្រដាប់ភេទ ហើយមានហូរឈាមតាមប្រដាប់ភេទ ព្រមទាំងហុចផលអាក្រក់ដល់មេជីវិតថែមទៀតផង។
ប្រសិនបើអ្នកសង្ស័យថា មានអាការជំងឺខាងលើនេះ ត្រូវប្រញាប់ទៅមន្ទីរពេទ្យកុំឱ្យលើសពីរយៈពេល2ថ្ងៃឱ្យសោះ ព្រោះគ្រូពេទ្យងាយស្រួលក្នុងការព្យាបាលនៅដំណាក់កាលដំបូងបើមិនដូច្នោះទេ អ្នកអាចប្រឈមមុខនឹងការព្យាបាលដោយការវះកាត់។
វិធីការពារមិនឱ្យកើតជំងឺរលាកពងស្វាស
1. ចាក់វ៉ាក់សាំងការពារជំងឺស្រឡទែនតាំងពីកុមារ។
2. ប្រើស្រោមអនាម័យគ្រប់ពេលរួមភេទ ដើម្បីការពារខ្លួនអ្នកពីការឆ្លងរោគផ្សេងៗ។
3. ចៀសវាងការប្រើឱសថដោយមិនមានការអនុញ្ញាតិ និងមិនមានការពិនិត្យពីគ្រូពេទ្យ ដែលងាយហុយផលអាក្រក់ដល់រាងកាយ និងងាយកើតជំងឺផ្សេងៗទៀត។
4. ខណៈដែលបានដឹងខ្លួនថា ឆ្លងមេរោគជំងឺកាមរោគ ត្រូវប្រញាប់ទៅរកគ្រូពេទ្យជាបន្ទាន់៕