អាការងងឹតមុខ គឺជាអាការដែលបាត់បង់ស្មារតីមួយភ្លែត និងអាចដួលទាំងជំហរ គឺជាការដួលបាត់បង់ស្មារតី ដែលមានតាំងពីខ្យល់គរធម្មតារហូតទៅដល់ខ្យល់គរដួលដោយសារតែភាពខុសប្រក្រតីកម្រិតធ្ងន់ធ្ងររបស់បេះដូង។
អាការងងឹតមុខដួលទាំងជំហរ ឬអាការខ្យល់គរបាត់ស្មារតី ជាអាការដែលជួបប្រទះញឹកញាប់ជាសភាវដែលរាងកាយបាត់បង់ការដឹងខ្លួន និងបាត់បង់កម្លាំងរបស់សាច់ដុំមួយខណៈពេល ដែលជាផលប៉ះពាល់បណ្ដាលមកពីឈាមដែលរត់ទៅចិញ្ចឹមមែកធាងនៃប្រព័ន្ធប្រសាទខួរក្បាលថយចុះ ដែលមានបច្ច័យពាក់ព័ន្ធពីបរិមាណឈាមដែលចេញពីបេះដូង និងកម្លាំងទប់ទល់របស់សរសៃឈាមទូទាំងរាងកាយ។ អាការងងឹតមុខដួលទាំងជំហរនេះ ច្រើនតែដឹងខ្លួនប្រក្រតីឡើងវិញដោយខ្លួនឯង និងអាចកើតដដែលៗឡើងទៀតបាន។
តាមរយៈការសិក្សាស្រាវជ្រាវនៅប្រទេសបានរកឃើញថា ស្ទើរ10%នៃអ្នកជំងឺដែលមកជួបគ្រូពេទ្យដើម្បីចូលព្យាបាល មានមនុស្សចាស់ជាង50% សុទ្ធតែធ្លាប់កើតអាការងងឹតមុខដួលទាំងជំហរនេះរួចមកហើយយ៉ាងតិចក៏1ដងដែរ។
អ្នកកើតអាការងងឹតមុខដួលទាំងជំហរដែលរកមូលហេតុមិនឃើញ មានអត្រាបាត់បង់ជីវិតក្នុងឆ្នាំដំបូងដែលកើតឡើងខ្ពស់ដល់ទៅ6%ដោយ4% បាត់បង់ជីវិតបែបទាន់ហន់ តែបើមានមូលហេតុមកពីជំងឺបេះដូងវិញ អត្រាបាត់បង់ជីវិតក្នុងឆ្នាំដំបូងដែលកើតនោះនឹងខ្ពស់ដល់ទៅ18%-33% ដោយ24% ជាការបាត់បង់ជីវិតបែបទាន់ហន់។
សម្រាប់អ្នកដែលប្រកបអាជីព ដូចជា បុគ្គលិកបើកបររថយន្ត អ្នកបើកយន្តហោះ កម្មករសំណង់ ឬអ្នកប្រតិបត្តិការជាមួយគ្រឿងចក្រ រឹតតែមានភាពប្រថុយប្រថានខ្ពស់ក្នុងស្លាប់បាត់បង់ជីវិតបន្ទាប់ពីកើតអាការងងឹតមុខដួលទាំងជំហរនេះ។
អាការងងឹតមុខដួលទាំងជំហរនេះអាចបែងចែកបានជា2ក្រុម គឺក្រុមដែលកើតអាការងងឹតមុខដួលទាំងជំហរ ដោយសារសភាវលោហិតធ្លាក់ចុះទាបមួយខណៈពេល តែមិនមែនជាជំងឺបេះដូង ឬហៅងាយៗថា អាការងងឹតមុខខ្យល់គទូទៅ ដោយសារតែរាងកាយទ្រាំទ្រជាមួយនឹងសភាពបរិស្ថានជុំវិញខ្លួនលែងបាន ដោយមានមូលហេតុមកពីភាពតានតឹងធុញថប់ សម្រាកមិនបានគ្រប់គ្រាន់ ឈរ ឬអង្គុយយូរហួសហេតុពេក។ ចំណែកមួយក្រុមទៀតគឺ អាការងងឹតមុខដួលទាំងជំហរ បណ្ដាលមកពីរោគបេះដូង និងសរសៃឈាម ដូចជា អត្រាលោតរបស់បេះដូងខុសប្រក្រតី និងការណែនស្ទះរបស់សរសៃឈាមជាដើម។
មូលហេតុរបស់ការកើតខ្យល់គស្ទើរតែបាត់ស្មារតី ឬបាត់ស្មារតីតែម្ដង មានច្រើនដូចតទៅ ៖
1. សភាវភ្ញាក់ផ្អើល ឬខូចចិត្តខ្លាំងក្លា
2. ក្អក ឬកណ្ដាស់ខ្លាំងជ្រុលពេក
3. ខណៈឈរបត់ជើងតូច ឬក្រោយពេលបត់ជើងតូចរួច បន្ទាប់ពីទ្រាំមកយូរ
4. ហាត់ប្រាណខ្លាំងជ្រុលពេក
5. បន្ទាប់ពីទទួលទានអាហារច្រើនហួសហេតុ
6. រលាកសរសៃប្រសាទខួរក្បាល
7. កើតជំងឺខួរក្បាលចុះខ្សោយ
8. ជំងឺ ផារគិនសុន (នៅលើអ្នកខ្លះដែលមានប្រព័ន្ធប្រសាទអត្តនោម័តិខុសប្រក្រតីរួមជាមួយផង)
9. ជំងឺទឹកនោមផ្អែម (នៅលើអ្នកជំងឺដែលសរសៃប្រសាទត្រូវបំផ្លាញដោយសារទឹកនោមផ្អែម)
10. ដោយសារថ្នាំប្រភេទខ្លះ ដូចជាទទួលទានថ្នាំបញ្ចុះសម្ពាធឈាមច្រើនជ្រុលពេក
11. ទទួលទានស្រាច្រើនជ្រុលពេក
12. ចំណុចកំណើតអគ្គិសនីរបស់បេះដូងចុះខ្សោយ
13. បាត់បង់ឈាមច្រើន ឬបាត់បង់ជាតិទឹកអស់ពីរាងកាយច្រើនជ្រុលពេកដូចជា រាករូសធ្ងន់ធ្ងរ និងក្អួតចង្អោរខ្លាំងក្លា
14. សភាវបេះដូងលោតខុសចង្វាក់យ៉ាងខ្លាំងក្លា
15. រោគសាច់ដុំបេះដូងក្រាស់ខុសប្រក្រតី
16. សភាវជាតិស្ករនៅក្នុងឈាមទាប ឬខ្ពស់ជ្រុលពេក
វិធីប្រតិបត្តិនៅពេលកំពុងតែរកកលនឹងខ្យល់គបាត់ស្មារតី នៅពេលចាប់ផ្ដើមមានអាការ ចូរប្រញាប់រកកន្លែងសម្រាក ឬចាប់តោងអ្វីមួយទប់ខ្លួនឱ្យជាប់ និងតន្ត្រំជើង ដើម្បីឱ្យឈាមរត់ឆ្ពោះទៅបេះដូងបានច្រើនឡើង។ បើនៅតែមិនបានធូរស្រាល ចូរអង្គុយចុះ ហើយបើសិននៅតែមិនទាន់ធូរស្រាលទៀត ចូរគេងរាបនឹងដី ដើម្បីឱ្យឈាមហូរទៅចិញ្ចឹមខួរក្បាលបានច្រើនឡើង ព្រមទាំងអាចការពារការកើតខ្យល់គដួលទាំងជំហរបាន គឺអាចកាត់បន្ថយការកើតមានរបួសស្នាម បើសិនជាដួលបោកទៅដី ឬទៅបុក ឬប៉ះនឹងវត្ថុផ្សេងៗបានទៀតផង។
បើកំពុងបើកបររថយន្ត គួរតែចតរថយន្តភ្លាមហើយកាច់កៅអីទៅក្រោយឱ្យស្ថិតក្នុងឥរិយាបថគេងរាប។ បើស្ថិតនៅក្នុងរថយន្តដឹកអ្នកដំណើរគួររកកន្លែងអង្គុយ ឬគេងនៅក្នុងរថយន្តនោះហើយប្រញាប់ប្រាប់អ្នកជិតខាងថា ខ្លួនកំពុងរកកលខ្យល់គងងឹតមុខដួល។ មិនគួរប្រញាប់ចុះពីរថយន្តឡើយ ព្រោះអាចនឹងដួលបាត់ស្មារតីនៅត្រង់ជណ្ដើរចុះពីរថយន្ត នាំឱ្យកើតគ្រោះថ្នាក់បាន៕