
បើនិយាយពីសមត្ថភាពផ្លូវភេទចុះខ្សោយ គេជឿថា មានបុរសជាច្រើនបាននិងកំពុងជួបប្រទះនឹងបញ្ហាមួយនេះ ហើយក៏ព្យាយាមស្វែង-រកដំណោះស្រាយផងដែរ ប៉ុន្តែហាក់មិនមានលទ្ធផលសោះឡើយ រួមជាមួយនឹងការចង់ដឹងណាស់ថា តើមានដំណោះស្រាយល្អប្រសើរបែបណាទើបអាចឱ្យសកម្មភាពលើគ្រែរបស់ខ្លួនបានល្អប្រសើរបាន? ជាជំនួយ និងជាដំណោះស្រាយបឋម សូមសាកល្បងជាមួយនឹងការហាត់ប្រាណបែបងាយៗ ត្រូវតាមក្បួនដូចរៀបរាប់ជូនខាងក្រោមនេះ នោះលោកអ្នកនឹងទទួលបាននូវភាពល្អប្រសើរជាក់ជាមិនខាន។
1. លើកទម្ងន់ ៖ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណដូចជាការលើកទម្ងន់នឹងជួយបង្កើនកម្រិតអ័រម៉ូន Testosterone នៅក្នុងខ្លួន។ វាជួយបង្កើនកម្លាំងសាច់ដុំស្មា និងដើមទ្រូងឱ្យរឹងមាំ នឹងមានភាពរហ័សរហួនដែលមានលក្ខណៈល្អប្រសើរសម្រាប់សកម្មភាពផ្លូវភេទ។
2. ហែលទឹក ៖ ហែលទឹកក្នុងរយៈចម្ងាយឆ្ងាយយ៉ាងហោចណាស់30នាទីឱ្យបាន3ដងក្នុងមួយសប្ដាហ៍នឹងជួយឱ្យរាងកាយរឹងមាំ និងមានថាមពលកាន់តែខ្លាំង ឬអាចជួយសម្រកទម្ងន់ដែលមានសារសំខាន់សម្រាប់សមត្ថភាពផ្លូវភេទ។

3. ហាត់ប្រាណតាមក្បាច់យូហ្គា ៖ លំហាត់ប្រាណតាមក្បាច់យូហ្គានឹងជួយដល់សកម្មភាពផ្លូវភេទបានយ៉ាងល្អប្រសើរជាងមុន ដោយវាបានអនុញ្ញាតឱ្យរាងកាយរបស់អ្នកផ្លាស់ប្ដូរទៅកាន់ដំណាក់កាលថ្មីមួយយ៉ាងរស់រវើកសម្រាប់ផ្ដល់អារម្មណ៍ពេញចិត្តពេញថ្លើមជាអតិបរមានៅក្នុងប្រតិបត្តិការលើគ្រែ។ មួយវិញទៀតវាក៏អាចជួយជំរុញសាច់ដុំត្រគាកឱ្យរឹងមាំ និងធ្វើឱ្យមានថាមពលខ្លាំងក្លាសម្រាប់ក្នុងហេតុផលដូចគ្នានេះ។
4. ដើរឱ្យលឿន ៖ តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ដើរឱ្យលឿនជាប្រចាំនឹងជួយកាត់បន្ថយជំងឺងាប់លិង្គបានចំនួន30% ជួយជំរុញឱ្យចលនាឈាមក្នុងខ្លួនរត់បានស្រួល។ លំហាត់ប្រាណបែបនេះ ឬរត់យឺតៗក៏មានសារសំខាន់ផងដែរសម្រាប់ការពារជំងឺគាំងបេះដូង និងធ្វើឱ្យរាងកាយរឹងមាំដែលមានប្រយោជន៍បំផុតសម្រាប់សកម្មភាពផ្លូវភេទ។
5. ហាត់ប្រាណបញ្ឈប់ភាពឆាប់ចេញទឹកកាម ៖ វិធីសាស្ត្រហាត់ប្រាណមួយដែលហៅថា Kegels អាចជួយពន្យារពេលឆាប់បាញ់ទឹកកាមមុនពេលដល់ចំណុចកំពូល ដោយយកដៃសង្កត់ឱ្យណែន ឬប្រើកម្លាំងខ្ជឹបលើបំពងលំហូរទឹកនោមនៅផ្នែកខាងក្រោមនៃលិង្គរបស់បុរស។ ក្រោយមកអ្នកអាចធ្វើលំហាត់ប្រាណដោយយកដៃទៅសង្កត់កន្លែងខាងលើក្នុងពេលវេលាសមស្របណាមួយយ៉ាងហោចណាស់ឱ្យបាន10វិនាទី រួចសម្រាកមួយភ្លែត និងធ្វើឡើងវិញជាបន្តបន្ទាប់ជាប្រចាំ៕
