ការធ្វើឱ្យសម្រស់ស្រស់ស្អាតផូរផង់ គឺមានវិធីច្រើនបែបច្រើនយ៉ាងណាស់ ប៉ុន្តែមានចំណុចខ្លះដែលមិត្តនារីគួរយល់ដឹងបន្ថែមដើម្បីឱ្យសម្រស់កាន់តែស្រស់ស្អាតថ្វេដង។ ចំណុចដែលអ្នកគួរកត់សម្គាល់មានដូចជា ៖
1. ការម៉ាស្សានៅលើផ្ទៃមុខមុនពេលចូលគេង: វិធីនេះនឹងជួយធ្វើឱ្យអ្នកទទួលទានដំណេកបានលក់ស្រួល និងមានអារម្មណ៍ស្រស់ស្រាយពេលភ្ញាក់ពីដំណេកនាពេលព្រឹក។ អ្នកត្រូវយកចុងម្រាមដៃនាងរបស់អ្នកម៉ាស្សាជារង្វង់តូចៗ ចម្លោះចិញ្ចើម ចង្អូរច្រមុះ ចង្កា និងរង្វះមាត់។ បន្ទាប់មកត្រូវលាងមុខដោយទឹកក្តៅឧណ្ហៗ ហើយជូតមុខឱ្យស្ងួតថ្នមៗជាមួយនឹងកន្សែងដែលមានរោមទន់ៗជាការស្រេច។
2. ការប្រើប្រាស់ផលិតផលជំនួយស្បែកនៅពេលយប់: វាមិនគ្រាន់តែជួយដល់ស្បែកដែលទទួលរងនូវការប៉ះពាល់ពេញមួយថ្ងៃនោះទេ ប៉ុន្តែជាតិក្រែមនឹងជ្រាបចូលជ្រៅទៅក្នុងស្បែកជួយថែរក្សាស្បែក និងផ្តល់សំណើម ជួយបំប៉នស្បែក ធ្វើឱ្យស្បែកមុខរបស់អ្នកមានភាពទន់ល្មើយគួរឱ្យចង់ស្ទាបអង្អែល។ ការជ្រើសរើសប្រភេទ Night Cream ដែលត្រូវនឹងស្បែកមុខ នោះគឺគួរជ្រើសរើសប្រភេទ Night Cream ឱ្យត្រូវជាមួយនឹងសភាពស្បែករបស់អ្នក និងគួរប្រើកម្លាំងដៃថ្នមៗ លាបស្រាលៗ និងគួរប្រើក្រែមបែបស្តើង មិនគួរប្រើក្រែមច្រើនពេកនោះទេ ព្រោះវាមិនមានប្រយោជន៍នោះទេ នាំតែធ្វើឱ្យផ្ទៃមុខរបស់អ្នកឡើងខ្លាញ់រងើមនៅពេលព្រឹកប៉ុណ្ណោះ។
3. មិនគួរលាបម្សៅផាត់នៅមុនពេលចូលគេង: ការលាបម្សៅផាត់មុខមុនចូលគេង វាអាចបង្កឱ្យកើតការស្ទះរន្ធញើសលើផ្ទៃមុខ ហើយបើឡើងរលោង គួរតែកែបញ្ហានេះ ដោយការប្រើក្រដាសជូតផ្តិតយកជិតខ្លាញ់ចេញទើបល្អ។ យ៉ាងណាមិញ អ្នកត្រូវចងចាំថា មិនត្រូវទុកផ្ទៃមុខដែលមានម្សៅផាត់ ឬ Makeup ហើយចូលគេងនោះទេ ត្រូវលាងមុខជាមុនសិនទើបជាការប្រសើរ។
4. ទម្លាប់គេងផ្ងារជាទម្លាប់ល្អចំពោះស្បែកមុខ: នេះគឺជាគន្លឹះអាថ៌កំបាំងមួយដែលធ្វើឱ្យស្បែកមុខមើលទៅក្មេងជាងវ័យរបស់ជនជាតិចិន ប៉ុន្តែប្រសិនបើអ្នកមិនទម្លាប់ ហើយចូលចិត្តគេងផ្អៀង អ្នកត្រូវប្តូរស្រោមខ្នើយពីស្រោមខ្នើយដែលប្រើក្រណាត់ធម្មតាមកជាក្រណាត់សូត្រ ឬក្រណាត់សាទីនវិញ ព្រោះវាមានភាពរអិល ហើយភាពរលោង និងរអិលនៃសាច់ក្រណាត់សូត្រនេះនឹងមិនធ្វើឱ្យកើតស្នាមនៅលើផ្ទៃមុខរបស់អ្នក ដែលជាហេតុបង្កឱ្យកើតស្នាកស្នាម និងជ្រួញនៅលើផ្ទៃមុខថែមទៀតផង។
5. កន្លែងគេងមានអនាម័យ: នៅក្នុងកន្លែងគេងរបស់អ្នក អ្នកគួរសម្អាតឱ្យស្អាត និងមានអនាម័យល្អ ប្រសិនបើអ្នកមិនបានធ្វើការសម្អាតឱ្យបានញឹកញាប់ទេនោះ ស្បែករបស់អ្នកនឹងប៉ះជាមួយនឹងវត្ថុកខ្វក់ទាំងនោះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែកមុខរបស់អ្នកដូចជា ធ្វើឱ្យស្បែកមុខចុះខ្សោយ ឆាប់ប្រតិកម្ម និងកើតមុនជាដើម។ ដូច្នេះអ្នកគួរមានអនាម័យជាប់ជានិច្ច ដោយធ្វើការសម្អាតបន្ទប់គេងរបស់អ្នកឱ្យបានស្អាត មិនឱ្យមានធូលីដី និងគួរបើកបង្អួតឱ្យខ្យល់ចេញចូលនៅក្នុងបន្ទប់គេងគ្រប់គ្រាន់ ដើម្បីឱ្យបរិយាកាសនៅក្នុងបន្ទប់គេងមានសភាពស្រស់ស្រាយគួរឱ្យចង់គេងសម្រាក។
6. ការប្រើម៉ាសក្លាស្សេត្រជាក់ៗបិទភ្នែក: អ្នកអាចប្រើម៉ាសបិទភ្នែក ដែលមានលក់នៅលើទីផ្សារ ដោយគ្រាន់តែយកម៉ាសទាំងនោះទៅក្លាស្សេនៅក្នុងទូទឹកកក រួចយកមកបិទផ្អាប់ទុកនៅលើត្របកភ្នែករបស់អ្នករយៈពេល15នាទី ឬលើសនេះបន្តិចបន្តួចក៏បាន។ ប្រសិនបើអ្នកមិនមានម៉ាសទេនោះ អ្នកក៏អាចប្រើបន្ទះសំឡីជ្រលក់ទឹកតែយកមកបិទនៅលើត្របកភ្នែកក៏បានមុនពេលអ្នកចូលគេង។ការធ្វើបែបនេះអាចជួយកាត់បន្ថយអាការហើមក្រោមភ្នែក និងធ្វើឱ្យភ្នែករបស់អ្នកមានសភាពស្រស់ថ្លានៅពេលភ្ញាក់ពីគេងនាពេលព្រឹក។
7. មិនត្រូវទទួលទានទឹកច្រើននៅមុនពេលចូលគេងឡើយ: ការទទួលទានទឹកច្រើនពេកនៅមុនពេលចូលគេង អាចធ្វើឱ្យអ្នកពិបាកគេង និងត្រូវចូលបន្ទប់ទឹកជាញឹកញាប់។ ក្រៅពីមិនត្រូវទទួលទានទឹកច្រើនហើយនោះ នៅពេលចូលគេងអ្នកគួរតែជ្រើសរើសប្រើខ្នើយកើយដែលមានរាងខ្ពស់បន្តិច ដើម្បីការពារអង្គធាតុរាវហូរទៅផ្តុំគ្នានៅលើផ្ទៃមុខរបស់អ្នក ដែលជាហេតុធ្វើឱ្យមុខរបស់អ្នកកើតមានអាការហើមស្ពុលនៅពេលភ្ញាក់ពីគេងថែមទៀតផង។
8. ហាត់ធ្វើសមាធិរយៈពេល10នាទីមុនពេលចូលគេង: ការធ្វើសមាធិអាចជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ និងធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ល្អ។ នៅពេលដែលអ្នកគេងលក់ល្អ អារម្មណ៍របស់អ្នកក៏ស្រស់ថ្លា នោះរាងកាយ និងស្បែករបស់អ្នកក៏មានសភាពស្រស់ស្រាយល្អទៅតាមនោះដែរ។
9. ការធ្វើចលនារាងកាយរហ័សរហួននៅពេលព្រឹក: នៅពេលភ្ញាក់ពីគេង អ្នកគួរតែចេញទៅឈរពត់សរសៃសរសូង ទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទៅស្រូបយកពន្លឺថ្ងៃនាពេលព្រឹកព្រលឹម នឹងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់បស់ល្អ ដើម្បីត្រៀមជាស្រេចក្នុងការបំពេញការងារផ្សេងៗពេញមួយថ្ងៃបានយ៉ាងល្អប្រសើរ៕