
មួយក្នុងចំណោមភាពរីករាយរបស់មនុស្សយើងមិនថានារី ឬបុរសនោះទេ ភាពស្រស់ស្អាតគឺសំខាន់ជាងគេ។ នៅពេលអ្នកជាមនុស្សម្នាក់ដែលបានស្ពាយភាពស្រស់ស្អាតមកជាប់ខ្លួន ឬអ្នកបានស្ពាយភាពទាក់ទាញមកតាម គឺមិនមានបញ្ហានោះទេ គ្រាន់តែអ្នកថែរក្សាឱ្យបានល្អទៅបានហើយ។ ហេតុដូច្នេះការពិនិត្យព្យាបាល និងការពារគ្រប់បែបយ៉ាងដែលអ្នកមាននេះឱ្យបានល្អបំផុតនោះ គឺជាទង្វើដ៏គាប់ប្រសើរសម្រាប់អ្នកដែលស្រឡាញ់ភាពស្រស់ស្អាតដូចជារូបអ្នក។ ដូច្នេះបើចង់បានភាពស្រស់ស្អាតជាទីគាប់ចិត្ត តើអ្នកត្រូវពិនិត្យមើលលើអ្វីខ្លះ?
មើលផ្ទៃមុខ: បើមានមុនត្រូវតែព្យាបាលហើយបើទោះជាមិនទាន់កើតក៏ត្រូវតែចេះការពារទុកជាមុនដែរ។ ទោះជិតចូលដល់រដូវវស្សាហើយក៏ដោយ ក៏អាកាសធាតុនៅតែក្តៅដដែល ដូច្នេះរឿងល្អបំផុតគឺអ្នកត្រូវតែឆ្លាតវៃនៅក្នុងការថែរក្សា។
បែកញើស: បើកញើសច្រើនពេកក៏មិនល្អដែរវាអាចធ្វើឱ្យមានក្លិនមិនល្អ ស្រួលមិនស្រួលនឹងធ្វើឱ្យកើតមុនទៀតផង ដូច្នេះអ្នកគួរតែលាងសម្អាតញើសនោះចេញឱ្យបានស្អាតគ្រប់ពេល។ រឿងមួយទៀតដែលអ្នកអាចធ្វើដើម្បីកាត់បន្ថយការបញ្ចេញញើសនោះគឺការជ្រើសរើសសម្លៀកបំពាក់ណាដែលរលុងអាចឱ្យស្បែកដកដង្ហើមបានហើយជាប្រភេទក្រណាត់ផលិតពីសំលីកប្បាស។

ជូតមុខ: នៅមិនសុខ ដៃចេះតែរពិស បន្តិចជូតៗ នេះហើយដែលធ្វើឱ្យមុខមានបញ្ហា។ កាន់តែជូតជាតិទឹកនៅលើស្បែកមុខចេញកាន់តែធ្វើឱ្យស្បែកមុខបាត់បង់ជាតិទឹកប៉ុណ្ណោះដែរ ហើយពេលដែលស្បែកបាត់បង់ជាតិទឹក អ្នកក៏មិនអាចរកពាក្យថាស្រស់ស្អាតដាក់លើផ្ទៃមុខរបស់អ្នកបានដែរ។
ត្រូវតែស្អាតតាំងពីខាងក្នុងមក: សម្អាតពីខាងក្រៅតែម្យ៉ាងមិនគ្រប់គ្រាន់នោះទេ តែវាក៏តម្រូវឱ្យអ្នកសម្អាត និងបំពេញគ្រប់យ៉ាងឱ្យបានល្អតាំងពីខាងក្នុងមកផងដែរ។ ការទទួលទានទឹក បន្លែ ផ្លែឈើ ឬទឹកផ្លែឈើស្រស់ ត្រូវបានទុកថាជាការផ្តល់នូវភាពស្រស់ស្អាតឱ្យរាងកាយតាំងពីខាងក្នុងមក។
សំណើម: មិនថាអ្នកកំពុងស្ថិតនៅក្នុងលក្ខខណ្ឌនៃអាកាសធាតុបែបណានោះទេ សំណើមនៅតែជាតម្រូវការដ៏ចាំបាច់សម្រាប់ការថែរក្សាស្បែកឱ្យមើលទៅស្រស់ថ្លា។ ទឹក អាហារ និងផលិតផលផ្តល់សំណើមដល់ស្បែកសុទ្ធតែជាធនធាននៃសំណើមដែលអ្នកអាចប្រើដើម្បីផ្តល់សំណើមដល់ស្បែករបស់អ្នកឱ្យនៅតែស្រស់ស្អាតជានិច្ច។
ហាត់ប្រាណ: ពេលល្ងាច និងពេលព្រឹកព្រលឹមជាពេលវេលាដ៏ល្អបំផុតក្នុងការហាត់ប្រាណ ព្រោះក្នុងអំឡុងពេលនេះអាកាសធាតុមិនសូវក្តៅ និងមិនសូវបែកញើសខ្លាំងឡើយ ហើយក៏មិនបារម្ភខ្លាចស្បែកត្រូវបំផ្លាញដោយកម្តៅថ្ងៃផងដែរ។
ធុញថប់ តានតឹងៈ មិនសប្បាយចិត្ត ធុញថប់ មិនបានផ្តល់នូវផលល្អដល់អ្នកនោះទេ គឺមានតែធ្វើឱ្យមុខរបស់អ្នកឡើងជ្រីវជ្រួញ ស្បែកក៏មិនស្រស់ស្អាត ឬអាចនឹងកើតមុនតែប៉ុណ្ណោះ ហេតុនេះល្អបំផុតគឺអ្នកគួរធ្វើចិត្តឱ្យបានសប្បាយជាប់ជានិច្ច ដើម្បីថែរក្សាសម្រស់របស់អ្នកឱ្យនៅតែក្មេងជាងវិញ និងស្រស់ស្អាតគួរជាទីគាប់ចិត្ត៕
