បន្ទាប់ពីបានសប្បាយរីករាយនៅក្នុងថ្ងៃមហាសង្ក្រាន្ដឆ្នាំថ្មីរយៈពេល3ថ្ងៃ-4ថ្ងៃមក ពិតប្រាកដណាស់ រឿងដំបូងដែលសុភាពនារី-សុភាពបុរសយើងនឹកព្រួយបារម្ភបំផុតនោះគឺ សភាពស្បែកមុខ និងស្បែកដងខ្លួន ដែលខ្មៅខ្លោចដោយសារកម្ដៅថ្ងៃដ៏សែនក្ដៅ ព្រោះថាទាំងទទឹក ទាំងថ្ងៃក្ដៅ និងម្សៅផងនោះ ទោះបីជាស្បែករបស់អ្នកស្រស់ស្អាតប៉ុនណាក៏ដោយក៏ទ្រទ្រង់មិនរួចដែរ។ ដូច្នេះហើយ នៅថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន សូមណែនាំពីគន្លឹះទាំង5 ដែលជួយសាងនូវភាពស្រស់ស្អាតចំពោះស្បែកមុខរបស់អ្នក ឱ្យត្រឡប់មករកសភាពដូចដើមវិញដូចខាងក្រោមនេះ។
1. ហាមចេញត្រូវកម្ដៅថ្ងៃមួយរយៈពេល
កម្ដៅថ្ងៃនេះហើយដែលគួរឱ្យប្រយ័ត្នខ្លាំងបំផុត វាធ្វើឱ្យស្បែករបស់អ្នកខូចបានដោយងាយ ព្រោះថាបន្ទាប់ពីបានធ្វើដំណើរកម្សាន្ដក្នុងថ្ងៃចូលឆ្នាំថ្មីហើយមក អ្នកគួរតែប្រយ័ត្នរឿងចេញទៅខាងក្រៅត្រូវកម្ដៅថ្ងៃខ្លាំងបន្តិច។ ប្រសិនបើចាំបាច់បំផុតនោះ អ្នកត្រូវតែប្រើប្រាស់ក្រែមលាបការពារកម្ដៅថ្ងៃឱ្យបាន2-3ជាន់ ហើយត្រូវពាក់មួកផងដែរ ព្រោះវាអាចជួយការពារស្បែកដែលខូចហើយនោះ មិនឱ្យវាកាន់តែខូចជាងនេះទៅទៀត។
2. ផ្អាកប្រើប្រាស់គ្រឿងសម្អាងផាត់មុខមួយរយៈពេលសិន
នារីៗភាគច្រើនច្បាស់ជានិយមប្រើគ្រឿងសម្អាងតុបតែងមុខពេលចេញទៅធ្វើការ ទៅសាលារៀន ឬចេញទៅខាងក្រៅ ក៏ប៉ុន្ដែដោយសារតែស្បែករបស់អ្នកបានទទួលរងនូវការខូច-ខាតដោយសារកម្ដៅថ្ងៃហើយនោះ សូមអ្នកកុំប្រញាប់ប្រើប្រាស់គ្រឿងសម្អាងដើម្បីបិទបាំងស្បែកមុខរបស់អ្នកឱ្យសោះ យ៉ាងហោចណាស់ក៏គួរតែផ្អាកប្រើប្រាស់ក្នុងរយៈពេលពី1-2 អាទិត្យសិន ព្រោះថាដើម្បីពន្យារពេលឱ្យស្បែកមុខបានដុះកោសិកាថ្មី និងគួរតែប្ដូរមកប្រើប្រាស់ផលិតផលដែលជួយបណ្ដុះកោសិកាស្បែក ឬបំប៉នស្បែកមុខវិញទើបជាការប្រសើរ។
3. ប្រើគ្រីមបំប៉នស្បែកមុខជាប្រចាំ
ក្រៅពីការថែរក្សាស្បែកមុខឱ្យមានភាពស្រស់ស្អាតហើយ ការលាបគ្រីមបំប៉នស្បែកមុខ ក៏ជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងការជួយឱ្យស្បែកវិលមករកសភាពដើមវិញបានយ៉ាងឆាប់រហ័សផងដែរ។ យកល្អ ខណៈដែលអ្នកលាបគ្រីមនៅលើស្បែកមុខហើយ អ្នកគួរតែប្រើម្រាមដៃម៉ាស្សាថ្នមៗនៅលើស្បែកមុខរបស់អ្នកដើម្បីឱ្យកោសិកាស្បែករបស់អ្នករស់ឡើងវិញ។
4. ធ្វើម៉ាសសម្រាប់បិទមុខជាប្រចាំថ្ងៃ
មាននារីៗជាច្រើនមិនសូវជាចូលចិត្តលាបក្រែម ឬលាបម្សៅលាបមុខមុនពេលចូលគេងនោះទេ ដូច្នេះហើយ អ្នកគួរតែរកម៉ាសបិទមុខមកជំនួបក្រែមលាបមុខ ដែលវាអាចជួយព្យាបាលស្បែកមុខដែលខូចនោះឱ្យមានភាពល្អប្រសើរឡើងវិញ។ ការបិទម៉ាសនៅលើស្បែកមុខ ក៏ជាវិធីសាស្រ្តក្នុងការបន្ថែមវីតាមីនឱ្យស្បែកមុខបានយ៉ាងល្អប្រសើរផងដែរ។ យ៉ាងណាមិញ អ្នកគួរតែជ្រើសរើសម៉ាសបិទមុខណាដែលសម្បូរទៅដោយវីតាមីន E វីតាមីន C និងវីតាមីន B3 ឱ្យបានច្រើន។ ចំណុចមួយទៀត ដើម្បីចំណេញថវិកាបានមួយផ្នែក អ្នកអាចប្រើទឹកដោះគោស្រស់មកធ្វើជាម៉ាសបិទមុខក៏បានដែរ។
5. ទទួលទានបន្លែ ផ្លែឈើ និងទឹកឱ្យបាន
ច្រើននេះក៏ជាវិធីសាស្ត្រមួយទៀតដែលជួយឱ្យស្បែកមុខរបស់អ្នកត្រឡប់មកមានសំណើមដូចមុនដែរ គឺការទទួលទានបន្លែ ផ្លែឈើ និងទឹកឱ្យបានច្រើន។ ខណៈបរិមាណសារធាតុសរសៃនៅក្នុងរបបអាហារត្រូវបានថយចុះនោះ ហានិភ័យដែលបណ្តាលឱ្យកើតមានជំងឺរលាកផ្សេងៗក៏នឹងកើនឡើងផងដែរ។ ដូច្នេះ របបអាហារទទួលទានដែលសម្បូរដោយសារធាតុសរសៃមិនត្រឹមតែអាចទប់ស្កាត់ការរលាកតែប៉ុណ្ណោះទេ តែវាក៏ជួយក្នុងការព្យាបាលស្បែកមុខដែលរលាកដោយកម្ដៅថ្ងៃឱ្យមានជីវិត និងស្រស់បំព្រងឡើងវិញបានផងដែរ។
ដូច្នេះសូមសាកល្បងតាមវិធីសាស្ត្រខាងលើនេះ ដើម្បីឱ្យស្បែកមុខរបស់អ្នកត្រឡប់មករកសភាពស្រស់ស្អាត និងភ្លឺថ្លាឡើងវិញយ៉ាងឆាប់រហ័សទាន់ចិត្ត៕