ការសាក់ស្បែកទៅតាមភាពពេញនិយម ឬតាមអបិយជំនឿរបស់បុគ្គល រមែងទទួលបានផលល្អ និងផលអាក្រក់ដែលអាចកើតឡើង។ ដូច្នេះសូមមកស្វែងយល់ពីគ្រោះថ្នាក់អាក្រក់ ដែលកើតឡើងពីការចាក់សាក់ ដែលមានដូចជា អាចឆ្លងមេរោគរលាកថ្លើមប្រភេទB ជំងឺឃ្លង់ និងជំងឺអេដស៍ជាដើម តែបើចង់កាន់តែច្បាស់ទៀតនោះសូមតាមដានជាមួយនឹងអត្ថបទលម្អិតដូចខាងក្រោមនេះ ៖
លោកគ្រូពេទ្យជំនាញខាងសុខភាពស្បែកបានប្រាប់ឱ្យដឹងថា ការសាក់ស្បែកជារូបភាព ឬជាខ្សែគូសវាសដែលមើលទៅមានក្បាច់ស្រស់ស្អាតដូចជា រូបខ្លា រូបផ្កា រូបអាថ័នអាគម ដែលកំពុងតែមានភាពពេញនិយម ហើយមានសាក់ពណ៌ខ្មៅ លើកលែងតែសាក់រូបភាពផ្សេងៗដែលមានពណ៌ចម្រុះដូចជា ពណ៌ខៀវ ក្រហម លឿង បៃតង ដើម្បីឱ្យមានភាពស្រស់ស្អាតនៅក្នុងការសាក់។ ការសាក់ស្បែកអាចធ្វើឱ្យឆ្លងនូវវីរុសរោគផ្សេងៗដែលគួរតែប្រយ័ត្នឱ្យមែនទែនព្រោះគ្រោះថ្នាក់ដែលបង្កដោយទឹកថ្នាំពណ៌ដែលយកមកសាក់នៅលើស្បែក នឹងធ្វើឱ្យស្បែកកើតមានការប្រតិកម្ម បណ្ដាលឱ្យស្បែកឡើងអាលែកហ្ស៊ី ហើយមានកន្ទួលពងក្រហមៗនៅលើស្បែក។ លើសពីនេះទៅទៀត វាក៏បង្កឱ្យមានភាពរមាស់នៅនឹងស្បែកក្បែរកន្លែងដែលមានស្នាមសាក់ប្រសិនបើមិនបានព្យាបាល ឬបើនៅតែបណ្ដែតបណ្ដោយយូរ អាចធ្វើឱ្យស្បែករោលកាន់តែខ្លាំងឡើងបាន។
ក្រៅពីនេះ ខណៈពេលដែលស្បែកត្រូវកម្ដៅថ្ងៃក្នុងរយៈពេលយូរ ឬជាញឹកញយ អាចបណ្ដាលឱ្យអ្នកកើតមានបញ្ហាស្បែកដូចជា កើតភ្លឺ ដែលអាចមើលឃើញថា ស្បែកកើតមានស្នាមសៗភ្លឺនៅត្រង់បរិវេណមានស្នាមសាក់ និងការចាក់សាក់ស្បែក បានហុចផលអាក្រក់ដូចជា ការឆ្លងមេរោគរលាកថ្លើមប្រភេទB រោគរបេង រោគឃ្លង់ និងឆ្លងជំងឺអេដស៍ជាដើម ដោយសារតែការប្រើម្ជុលសាក់ដែលមិនមានអនាម័យ មិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ ឬការប្រើប្រាស់ម្ជុលសាក់រួមគ្នាជាដើម។
លោកគ្រូពេទ្យជំនាញខាងសុខភាពស្បែកក៏បានបញ្ជាក់បន្ថែមទៀតថា មុនពេលសម្រេចចិត្តចាក់សាក់នៅលើស្បែក អ្នកគួរតែពិចារណាចំពោះផលល្អ និងផលអាក្រក់ ដែលអាចកើតឡើងពីការចាក់សាក់ដូចពោលខាងលើជាមុនសិន ហើយត្រូវស្វែងរកព័ត៌មានលម្អិតពីកន្លែងចាក់សាក់ដែលមានអនាម័យត្រឹមត្រូវ និងមានជំនាញច្បាស់លាស់ រួមមានបច្ចេកទេសច្បាស់លាស់ដែលអាចទុកចិត្តបានមុនពេលធ្វើការសាក់ព្រោះថា នៅពេលដែលអ្នកសាក់នៅលើស្បែកហើយនោះ ហើយបើអ្នកមានអារម្មណ៍ចង់លុបសាក់ ឬមិនចូលចិត្តរូបសាក់ដែលបានសាក់រួចនោះ គឺនាំឱ្យមានបញ្ហា ឬពិបាកសាក់ម្តងហើយសាក់ម្តងទៀត នាំឱ្យឈឺសាច់ច្រើនដង ឬអាចមានបញ្ហាដល់សុខភាពស្បែក និងសុខភាពរាងកាយទៀតក៏អាចថាបានដែរ។ ស្បែកដែលបានសាក់រួចហើយ មិនអាចត្រឡប់មកមានសភាពដើមវិញបានទេ ដូច្នេះអ្នកគួរតែថែរក្សាស្បែកឱ្យបានល្អទើបជារឿងត្រឹមត្រូវ។ អ្នកគប្បីទៅពិនិត្យសុខភាពស្បែកឱ្យបានច្រើនដងទើបល្អ ព្រោះការលុបស្នាមសាក់នៅលើស្បែកដោយកាំរស្មីឡាស៊ែរ ក៏អាចបង្កឱ្យមានផ្លែសាច់ ដែលត្រូវបានហៅថា“Keloid” ជាផ្លែសាច់ដែលមានដំបៅ ហើយត្រូវចំណាយពេលព្យាបាល និងចំណាយអស់ថវិកាកាន់តែច្រើនថែមទៀតផងដែរ ឬអាចមានបញ្ហារហូតឈានដល់ការកើតមានជំងឺមហារីកស្បែកថែមទៀតផង៕