អ្នកណាៗក៏ចង់គេចឱ្យផុតពីបញ្ហាមួយចំនួនដែលមាននៅលើបបូរមាត់ដូចជា បបូរមាត់ខ្មៅក្រៀម ស្រអាប់មិនរលោងស្រស់ស្អាត មានសភាពគ្រើមជាដើម។ តើមានវិធីការពារបបូរមាត់ពីបញ្ហាអស់ទាំងនេះដែរឬទេ? ពិតជាមាន! ហើយថែមទាំងមិនពិបាកទៀតផង បើអ្នកអនុវត្តបានតាមវិធីតូចតាចអស់ទាំងនេះឱ្យបានជាប់លាប់នោះ ធានាថាមិនយូរទេ ក្តីបារម្ភបែបនេះនឹងត្រូវរត់ទៅឈរនៅជួរក្រោយបំផុតមិនខានឡើយ។ តោះ! មកមើលបន្តិចមើល៍ថា ត្រូវធ្វើដូចម្តេចខ្លះ?
ប្រទាលកន្ទុយក្រពើ ម្សៅទឹកដោះគោ ទឹកក្រូចឆ្មារ ទឹកឃ្មុំ ប្រេងអាល់ម៉ុន ទឹកដំឡូងបារាំងឆៅ រួមទាំងសារធាតុផ្សំមួយចំនួនទៀត ដើម្បីភាពស្រស់ស្រាយ ទន់រលោង កាត់បន្ថយភាពខ្មៅស្រអាប់ បន្ថែមពណ៌ផ្កាឈូកដល់បបូរមាត់។
• សម្រាប់ការអនុវត្តជាមួយនឹងប្រទាលកន្ទុយក្រពើវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា ចាញ់ក្លិនរបស់វាបន្តិច ប៉ុន្តែមិនបាច់បារម្ភខ្លាចវាប៉ះពាល់អ្វីឡើយ ផ្ទុយមកវិញវានឹងធ្វើឱ្យបបូរមាត់ខ្មៅក្រៀមរបស់អ្នកប្រែមកជាស្រស់ស្រាយជាងមុនជាមិនខាន។ ងាយបំផុតគ្រាន់តែយកប្រទាលកន្ទុយក្រពើស្រស់ៗកាត់វាជាកំណាត់ រូចយកវាមកលាបលើបបូរមាត់របស់អ្នកឱ្យបានញឹកញាប់ជាការស្រេច។
• បើអ្នកមិនចូលចិត្តប្រទាលប្រភេទនេះទេសូមក្រឡេកមើលវិធីមួយទៀតដែលអាចឱ្យអ្នកអនុវត្តបាននោះគឺ ការលាយចូលគ្នានៃម្សៅទឹកដោះគោ ទឹកក្រូចឆ្មារ ទឹកឃ្មុំ និងប្រេងអាល់ម៉ុន (ប្រើក្នុងបរិមាណស្មើគ្នា) មកបំពោកលើបបូរមាត់។ ទុកវាចោលបែបនេះ ឱ្យបានយូរតាមដែលអ្នកអាចធ្វើបាន ហើយធ្វើវាឱ្យបានពីរដងក្នុងមួយថ្ងៃ។
• កាន់តែពិសេស និងងាយស្រួលជាងនេះទៀតដែលអ្នកមិនទាន់ដឹងនោះគឺ ទឹកដំឡូងបារាំងឆៅ ក៏មានសមត្ថភាពក្នុងការព្យាបាលបបូរមាត់ដែលមានពណ៌ខ្មៅបានដែរ។
• ចំណែកឯសកម្មភាពមួយចំនួនទៀតដែលអាចចាត់ទុកថា ជាការជួយឱ្យបបូរមាត់មានសភាពល្អស្អាតដែរនោះ រួមមានដូចជា ការសម្អាតបបូរមាត់អ្នកជារៀងរាល់យប់ឱ្យបានស្អាតជាមួយទឹកត្រជាក់មុនពេលចូលគេង ដើម្បីកម្ចាត់ភាពកខ្វក់ទាំងឡាយ មើមឆៃថាវ ម្សៅរមៀតជាមួយម្សៅទឹកដោះគោ ដាក់ស្ករសបន្តិចលើក្រូចឆ្មារមួយចំណិត ហើយត្រដុសថ្នមៗលើបបូរមាត់ សុទ្ធតែជាគន្លឹះនៃការព្យាបាលបបូរមាត់ដែលមានបញ្ហាបានយ៉ាងមានប្រសិទ្ធភាព៕