បន្ទាប់ពីវិស្សមកាលរួចហើយ ក្មេងៗក៏ត្រូវត្រឡប់មកសាលារៀនជាថ្មីម្ដងទៀត តែនៅពេលខ្លះ ពួកគេទៅរៀនមិនបានប៉ុន្មានថ្ងៃផង ពេលពួកគេត្រឡប់មកផ្ទះវិញក៏មានហៀរសំបោរ ក្អក និងមានជំងឺឆ្លងជាប់មកតាមខ្លួនបាត់ទៅហើយ។ គេបានរកឃើញថា នៅក្នុងសាលារៀនអាចនឹងកើតមានជំងឺឆ្លងជាច្រើន និងតាមមូលហេតុដូចខាងក្រោមនេះ ៖
ជំងឺឆ្លងនៅលើស្បែក
• ជំងឺអុតស្វាយ ៖ តែងតែជួបប្រទះជាញឹកញាប់ចំពោះក្មេងអាយុ2-8ឆ្នាំ ក្មេងមានកម្ដៅខ្លួនក្ដៅតិចៗ មានឡើងក្រាកន្ទួលក្រហម ក្រោយមកទៀត វានឹងក្លាយជាពងបែក មានទឹករងៃ និងខ្ទុះរួចវាក៏ក្លាយជាដំបៅដែលមានភាពស្រដៀងទៅនឹងបូស ហើយក្រៀមស្នាមពាសពេញស្បែក។
• ជំងឺពងបែកមាត់ ដៃ និងជើង ៖ ភាគច្រើនតែងជួបប្រទះជំងឺនេះកើតលើក្មេងអាយុ5ឆ្នាំ ដែលមានអាការគ្រុនក្ដៅ ក្អក ហៀរសំបោរ មានឡើងពងកន្ទួលលើបាតដៃ ហើយមានកន្ទួលក្រហមៗមានពងបែកទឹក នៅលើបរិវេណដៃ ជើង និងមាត់ រហូតដល់មានពងបែកនៅលើអណ្ដាតថែមទៀតផង។
ការឆ្លងរោគតាមផ្លូវរំលាយអាហារ
• ជំងឺរាករូស ៖ គឺបណ្តាលមកពីការបរិភោគអាហារមិនស្អាត ភេសជ្ជៈមិនស្អាត និងបណ្ដាលមកពីការចាប់កាន់របស់ដែលមានមេរោគយ៉ាងប្រឡាក់ប្រឡូក ហើយទទួលទានអាហារដែលមានមេរោគនោះចូលទៅក្នុងពោះ។ ក្មេងដែលមានអាការរាករូសខ្លាំងភាគច្រើន រាកក្នុងមួយថ្ងៃ 2ដងឡើងទៅ (អាស្រ័យលើភាពធន់ ឬស្រាលនៃអាការរោគ និងបរិមាណនៃការទទួលទានអាហារដែលមានមេរោគ) ហើយមានលាមករ៉ាវ ឬលាមកដូចសំបោរជាដើម។
• មេរោគរ៉ូតា ៖ វាបណ្តាលមកពីការប៉ះពាល់តុកៅអីកខ្វក់ ជាពិសេស កម្រាលអង្គុយ និងប្រដាប់លេងក្មេងៗដែលកខ្វក់។ នៅពេលដែលបានឆ្លងមេរោគនេះហើយ នឹងមានអាការក្អួតចង្អោរ 2-3ថ្ងៃដំបូង ហើយមានអាការរាកញឹកញាប់ អាចនឹងរាកប្រមាណជា3-8ដងក្នុងមួយថ្ងៃ ព្រមទាំងមានអាការក្ដៅខ្លួន និងក្អកមិនឈប់ផងដែរ។
• វីរុសណារ៉ូ ៖ វីរុសនេះអាចបណ្ដាលឱ្យមានអាការចុកឆ្អល់ ចង់ក្អួត ច្រាលក្រពះ ឈឺពោះ និងមានអាការឈឺចុកចាប់ពេញដងខ្លួន និងមានកម្ដៅខ្លួនក្ដៅតិច។ មេរោគនេះងាយនឹងឆ្លងណាស់ បន្ទាប់ពីក្មេងធ្វើការជូតសំបោរ ទឹកមាត់ និងកំហាកដែលជាប់មកតាមដៃដែលមិនស្អាត។ មេរោគនេះនឹងទៅតោងជាន់នឹងរបស់លេង និងរបស់ផ្សេងៗ ហើយនឹងឆ្លងទៅក្មេងផ្សេងៗបានយ៉ាងលឿន នៅពេលពួកគេបានចាប់កាន់ និងប៉ះរបស់លេង និងរបស់ផ្សេងៗ ដែលមានមេរោគណារ៉ូ។
ជំងឺផ្លូវដង្ហើម
ជំងឺនេះតែងតែជួបប្រទះនៅក្នុងក្រុមក្មេងតូចៗ ហើយជួបជាញឹកញាប់គឺ :
• ជំងឺផ្ដាសាយ និងគ្រុនផ្ដាសាយធំ ៖ កើតចេញពីការសម្រាកមិនគ្រប់គ្រាន់ សីតុណ្ហភាពនៅក្នុងរាងកាយធ្លាក់កម្ដៅ វីរុសងាយធ្វើការលុកលុយ ដែលអាចបណ្ដាលឱ្យក្មេងងាយនឹងរលាកសួតផងដែរ។
ជំងឺដែលឆ្លងនៅលើភ្នែក
• ភ្នែកក្រហម ៖ អាចឆ្លងបានតាមរយៈការចាប់កាន់ ឬប្រើប្រាស់របស់រួមគ្នា ហើយភាគច្រើនក្មេងៗ និងមានអាការភ្នែកឡើងក្រហម ហើមភ្នែក និងមានហូរទឹកភ្នែកច្រើនជាដើម។
វិធីការពារ និងវិធីមើលថែទាំកូនៗ
ការចាក់ថ្នាំ ឬវ៉ាក់សាំងការពារ វានឹងជួយការពារជំងឺមួយចំនួនបាន ព្រមទាំងជួយកាត់បន្ថយភាពធ្ងន់ធ្ងររបស់អាការជំងឺ និងជួយបន្ថយរយៈពេលឈឺស្កាត់ថែមទៀតផង។ បន្ទាប់ពីចេញពីសាលារៀន លោកអ្នកគួរណែនាំឱ្យកូនៗសម្អាតរាងកាយ ងូតទឹកឱ្យបានស្អាត ឧស្សាហ៍លាងដៃគ្រប់ពេលវេលា និងជាពិសេសមុនពេលចាប់កាន់អាហារញ៉ាំ ហើយត្រូវឱ្យកូនៗសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យកូនមានសុខភាពល្អនោះកូនៗរបស់លោកអ្នកនឹងមិនងាយឈឺថ្កាត់នៅពេលទៅសាលារៀនឡើយ៕