សព្វថ្ងៃនេះ គឺជាសម័យនៃការរស់នៅក្នុងពិភពលោកដ៏ទំនើប ហើយប្រហែលមិនខុសទេបើយើងនិយាយថា វាជាសម័យកាលមួយដែលមនុស្សជាច្រើនចង់សម្តែង និងបង្អួតភាពស្រស់ស្អាតដែលខ្លួនមានឱ្យទៅអ្នកដទៃបានឃើញ។ ទោះយ៉ាងណា ពាក្យចាស់បានពោលថា “មនុស្សយើងមិនអាចមានអ្នកណាល្អគ្រប់ទាំង10នោះទេ”។ បើទោះជាយ៉ាងណាក៏យើងគ្រប់គ្នា ជាពិសេសនារីៗទាំងឡាយតែងតែប្រាថ្នាចង់បាននូវរូបសម្រស់ដែលជាទីទាក់ទាញបំផុត។ ប្រាថា្នក៏ប្រាថា្នចុះ ហើយចង់ផ្លាស់ប្តូរក៏ផ្លាស់ប្តូរចុះ ប៉ុន្តែសូមធ្វើយ៉ាងណាកុំឱ្យជ្រុលពេក ត្រូវចេះស្កប់ស្កល់នូវអ្វីដែលអ្នកមានខ្លះផង កុំវង្វេងនឹងភាពចង់ស្អាតចង់ល្អជ្រុលរហូតក្លាយជាទុក្ខដល់ខ្លួនវិញឱ្យសោះ។ ដូច្នេះត្រូវធ្វើដូច-ម្តេចទៅ? សូមតាមដានអត្ថបទបន្ត។
ឈប់! ប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ: អ្នកកាន់តែប្រៀបធៀបខ្លួនអ្នកជាមួយអ្នកផ្សេងច្រើនប៉ុណ្ណា គឺវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអាក្រក់ច្រើនដូច្នេះដែរ។ ត្រូវប្រាប់ខ្លួនឯងថា មនុស្សយើងវាមិនដូចគ្នានោះទេ ហើយការយកខ្លួនទៅប្រៀបជាមួយអ្នកដទៃគឺជារឿងដែលគ្មានប្រយោជន៍បំផុត។ កុំរវល់តែតូចចិត្តនឹងដើមទ្រូងរបស់ខ្លួនដែលមើលទៅមានទំហំតូចពេលនៅជិតអ្នកមានដើមទ្រូងធំទ្រលុកទ្រលន់នោះទៀតអី សូមក្រឡេកភ្នែករបស់អ្នកមើលនារីផ្សេងទៀតដែលមានទំហំប្រហាក់ប្រហែលអ្នក នោះអ្នកនឹងស្ងប់ចិត្តវិញជាមិនខាន។
បញ្ឈប់គំនិតអវិជ្ជមានអំពីរាងកាយរបស់អ្នក: អ្នកស្រាវជ្រាវបានធ្វើការអះអាងថា ប្រសិនបើអ្នកនៅតែគិតអំពីអ្វីមួយថាជារឿងអាក្រក់គ្រប់ពេលវេលានោះ វានឹងនៅចាក់ឫសក្នុងគំនិតរបស់អ្នកយ៉ាងជាប់ ហើយជាលទ្ធផលដែលអ្នកទទួលបានគឺគ្មានអ្វីក្រៅពីការដែលធ្វើឱ្យខ្លួនឯងមានអារម្មណ៍មានភាពខ្វះខាតមិនចេះចប់មិនចេះហើយតែប៉ុណ្ណឹង។ ដូច្នេះដើម្បីឱ្យខ្លួនអ្នកមានអារម្មណ៍ពេញចិត្តចំពោះខ្លួនឯងនោះ អ្នកត្រូវឈប់មានគំនិតអវិជ្ជមានចំពោះខ្លួនឯង។ ការគិតវិជ្ជមាន ធ្វើឱ្យអ្នកចេះស្គាល់ពាក្យថា ស្កប់ស្កល់ ហើយក៏ជួយឱ្យមានភាពរីករាយខាងផ្លូវចិត្តផងដែរ។ ប្រសិនបើអ្នកអាចវាយដណ្តើមយកជ័យជម្នះលើគំនិតអវិជ្ជមានបាន នោះអ្នកនឹងមានការរីកចម្រើនឡើង។
រំឭកខ្លួនឯងពីចំណុចល្អដែលអ្នកមាន: ពេលនិយាយដល់ការបំបាត់ចោលគំនិតអវិជ្ជមានចំពោះខ្លួនឯង គឺត្រូវគិតដល់ចំណុចល្អដែលអ្នកមាន។ មិនចូលចិត្តទ្រង់ទ្រាយច្រមុះមែនទេ? ចឹងមើលស្បែកភ្លឺថ្លា រាងដែលស្រឡូនស្អាត សក់ភ្លឺរលោងដែលអ្នកមានវិញល្អជាង។ អន់ច្រមុះ បានស្បែក បានសក់ និងបានរាងយោងដែរ មានអីត្រូវបារម្ភ!!!
កុំភ្លេចអ្វីដែលមាននៅខាងក្នុង: កុំភ្លេចឱ្យសោះថា ភាពល្អស្អាតពិតប្រាកដរបស់មនុស្សម្នាក់ៗគឺស្ថិតនៅផ្នែកខាងក្នុងនៃចិត្តគំនិត ចរិយាមាយាទ ហើយភាពរីករាយរបស់មនុស្សម្នាក់ក៏មិនអាចបញ្ជាក់បានដោយគ្រាន់តែបានឃើញស្នាមញញឹមតែមួយមុខនោះដែរ។
ទទួលស្គាល់ខ្លួនឯង: កុំព្យាយាមផ្លាស់ប្តូរនូវអ្វីដែលមិនអាចផ្លាស់ប្តូរបានទៀតអី និយាយរួមព្រមទទួលយកនូវអ្វីដែលអ្នកមាន។ អ្នកខ្លះបានចំណាយពេលវេលា និងទ្រព្យសម្បត្តិអស់យ៉ាងច្រើន ដើម្បីកែខៃនូវអ្វីដែលមនុស្សភាគច្រើនតែងនិយាយថាមិនស្អាត ឬមិនសមអ៊ីចេះមិនសមអីុចុះ ប៉ុន្តែទីបំផុត មិនថាអ្នកខំកែខៃយ៉ាងណានោះទេ អ្នកនៅតែមិនអាចបំពេញចិត្តអ្នកទាំងនោះបានគ្រប់ជ្រុងជ្រោយនោះទេ៕