ចង់បានភាពស្រស់ស្រាយ ស្បែកភ្លឺថ្លានាពេលព្រឹកព្រលឹមបន្ទាប់ពីភ្ញាក់ពីដំណេកមែនទេ? បើចម្លើយរបស់អ្នកគឺចង់បាននោះ សូមត្រៀមខ្លួនឱ្យបានរួចជាស្រេចនាពេលយប់មុនពេលចូលដំណេកដូចខាងក្រោម៖
ផ្តល់ភាពស្រស់ស្អាតដល់ស្បែក
រឿងទីមួយដែលអ្នកត្រូវធ្វើមុនគេនាពេលយប់មុនពេលចូលដំណេកនោះគឺ ការលាងសម្អាតផ្ទៃមុខឱ្យបានស្អាតល្អ។ ដូចដែលអ្នកធ្លាប់បានដឹងហើយថា រយៈពេលពេញមួយថ្ងៃដែលអ្នកបានធ្វើសកម្មភាពផ្សេងៗគឺជាពេលវេលាដែលល្អបំផុតសម្រាប់ធូលីដី និងពពួកមេរោគផ្សេងៗមានឱកាសបានមកតោងជាប់នៅលើស្បែករបស់អ្នក ដើម្បីបង្កផលប៉ះពាល់ផ្សេងៗនៅលើស្បែក ហេតុដូច្នេះវិធីដែលងាយបំផុតក្នុងការកម្ចាត់សត្រូវនៃសម្រស់នេះមានតែការលាងសម្អាតស្បែកឱ្យបានស្អាតនេះឯង។ សូមចាំទុកថា ជាតិក្រែមម្សៅ ជាតិខ្លាញ់ ញើស ធូលី ឬគ្រឿងសម្អាងដែលដិតជាប់លើផ្ទៃមុខរបស់អ្នកពេញមួយយប់គឺជាសត្រូវនៃស្បែកស្រស់ស្អាត។
កម្លាំងជំនួយ
ជំហានបន្ទាប់មកទៀតគឺការបន្ថែមវីតាមីនទៅឱ្យស្បែកនាពេលយប់ ដើម្បីភាពទន់ភ្លឺថ្លាស្រស់ស្រាយនាពេលព្រឹកព្រលឹម។ បច្ចុប្បន្ននេះផលិតផលដែលមានគុណភាពខ្ពស់មានច្រើនប្រភេទណាស់នៅលើទីផ្សារ ដូច្នេះ ឡារ៉ែន គិតថា គ្រាន់តែចងបានផលិតផលមួយដែលសម្បូរទៅដោយវីតាមីនដើម្បីចិញ្ចឹម និងថែរក្សាស្បែកឱ្យតឹងណែននោះប្រហែលជាមិនមែនជារឿងដែលពិបាកណាស់ណានោះទេ។ អនុវត្តការបន្ថែមវីតាមីន ប្រូតេអីុន និងសារធាតុសំខាន់ផ្សេងៗដល់ស្បែកជារៀងរាល់យប់មុនពេលចូលដំណេក ហើយមិនយូរទេអ្នកពិតជាបានដឹងថាពពួកសារធាតុអស់ទាំងនោះមានប្រយោជន៍យ៉ាងណាចំពោះស្បែករបស់អ្នក។
រង្វង់ភ្នែកផង!
ចាត់ការរឿងថ្ពាល់ ថ្ងាស ច្រមុះ និងចង្ការរួចស្រេចហើយ ដូច្នេះចំណុចបន្ទាប់ដែលត្រូវតាមមកទៀតនោះគឺ រង្វង់ភ្នែក។ ដូចដែលអ្នកបានដឹងហើយថា រង្វង់ភ្នែកភ្លឺថ្លា គឺជាមន្តស្នេហ៍មួយផ្នែកទៀតរបស់នារីយើង ហេតុនេះការដែលធ្វើឱ្យស្បែកនាបរិវេណរង្វង់ភ្នែកមានភាពភ្លឺថ្លានោះក៏ចាំបាច់ណាស់ដែរ។ ការបិទចំណិតត្រសក់ដំឡូងបារាំង ឬថង់កាកតែនៅលើត្របកភ្នែកវាជារឿងសាមញ្ញក៏ពិតមែន ប៉ុន្តែ ឡារ៉ែន ជឿថាវាពិតជាមិនមានភាពងាយស្រួលក្នុងការធ្វើទេសម្រាប់ពេលយប់ ព្រោះថាអ្នកប្រាកដជាត្រូវប្រែខ្លួនទៅឆ្វេងបន្តិចស្តាំបន្តិច ធ្វើឱ្យវាងាយនឹងជ្រុះបាត់ពីលើត្របកភ្នែកដោយមិនដឹងខ្លួន។ចំពោះរឿងបែបនេះអ្នកត្រូវស្វែងរកជំនួយពីក្រែមដែលផលិតឡើងសម្រាប់លាបលើបរិវេណរង្វង់ភ្នែក។ ក្រែមលាបត្របកភ្នែក ឬសេរ៉ូមដែលមានវីតាមីនច្រើន រួមជាមួយនឹងជាតិសំណើមផងនោះនឹងជួយធ្វើឱ្យស្បែកត្របកភ្នែករបស់អ្នកភ្លឺថ្លាស្រស់ស្រាយជាមិនខាន។
ប្រយ័ត្នខ្នើយកើយ!
គ្មានអ្នកណាប្រាកដចិត្តបានទាំងស្រុងទេថាខ្លួនឯងនឹងគេងត្រង់តែមួយកន្លែងមិនផ្អៀងទៅឱ្យផ្ទៃមុខប៉ះនឹងខ្នើយទាល់តែសោះនោះទេ ព្រោះតែបែបនេះហើយទើបបានជា ឡារ៉ែន ចង់ដាស់អារម្មណ៍អ្នកឱ្យប្រយ័ត្នចំពោះខ្នើយដែលអ្នកកើយបន្តិច។ ទោះជាយ៉ាងណាសូមដឹងទុកផងចុះថា ខ្នើយកើយដែលពេញទៅដោយភាពកខ្វក់ក៏ជាកត្តាតូចមួយដែលនាំឱ្យស្បែកមុខរបស់អ្នកមិនស្រស់ស្អាតផងដែរ។
គេងឱ្យស្រួល
នៅពេលដែលអ្នកគេងផ្កាប់មុខ គេងចំហៀងរហូតពេញមួយយប់នោះធានាថា អ្នកនឹងបានទទួលលទ្ធផលភ្លាមៗនាពេលព្រឹកព្រលឹមឡើងជាមិនខាន ហើយលទ្ធផលនោះគឺប្រាកដជាមិនមានអ្វីផ្សេងក្រៅពីស្នាមជ្រួញនៅលើផ្ទៃមុខនោះទេ។ ចំពោះដំណោះស្រាយនៃបញ្ហានេះគឺ ព្យាយាមធ្វើយ៉ាងណាគេងផ្អៀងឱ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។
គេងលក់ឱ្យស្រួល
គេងមិនលក់ គេងមិនស្កប់ ងាយនឹងធ្វើឱ្យភ្នែកឡើងខ្មៅ និងស្បែកស្រអាប់ខ្លាំងណាស់។ ស្វែងរកវិធីដែលអាចធ្វើឱ្យអ្នកគេងលក់ដោយខ្លួនឯង ហើយបន្ទាប់ពីនោះពេលព្រឹកព្រលឹមឡើងនឹងមានភាពប្រសើរឡើងជាមិនខាន។ទាំងអស់ខាងលើនេះគឺជាវិធីជួយឱ្យស្បែកមុខរបស់អ្នកភ្លឺថ្លានាពេលព្រឹក ប៉ុន្តែសូមកុំភ្លេចមើលថាស្បែកដៃជើង និងដងខ្លួនរបស់អ្នកផងណា៎៕