ឱ្យតែនិយាយពីរឿងថែរក្សាសម្រស់ ស្ត្រីៗយើងមិនសូវដែលឱ្យកន្លងទៅទទេៗនោះទេ គឺតែងតែបបួលគ្នាសាកល្បងបើទោះជាពេលខ្លះពួកគាត់មិនទាន់ទទួលបានលទ្ធផលជាទីពេញចិត្តទាំងស្រុងក៏ដោយ ក៏ពួកគាត់មិនដែលបោះបង់ចោលវាទាំងស្រុងនោះទេ។ លេខនេះ ឡារ៉ែន សូមណែនាំជំនួយការផ្នែកសម្រស់មួយប្រភេទជូនមិត្តអ្នកអានទាំងឡាយដែលស្រឡាញ់ការថែរក្សាសម្រស់តាមក្បូនធម្មជាតិ ងាយៗ មិនបារម្ភខ្លាចថានឹងធ្វើឱ្យមានផលប៉ះពាល់ចំពោះស្បែកនោះឡើយ។ ជំនួយការដែលយើងនិយាយដល់នោះគឺ ផ្លែត្រសក់។ អ្នកណាក៏ដឹងថាត្រសក់ជាបន្លែដែលងាយរកបំផុត ចំណែកឯតម្លៃក៏មិនថ្លៃដែរ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ បន្លែប្រភេទនេះមានសមត្ថភាពច្រើនយ៉ាងក្នុងការជួយឱ្យសម្រស់របស់អ្នកឱ្យផូរផង់ជាងមុន។ ចង់ដឹងថាតើផ្លែត្រសក់មានសមត្ថភាពពិសេសអ្វីខ្លះ ដែលអ្នកគួរតែជ្រើសរើសមកធ្វើជាជំនួយការក្នុងការថែរក្សាសម្រស់នោះ សូមតាមដានបន្តជាមួយអត្ថបទខាងក្រោមដូចតទៅ៖
1. ជួយឱ្យភ្នែកភ្លឺថ្លា: រឿងជាក់ស្តែងបំផុតដែលត្រសក់អាចធ្វើឱ្យអ្នកបានយ៉ាងមានប្រសិទ្ធភាពនោះគឺ ការជួយបង្កើនភាពភ្លឺថ្លាទៅដល់បរិវេណជុំវិញភ្នែក។ ចិតត្រសក់ជាចំណិត(ទទឹងផ្លែ) កម្រាស់ស្តើងល្មម រួចយកមកដាក់លើត្របកភ្នែករបស់អ្នក។ ទុកពេលឱ្យត្រសក់20នាទី ដើម្បីឱ្យវាបានបញ្ចេញវេទមន្ត កាត់បន្ថយអាការហើមត្របកភ្នែក និងសភាពខ្មៅក្រោមរង្វង់ភ្នែកជាដើម។ នេះជាវិធីដែលមានភាពងាយស្រួលបំផុត សូម្បីតែអ្នកជំនាញផ្នែកតុបតែងមុខក៏តែងយកវិធីនេះមកអនុវត្តដែរ។
2. ម៉ាសធ្វើឱ្យក្មេងជាងវ័យ: ជារឿងធម្មតាបំផុតដែលគេតែងប្រើផ្លែត្រសក់ ដើម្បីបង្កើនភាពក្មេងខ្ចីទៅដល់ស្បែក។ ទឹកផ្លែត្រសក់ (លាយជាមួយទឹកក្រូចឆ្មារ2-3ដំណក់) យកមកធ្វើជាម៉ាសបិទមុខនឹងជួយឱ្យសម្បុរស្បែកភ្លឺថ្លា និងផ្តល់នូវភាពស្រស់ស្រាយដល់ស្បែករបស់អ្នក។
3. សម្អាតរន្ធរោម: ទឹកផ្លែត្រសក់លាយជាមួយទឹកខ្មេះផ្លែប៉ោមប្រទាលកន្ទុយក្រពើ និងទឹកផ្លែប៉េងប៉ោះមានប្រសិទ្ធភាពក្នុងការសម្អាតរន្ធរោមឱ្យបានស្អាត។ លាយសារធាតុផ្សំទាំងនោះចូលគ្នា រួចយកសំឡីជ្រលក់យកទឹករបស់វា មកលាបលើផ្ទៃមុខ (លើកលែងរង្វង់ភ្នែក) ហើយសម្អាតវាចេញវិញ បន្ទាប់ពីរយៈពេល2-3នាទីក្រោយ។ ស្តាប់ទៅដូចជាមិនគួរឱ្យជឿទេមែនទេ? សាកបន្តិចទៅអ្នកពិតជាអាចរកចម្លើយបានដោយខ្លួនឯងជាមិនខាន។
4. ម៉ាសកម្ចាត់មុន: លាយសាច់ត្រសក់ស្រស់ និងរមៀតក្នុងបរិមាណស្មើគ្នា ជាមួយនឹងទឹកក្រូចឆ្មារមួយផ្លែ អ្នកអាចធ្វើម៉ាសកម្ចាត់ប្រេង និងមុនលើផ្ទៃមុខបានហើយ។ យកល្បាយទាំងនេះមកលាបលើផ្ទៃមុខ ទុកចោលប្រហែលជា15នាទី សឹមលាងសម្អាតចេញវិញជាការស្រេច។
5. ម៉ាសសម្អាតស្បែកមុខ: ត្រសក់មួយផ្លែកិនឱ្យម៉ដ្ឋលាយជាមួយទឹកក្រូចឆ្មារមួយផ្លែបន្ថែមដោយទឹកឃ្មុំមួយស្លាបព្រា ដើម្បីឱ្យស្បែកភ្លឺរលោង។ទុកចោល20នាទី រួចសម្អាតចេញដោយទឹកក្តៅឧណ្ហៗ។
6. ម៉ាសផ្តល់សំណើម: ត្រសក់ចិញ្ច្រាំរួចកន្លះពែង ផ្លែប៊័រទុំចិញ្ច្រាំរួចកន្លះពែង ផ្នែកសនៃស៊ុតមួយគ្រាប់ ម្សៅទឹកដោះគោ2ស្លាបព្រា កិនលាយចូលគ្នាឱ្យក្លាយជាល្បាយ រួចយកមកលាបលើផ្ទៃមុខ។ គេងសម្រាក30នាទី សឹមទៅសម្អាតផ្ទៃមុខរបស់អ្នកជាមួយនឹងទឹកស្អាតជាការស្រេច។
7. ផ្តល់សំណើមដល់ស្បែក: ត្រសក់មួយផ្លែ កិនលាយជាមួយប្រទាលកន្ទុយក្រពើមួយស្លាបព្រា ទឹកផ្កាកុលាប1ស្លាបព្រា និងទឹកក្រូចឆ្មារមួយផ្លែធំត្រងយកតែទឹក រួចដាក់ក្នុងដបស្ព្រៃយ៍មួយ។ អ្នកអាចយកវាទៅទុកក្នុងទូរទឹកកក សម្រាប់យកមកប្រើនៅថ្ងៃក្រោយទៀតក៏បាន។ សម្រាប់អ្នកដែលមានបញ្ហាស្បែកស្ងួត គួរតែសាកល្បងវិធីនេះ ព្រោះនេះគឺជាក្បួននៃការផ្តល់សំណើមដល់ស្បែកដ៏ល្អមួយ។
8. ព្យាបាលការរលាកដោយកម្តៅថ្ងៃ: ត្រសក់ជាបន្លែមួយប្រភេទដែលមានផ្ទុកជាតិទឹកច្រើនដូច្នេះប្រសិនបើអ្នកដឹងខ្លួនថាស្បែកកំពុងទទួលរងការរលាកនោះ អ្នកគួរតែយកត្រសក់មួយចំណិតទៅដាក់នៅលើស្បែកត្រង់កន្លែងដែលរលាក ឬរមាស់នោះ ដើម្បីឱ្យជាតិទឹកនៅក្នុងផ្លែត្រសក់ចូលទៅជួយសម្រួលដល់បញ្ហានេះយ៉ាងមានប្រសិទ្ធភាព ។
9. ជួយឱ្យសក់ស្អាត: ការទទួលទានទឹកផ្លែត្រសក់គឺជាវិធីដ៏ល្អបំផុតសម្រាប់សក់ ហើយវិធីនេះក៏ត្រូវបានអ្នកជំនាញណែនាំសម្រាប់បញ្ឈប់ការជ្រុះសក់ផងដែរ។ ក្រៅពីទទួលទានហើយនោះ អ្នកក៏អាចយកទឹកត្រសក់ទៅលាងសរសៃសក់ ដើម្បីឱ្យសក់មើលទៅរលោងមានសំណើមផងដែរ។
ឡារ៉ែន មាននាទីត្រឹមតែជាអ្នកបង្ហាញ ចំណែកឯការអនុវត្តគឺជានាទីរបស់អ្នក។ សូមឱ្យទទួលបានជោគជ័យចំពោះការព្យាយាម និងការថែរក្សាសម្រស់របស់អ្នកណា៎!