ផ្ទៃមុខពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ពីព្រោះវាជាផ្នែកមួយដែលទាក់ទាញជាងគេនៅក្នុងក្រសែភ្នែកអ្នកនៅជុំវិញខ្លួន។ ការព្រួយបារម្ភពីរឿងសម្រស់អស់អ្នកត្រូវបានទស្សនាវដ្ដី ឡារ៉ែន យកចិត្តទុកដាក់ជានិច្ច ពិតប្រាកដណាស់ ចំពោះការថែរក្សាផ្ទៃមុខឱ្យស្រស់ស្អាត វាមិនពិបាកនោះទេ ដោយគ្រាន់តែមានផលិតផលធម្មជាតិមួយចំនួនយកមកបិទលើផ្ទៃមុខរបស់អ្នក នោះអ្នកនឹងអាចទទួលបាននូវផ្ទៃមុខដ៏ស្រស់ស្អាតដូចបំណងជាមិនខាន។ ខាងក្រោមនេះ យើងខ្ញុំនឹងណែនាំអំពីម៉ាសបិទមុខបែបធម្មជាតិមួយចំនួន ដែលងាយស្រួលធ្វើ និងនៅក្បែរៗខ្លួនអ្នកបំផុត តោះ!! កុំរង់ចាំយូរមកជ្រាប និងយល់ដឹងទាំងអស់គ្នា ដើម្បីសម្រស់ផ្ទៃមុខរបស់អ្នក៖
1. ស្ត្របប៊ឺរី : ចំពោះស្ត្របប៊ឺរី មានផ្ទុកនូវជាតិអាស៊ីតសាលីសាឡិច ដែលអាចកម្ចាត់មុនបានយ៉ាងល្អ។ ដូច្នេះស្ត្របប៊ឺរី ក៏ជាម៉ាសធម្មជាតិដ៏ល្អបំផុតសម្រាប់ផ្ទៃមុខរបស់អ្នកផងដែរ។
វិធីប្រើ៖ ដោយគ្រាន់តែកិនស្ត្របប៊ឺរីឱ្យម៉ដ្ឋ រួចយកមកលាបលើផ្ទៃមុខ ហើយទុកចោលប្រមាណ1នាទី រួចលាងជាមួយទឹកក្កៅឧណ្ហៗ នោះអ្នកនឹងទទួលបាននូវផ្ទៃមុខដ៏ស្រស់ស្អាតជាក់ជាមិនខានឡើយ។
2. ខ្ទិះដូង : អ្នកតែងតែយកខ្ទិះដូងទៅលាយធ្វើជាអាហារផ្សេងៗ ចុះតើអ្នកដឹងទេថា វាក៏មានប្រយោជន៍ចំពោះស្បែកមុខរបស់អ្នកដែរ? វាអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកទន់ម៉ដ្ឋរលោង និងស្រស់ថ្លាបាន។ ទោះបីជាដូងមានផ្ទុកនូវជាតិអាស៊ីតធាត់ច្រើនបន្ដិចក៏ដោយ ក៏មិនអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកឡើងជាតិខ្លាញ់នោះដែរ។
3. ផ្លែអាវូកាដូ ឬផ្លែប៊័រ : ចំពោះផ្លែអាវូកាដូ អ្នកអាចយកវាមកធ្វើជាម៉ាសបិទមុខបានផងដែរ ពីព្រោះវាជួយផ្តល់នូវសំណើមដល់ស្បែកមុខរបស់អ្នកបានយ៉ាងល្អប្រសើរ។
វិធីប្រើ ៖ អ្នកឆ្កឹះយកតែសាច់ខាងក្នុងរបស់អាវូកាដូមកបិទនៅលើផ្ទៃមុខរបស់អ្នកទុកចោលប្រមាណ1នាទី រួចលាងទឹកចេញឱ្យស្អាត ដោយមិនចាំបាច់ប្រើប្រាស់ហ្វូនលាងមុខនោះទេ។
4. ស៊ុតលឿង : ប្រហែលជាអ្នកធ្លាប់ដឹងរួចមកហើយពីអត្ថប្រយោជន៍របស់ស៊ុត។ ចុះតើអ្នកដឹងទេថា ស៊ុតលឿងក៏អាចកាត់បន្ថយមុខមានជាតិខ្លាញ់បានដែរ ហើយអាចកម្ចាត់បាក់តេរីលើមុខបានទៀត។ សាកល្បងយកស៊ុតពណ៌លឿងមកធ្វើជាម៉ាសបិទមុខ នោះអ្នកនឹងបានដឹងពីអនុភាពនៃការបន្តឹងស្បែកមុខបានយ៉ាងប្រសើរ។
5. ស្ករ : ចំពោះស្ករអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកទន់ម៉ដ្ឋ និងស្រស់ថ្លាបាន។ ប៉ុន្តែមិនមែនអ្នកយកស្ករទាំងស្រុងទៅលាបលើផ្ទៃមុខនោះទេ គឺត្រូវបន្ថែមប្រេងអូលីវលាយជាមួយផង។
វិធីប្រើ ៖ អ្នកត្រូវកូរឱ្យសព្វ រវាងប្រេងអូលីវ និងស្ករ រួចលាបលើផ្ទៃមុខ នោះអ្នកនឹងទទួលបាននូវស្បែកមុខសស្រស់ថ្លាជាមិនខាន។ ម្យ៉ាងទៀត អ្នកក៏អាចប្រើស្ករជាមួយស៊ុតលឿងបានដែរ។
6. ល្ហុង : ល្ហុងជាផ្លែឈើធម្មជាតិមួយដែលមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះវាអាចជួយដល់ស្បែកមុខរបស់អ្នកបានទៀតផង។
វិធីប្រើ ៖ អ្នកគ្រាន់តែយកសាច់ផ្លែល្ហុងមកលាបលើមុខរបស់អ្នកឱ្យសព្វ រួចទុកចោលមួយសន្ទុះ នោះអ្នកនឹងទទួលបាននូវផ្ទៃមុខសភ្លឺរលោងនិងជួយកម្ចាត់កោសិកាចាស់ៗចេញពីផ្ទៃមុខរបស់អ្នកបានទៀតផង។
7. ផ្លែប៉ោមកិន : ចំពោះផ្លែប៉ោមកិន មិនសម្រាប់តែកុមារបរិភោគនោះទេ សូម្បីតែអ្នកក៏អាចប្រើប្រាស់វាយកមកធ្វើជាម៉ាសបិទមុខបានដែរ ពីព្រោះផ្លែប៉ោមអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកក្មេងជាងវ័យបាន។
វិធីប្រើ ៖ អ្នកត្រូវយកផ្លែប៉ោមកិននោះមកលាបលើផ្ទៃមុខរបស់អ្នក រួចទុកចោលប្រមាណ1នាទី សឹមលាងទឹកចេញជាការស្រេច។ ទាំងនេះជាម៉ាសបិទមុខជាមួយផលិតផលធម្មជាតិ ដែលអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាតបាន ដោយមិនចាំបាច់ចំណាយលុយច្រើនដើម្បីទិញផលិតផលថ្លៃៗនោះទេ។ ដូច្នេះសូមសាកល្បងទាំងអស់គ្នាណា៎៕