ជឿថាសុភាពនារី សុភាពបុរសជាច្រើននាក់នៅពេលដែលបានចម្រើនវ័យពេញក្រមុំ និងពេញកំលោះ រមែងតែងមានអារម្មណ៍ និងការអង្កេតភាពខុសប្រក្រតីផ្នែកខ្លះៗនៅលើរាងកាយ ជាពិសេសនោះគឺត្រង់តំបន់ពិសេសតែម្ដង។ អាវយវៈភេទមានរោមដែលបានដុះឡើងនៅបរិវេណនោះ បណ្ដាលឱ្យមនុស្សមួយចំនួនមានអារម្មណ៍រំខានខ្លាំងមែនទែន រហូតដល់ថ្នាក់ត្រូវកម្ចាត់រោមចោលដោយការ “កោរ” រោមនៅបរិវេណតំបន់ពិសេសេនោះព្រោះវាជាវិធីសាស្ត្រតែមួយប៉ុណ្ណោះដែលមានភាពងាយស្រួល និងមិនមានភាពឈឺចាប់។
តើអ្នកនាង កញ្ញា បានដឹងទេថា ការដែលយើងធ្វើការកោររោមនៅបរិវេណតំបន់ពិសេសនេះ គឺមានគ្រោះថ្នាក់ចំពោះប្អូនស្រី និងប្អូនប្រុសរបស់អ្នកប៉ុណ្ណា? ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមណែនាំអត្ថបទដែលមានសារៈសំខាន់មួយនេះ គឺមានការស្រាវជ្រាវមួយដែលបាននិយាយពីការ “កោររោម” នៅចំណុចអាវយវៈភេទ ដែលបានបន្ថែម និងបង្កើតឱកាសនៃការឆ្លងមេរោគដល់
ប្រដាប់ភេទយ៉ាងច្រើន។
អ្នកស្រាវជ្រាវបានអះអាងថា មានការបោះពុម្ពផ្សាយរបស់ការពិសោធ Journal of Sexually Transmitted បានធ្វើការរាយការណ៍ពីការសម្ភាសជាមួយវេជ្ជបណ្ឌិតល្បីៗនៅក្នុងសហរដ្ឋអាមរិកពាក់ព័ន្ធជាមួយបញ្ហានៃការកាត់ និងកោររោមនៅបរិវេណតំបន់ពិសេសរបស់ពួកក្រុមមនុស្សដែលនិយមសម្អាតអាវយវៈភេទឱ្យមានសភាពស្រឡះស្អាត។ គេបានរកឃើញថា មានក្រុមមនុស្ស80% ដែលមានការកោររោមប្រដាប់ភេទហើយបានឆ្លងមេរោគ STI (SEXUALLY TRANSMITTED INFECTION) ឬមេរោគកាមរោគ។ STI គឺជាមេរោគដែលជាប់តាមមកពីការរួមភេទតាមមាត់ រន្ធគូទ និងទ្វារមាស ដែលបណ្ដាលឱ្យកើតមានជំងឺស្វាយ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា និងជំងឺប៉េសនៅលើប្រដាប់ភេទ។
បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវបានរកឃើញថាមានស្ត្រីដែលងាកមកប្រើផ្លែឡាម ឬកន្ទ្រៃ ដើម្បីកោររោមនៅតំបន់ប្រដាប់ភេទប្រមាណជា1ក្នុងចំណោម5នាក់ រួមទាំងបុរសផងដែរនោះ បានកើតជំងឺនេះ ក៏ព្រោះតែនៅពេលដែលពួកគេធ្វើការកោរនៅបរិវេណតំបន់នោះ បណ្ដាលឱ្យមានការដាច់រលាត់ចេញឈាម និងមានផ្លែសាច់ហើយងាយនឹងឆ្លងមេរោគបំផុតនៅពេលដែលពួកគេធ្វើការរួមភេទ។ យ៉ាងណាក៏ដោយ “រោមដែលនៅក្នុងបរិវេណតំបន់ពិសេស” មានគុណប្រយោជន៍ចំពោះរាងកាយ ព្រោះវាអាចជួយការពារសីតុណ្ហភាពក្នុងរាងកាយរបស់អ្នក និងជួយការពារអាវយវៈភេទមិនឱ្យកកិត ដាច់រលាត់ជាមួយខោក្នុងបាន បន្ថយអាការឈឺចាប់នៅពេលរួមភេទផងដែរ៕