ស្មេរបានអានព័ត៌មានមួយនៅក្នុងសារព័ត៌មានបរទេសដែលនិយាយអំពីកូនប្រុសអាយុ5ឆ្នាំម្នាក់បានជួយម្ដាយរបស់ខ្លួនដែលត្រូវខ្សែភ្លើងឆក់ឱ្យរួចរស់ជីវិតឡើងវិញដោយការ “ធាក់” ព្រោះធ្លាប់ឃើញនៅក្នុង ខ្សែភាពយន្តឯកសារនៅក្នុងទូរទស្សន៍។ អានចប់ហើយ ស្មេរមានអារម្មណ៍រំភើបចិត្ត និងនឹកស្ងើចសរសើរក្នុងចិត្តដែលក្មេងប្រុសតូចមួយមានចំណេះដឹងក្នុងរឿងការជួយសង្គ្រោះមនុស្សពីការឆក់ខ្សែភ្លើងបាន តែការធាក់ខ្លាំងៗនេះជាវិធីដែលត្រឹមត្រូវឬទេ? ឬមានវិធីផ្សេងទៀតដែលអាចជួយសង្គ្រោះអ្នកដែលត្រូវខ្សែភ្លើងឆក់បានដូចគ្នាដែរ? ដូច្នេះសូមនាំគ្នាតាមដានជាបន្ត។
វិធីជួយសង្គ្រោះពីការ “ឆក់ខ្សែភ្លើង”
ក្នុងករណីខ្លួនឯងត្រូវខ្សែភ្លើងឆក់
1. តាំងស្មារតី ប្រមូលកម្លាំងទាំងអស់ដែលមាន កញ្ឆក់ដៃ ជើង ឬអវយវៈណាដែលប៉ះនឹងវត្ថុដែលធ្វើឱ្យកើតការឆក់ចរន្តអគ្គិសនីចេញពីត្រង់នោះឱ្យបានខ្លាំងបំផុត តែបើមិនបានសម្រេចចូរស្រែកហៅឱ្យគេជួយយ៉ាខ្លាំងៗផុតសំឡេង។
2. កុំឱ្យអ្នកដែលចូលមកជួយប៉ះនឹងរាងកាយរបស់អ្នកដោយផ្ទាល់ជាដាច់ខាត ដូចជាចាប់ដៃ ឬចាប់ជើង មិនបានជាដាច់ខាត។
3. បើសិនជាសម្លឹងរកមើលវត្ថុអ្វីដែលមិនចម្លងចរន្តអគ្គិសនីបាន ដូចជា ឈើ ក្រណាត់ ជ័រ-ប្លាស្ទិក ចូរស្រែកប្រាប់អ្នកដទៃឱ្យយកវត្ថុនោះមកជួយកៀរ ឆ្កឹះ ឬកៀសខ្សែភ្លើងដែលចម្លងចរន្តអគ្គិសនីនោះចេញ ឬឱ្យគេយកក្រណាត់មកទាក់ចង្កេះអ្នក រួចទាញកញ្ឆក់ចេញពីត្រង់នោះមកឱ្យបាន។
4. បើមានអ្នកមកជួយហើយ តែមិនអាចធ្វើអ្វីបាន ចូរប្រាប់ឱ្យគេរកមើលបារ៉ែតភ្លើង ឬឌីហ្សង់ទ័រមេភ្លើងដើម្បីកាច់បិទចរន្តអគ្គិសនី។
ក្នុងករណីចូលទៅជួយអ្នកដែលត្រូវចរន្តអគ្គិសនីឆក់
1. កុំរហន់ចូលទៅជួយដោយការចាប់ប៉ះផ្នែកណាមួយនៃរាងកាយរបស់ជនរងគ្រោះ ដោយត្រង់ ចូររក្សាចម្ងាយឱ្យឆ្ងាយពីជនរងគ្រោះបន្តិចសង្កេតមើលឱ្យច្បាស់ថាដើមហេតុរបស់ចរន្តអគ្គិសនីដែលបណ្ដាលឱ្យឆក់ជនរងគ្រោះនោះចេញមកពីត្រង់ណា ហើយនៅឱ្យឆ្ងាយពីត្រង់នោះសិន។
2. បើសិននៅក្នុងផ្ទះ មិនបានពាក់ស្បែកជើង ចូររត់ទៅរកស្បែកជើងមកពាក់ជាមុនសិន កុំឱ្យជើងប៉ះនឹងដី ឬកម្រាលឥដ្ឋ។ បើគ្មានស្បែកជើង ចូរឈរនៅលើផ្ទាំងក្រណាត់ក្រាស់ៗ គំនរសៀវភៅ ឡាំងឈើ ឬឡាំងក្រដាសក៏បាន។
3. សម្លឹងរកមើលវត្ថុដែលមិនចម្លងចរន្តអគ្គិសនី ដូចជា ឈើ ក្រណាត់ ក្រដាសរឹង ខ្សែទុយោ ស្រោមដៃក្រាស់ៗ ឬខ្សែផ្សេងៗ (គ្រប់យ៉ាងត្រូវស្ងួតមិនសើមទឹក) អាចប្រើវត្ថុទាំងនោះកៀស ឬឆ្កឹះអ្វីដែលធ្វើឱ្យជនរងគ្រោះត្រូវអគ្គិសនីឆក់ចេញពីរាងកាយជនរងគ្រោះ (ដូចជាកៀសខ្សែភ្លើងចេញ ឆ្កឹះដៃ ឬជើងជនរងគ្រោះចេញពីបរិវេណដែលមានអគ្គិសនីឆក់នោះ ឬបើជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ទូទាំងរាងកាយ ចូរប្រើក្រណាត់ស្ងួតរុំដៃខ្លួនឯងឱ្យក្រាស់រួចហើយច្រាន ឬចាប់ទាញកញ្ឆក់ខ្លួនជនរងគ្រោះចេញពីត្រង់នោះឱ្យខ្លាំង និងឆាប់រហ័ស (អ្នកជួយត្រូវពាក់ស្បែកជើងផងណា៎)។
4. បើសិនជាជ្រើសរើសជួយជនរងគ្រោះដោយការធាក់ ក៏អាចធ្វើបានដែរ តែបរិវេណជុំវិញជនរងគ្រោះនោះត្រូវតែជាទីធ្លាស្រឡះ។ ចូរឱ្យជនរងគ្រោះទម្លាក់ខ្លួនដេកជាមុនសិន ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ផ្សេងទៀត។ មុននឹងធាក់ ត្រូវស្រែកប្រាប់ជនរងគ្រោះជាមុនសិនរួចសឹមធាក់ម្ដុំត្រគាកយ៉ាងរហ័ស និងខ្លាំងល្មមតែឱ្យរបូតផុតចេញពីទីនោះតែម្ដងក្នុងមួយជើង។ តែបើសិនជាអាចចៀសវាងបាន ចូរប្រើវិធីក្នុងចំណុចទី3 វិញប្រសើជាង ព្រោះវិធីនេះអាចធ្វើឱ្យជនរងគ្រោះទទួលរងរបួសថែមទៀតបាន។
5. ក្នុងករណីដែលប្រទះឃើញអ្នកត្រូវចរន្តអគ្គិសនីឆក់ក្នុងបរិវេណដែលប្រថុយប្រថានខ្លាំងពេក ដូចជាក្នុងបន្ទប់ទឹកដែលកម្រាលឥដ្ឋសើម ចូរត់ទៅកន្លែងប្រអប់ចែកចាយភ្លើងខាងក្នុងផ្ទះ (បារ៉ែត ឬឌីហ្សង់ទ័រ) ហើយកាច់កុងតាក់បិទភ្លាម រួចសាកល្បងបើកបិទអំពូលភ្លើងសាកមើល ដើម្បីឱ្យប្រាកដក្នុងចិត្តថា ចរន្តអគ្គិសនីត្រូវបានបិទទាំងស្រុងឬនៅ? រួចសឹមរត់ទៅជួយជនរងគ្រោះ។
6. នៅពេលជួយជនរងគ្រោះបានហើយ គួរពិនិត្យមើលថា តើគេនៅមានស្មារតីច្រើន ឬតិចប៉ុនណា។ បើនៅមានសតិស្មារតីគ្រប់គ្រាន់ចូរឱ្យគេគេងសម្រាក រួចពិនិត្យមើលតាមរាងកាយរបស់គេដោយត្រួសៗថា តើមានរងរបួសត្រង់ណាធ្ងន់ធ្ងរឬទេ? ភាគច្រើន អាចមានជ្រុះសក់ មានស្នាមក្រហមជាំនៅលើដៃជើង ដងខ្លួន ខ្នង និងបើមានពាក់ខ្សែកដែលធ្វើពីប្រាក់ ស្ពាន់ ឬមាស អាចមានស្នាមឆេះនៅលើស្បែកត្រង់កន្លែងនោះ និងនៅលើបាតជើងអាចមានស្នាមខ្លោចដូចឆេះភ្លើងដូច្នោះដែរ។
7. បើមានរបួស តែមិនសូវជាធ្ងន់ធ្ងរពេកនោះចូរប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ តែបើជនរងគ្រោះបាត់បង់ស្មារតី ចូរប្រញាប់ទូរស័ព្ទហៅរថយន្តសង្គ្រោះ (ឡានពេទ្យ) ហើយក្នុងអំឡុងពេលនោះ បើជនរងគ្រោះបាត់ដង្ហើម (លែងដកដង្ហើម) ឬបេះដូងលែងដំណើរការ ចូរប្រញាប់ជួយសង្គ្រោះដោយការផ្លុំខ្យល់ចូលមាត់ដើម្បីសង្គ្រោះប្រព័ន្ធដកដង្ហើម ឬសង្កត់ដើមទ្រូងធ្វើចលនាបេះដូងជាប្រញាប់។ អ្វីដែលត្រូវមានឱ្យច្រើនបំផុតនៅពេលនោះគឺ ស្មារតី និងចំណេះដឹងគ្រឹះក្នុងរឿងចរន្តអគ្គិសនី ដើម្បីជួយសង្គ្រោះក្នុងករណីអាសន្នបន្ទាន់បែបនេះ៕