នៅក្នុងអំឡុងពេលដែលអាកាសធាតុក្ដៅ អាចធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងសភាព និងបរិយាកាសដ៏សែនក្ដៅតែម្ដង។ ការធ្វើដំណើរក្រោមកម្ដៅថ្ងៃ ក៏ជារឿងមួយដែលធ្វើឱ្យអ្នកខ្លាច និងមានអារម្មណ៍ថារំខានដល់ពេលវេលារបស់អ្នក ហើយក៏ធ្វើឱ្យអ្នកកើតមានអាការឈឺក្បាលផងដែរ។ អ្នកខ្លះទៀត មានអាការឈឺក្បាល ធ្ងន់ក្បាល នៅពេលដែលថ្ងៃក្ដៅខ្លាំងដោយមិនបានធ្វើការអង្កេតពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួនឡើយ។ តើមានប៉ុន្មានអ្នកដែលបានដឹងថា នៅក្នុងរដូវក្ដៅ អ្នកគប្បីគួរតែមានទម្លាប់ល្អបែបណាខ្លះ ដើម្បីថែរក្សាសុខភាពរបស់អ្នកឱ្យបានល្អប្រសើរនោះ? ចម្លើយគឺមានងាយៗបំផុត ដែលអ្នកអាចធ្វើការឆ្លើយតបទៅនឹងសុខភាពរបស់អ្នក។ តោះ!! មកយល់ដឹងទាំងគ្នាអំពីទម្លាប់ល្អ ដែលអ្នកត្រូវធ្វើ ដើម្បីសុខភាពល្អនៅក្នុងរដូវក្តៅនេះ៖
1. ទម្លាប់ទទួលទានទឹកឱ្យបានច្រើន
អាកាសធាតុក្ដៅអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក ហើយជាពិសេសគឺធ្វើឱ្យអ្នកឆាប់បែកញើស និងបែកញើសច្រើន ដូច្នេះរាងកាយរបស់អ្នកត្រូវការជាតិទឹកមកបំពេញឡើងវិញ។ បើទោះបីជាអ្នកមិននិយមទទួលទានទឹកញឹកញាប់ក្ដី យ៉ាងតិចនៅក្នុងមួយថ្ងៃ អ្នកក៏ត្រូវទទួលទានទឹកឱ្យបាន8កែវដែរ។ អ្វីដែលសំខាន់ ដើម្បីទទួលបាននូវសុខភាពល្អ គឺអ្នកត្រូវទទួលទានទឹកស្អាត មិនគប្បីទទួលទានភេសជ្ជៈមានជាតិអាកុល ឬជាតិស្ករច្រើនពេកនោះទេ ក៏ប៉ុន្ដែសម្រាប់ទឹកផ្លែឈើស្រស់វិញ ក៏មិនត្រូវបានហាមឃាត់ដែរ តែអ្នកត្រូវធ្វើការកំណត់ថា បរិមាណប៉ុន្មានទើបសមល្មមចំពោះសុខភាពរបស់អ្នក។
2. ប្រើវ៉ែនតាខ្មៅរាល់ពេលស្ថិតក្រោមកម្ដៅថ្ងៃ
អំឡុងរដូវក្ដៅបែបនេះ ត្រូវមានភារកិច្ចធ្វើដំណើរទៅក្រៅ ឬធ្វើដំណើរឆ្ងាយក្រោមពន្លឺថ្ងៃនោះ យើងសូមណែនាំឱ្យអ្នកប្រើប្រាស់វ៉ែនតាខ្មៅសម្រាប់ការពារភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យ ពោលគឺកាំរស្មី UV។ វ៉ែនតាពណ៌ខ្មៅ ត្រូវបានគេផលិតឡើងដោយកញ្ចក់ដែលអាចការពារកាំរស្មី UV និង UVA ដែលអាចជួយការពារលម្អងធូលី និងពន្លឺ ព្រមទាំងជួយការពារស្បែកភ្នែកមិនឱ្យប៉ះទង្គិចនឹងកាំរស្មីព្រះអាទិត្យ និងកម្ដៅថ្ងៃ ដែលនាំឱ្យជាំខ្មៅនៅរង្វង់ភ្នែក។
3. គេងឱ្យបានគ្រប់គ្រាន់
ការគេងថ្ងៃអាចផ្ដល់កម្លាំងសម្រាប់ប្រព័ន្ធរាងកាយរបស់អ្នក ដែលអ្នកមិនអាចរស់នៅដោយគ្មានវាបាននោះទេ។ វាប្រៀបដូចជាអាហារ និងទឹកដែរ ដែលអ្នកមិនអាចខ្វះវាបានឡើយ ហើយក៏មិនអាចសងជំនួសវិញនៅថ្ងៃបន្ទាប់ទៀតបានដែរ។ រាងកាយរបស់អ្នកទាមទារការគេងបានគ្រប់គ្រាន់រៀងរាល់ថ្ងៃ ហើយរាងកាយនឹងដំណើរការបានល្អបំផុតនៅពេលដែលអ្នកគេងបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ តែបើអាកាសធាតុក្ដៅ រាងកាយឆាប់នឿយហត់ខ្លាំង ចាំបាច់ត្រូវតែព្យាយាមគេងថ្ងៃ ឬគេងនៅពេលយប់ឱ្យបានគ្រប់គ្រាន់បំផុត ទើបល្អចំពោះសុខភាពរបស់អ្នក។
4. យកចិត្តទុកដាក់ក្នុងការទទួលទានអាហារ
គួរជ្រើសរើសអាហារដែលចម្អិនថ្មី និងភ្លាមៗ ហើយមានអនាម័យ ព្រោះថា វាជួយការពារការកើតជំងឺប្រព័ន្ធរំលាយអាហារ។ សម្រាប់អាហារដែលអ្នកគួរតែទទួលទាននាអំឡុងពេលរដូវក្ដៅមានដូចជា អាហារដែលកម្ចាត់ភាពក្ដៅពីក្នុងរាងកាយបាន ដូចជា ឪឡឹក ត្រសក់ស្រូវ មង្ឃុត ម្នាស់ និងដូងជាដើម។ ចំពោះបន្លែដែលគប្បីទទួលទាន រួមមាន ផ្ទី ស្ពៃខៀវ និងម្រះ ព្រោះវាអាចកម្ចាត់ភាពក្ដៅក្នុងរាងកាយ និងផ្ដល់មកវិញនូវសារធាតុចិញ្ចឹមផងដែរ។
5. យកចិត្តទុកដាក់ចំពោះគ្រីមលាបការពារកម្ដៅថ្ងៃ
អ្នកជំនាញមួយចំនួនបានណែនាំថា អ្នកគួរលាបគ្រីមការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកជំនាញមួយចំនួនទៀតបានផ្តល់យោបល់ថា គួរលាបគ្រីមការពារកម្ដៅថ្ងៃនៅពេលណាដែលមានថ្ងៃក្តៅបានហើយ ព្រោះស្បែក
មានប្រព័ន្ធការពារពីធម្មជាតិរួចទៅហើយ ការលាបគ្រីមការពារកម្ដៅថ្ងៃច្រើនពេកធ្វើឱ្យប្រព័ន្ធការពារពីធម្មជាតិចុះអន់ខ្សោយ និងដំណើរការមិនបានល្អ។ ដូច្នេះនៅពេលដែលមានថ្ងៃក្តៅខ្លាំង អ្នកគួរលាបគ្រីមការពារកម្តៅថ្ងៃ ប៉ុន្តែនៅថ្ងៃណាដែលមេឃស្រទំពុំមានពន្លឺថ្ងៃក្តៅខ្លាំងនោះអ្នកគួរប្តូរមកលាបគ្រីមដែលផ្សំពីសារធាតុប្រឆាំងអុកស៊ីតកម្មវិញទើបជាការប្រសើរ ព្រោះការស្រាវជ្រាវបានឱ្យដឹងថាសារធាតុប្រឆាំងអុកស៊ីតកម្មក៏អាចកាត់បន្ថយភាពខូចខាតនៃស្បែកដែលបណ្តាលមកពីកម្តៅព្រះអាទិត្យបានផងដែរ៕