រាល់ថ្ងៃនេះ អ្នកតែងបានឮគេនិយាយថា ធ្វើអ្វីក៏ដោយ ចូររក្សាភាពល្មម រក្សាចំណុចកណ្ដាលឱ្យបាន(កុំជ្រុលពេក និងក៏កុំតិចពេកដែរ) ជាពិសេសក្នុងរឿងការទទួលទានអាហារ។ តែពេលនិយាយអំពីរឿងស្ករ និងអំបិលវិញ អ្នកក៏ធ្លាប់បានឮមកច្រើនដែរថា បើទទួលទានក្នុងបរិមាណច្រើនជ្រុលពេក នឹងហុចផលអាក្រក់ដល់រាងកាយរបស់អ្នក តែវាប្រាកដណាស់ថា ទាំងស្ករ និងអំបិលគឺសុទ្ធតែមានភាពសំខាន់ចំពោះរាងកាយរបស់អ្នក ដោយខួរក្បាលត្រូវការស្ករ ដើម្បីបង្កើនកម្លាំងថាមពល ឯសាច់ដុំក៏ត្រូវការអំបិលដើម្បីសាងតុល្យភាពជាដើម។ សាស្ត្រាចារ្យមកពីមហាវិទ្យាល័យ Touro College នៅទីក្រុងញីវយ៉កបាននិយាយថា ការទទួលទានស្ករ និងអំបិលច្រើនជ្រុលពេក នឹងហុចផលប៉ះពាល់ដល់សុខភាពរបស់អ្នកច្រើនណាស់ ដូច្នេះពេលនេះសូមមកមើលពីផលប៉ះពាល់ដល់រាងកាយដោយសារស្ករ និងអំបិលវិញប្រសើរជាង។
ស្ករ
បើអ្នកទទួលទានអាហារពីធម្មជាតិ អ្នកនឹងបានជាតិស្ករក្នុងបរិមាណមិនច្រើនប៉ុន្មានទេ។ អាហារធម្មជាតិដែលមានជាតិស្ករ ច្រើនតែមកពីផ្លែឈើ តែបញ្ហារបស់អ្នកស្ថិតនៅត្រង់ការទទួលទានជាតិស្ករដែលបានមកពីការចម្រាញ់ ហើយអ្នកបន្ថែមវាចូលទៅក្នុងអាហារដែលអ្នកទទួលទាន ដើម្បីបង្កើនរសជាតិ។
បើអ្នកសាកល្បងមកមើលអាហារធម្មជាតិ ដូចជា ទឹកដោះ និងទឹកផ្លែឈើ 100% វិញនោះ អាហារពពួកនេះមានជាតិស្ករពីធម្មជាតិ និងមានថាមពលមួយចំនួន ខណៈពេលជាមួយគ្នាក៏មានគុណតម្លៃខាងអាហារផ្សេងៗទៀតផងដែរ ដូចជាវីតាមីន សារធាតុរ៉ែប្រូតេអ៊ីនក្នុងទឹកដោះ និងប៉ូលីហ្វ៊ីណុលជាដើម។ ចំណែកភេសជ្ជៈដែលលាយស្ករ ដូចជា ទឹកក្រូចកំប៉ុង តែ ឬកាហ្វេទឹកដោះគោ ពពួកនេះច្រើនមានស្ករជាចម្បងខណៈដែលគុណតម្លៃខាងអាហារមានតិចតួចហើយពួកនំផ្សេងៗក៏ដូចគ្នាដែរ។ អាហារពពួកនេះគ្មានកាកសរសៃអាហារ ប្រូតេអីុន វីតាមីន ឬសារធាតុរ៉ែ ដែលមានប្រយោជន៍ដល់រាងកាយច្រើនទេ ដូច្នេះទើបមិនមែនជារឿងប្លែកឡើយដែលអ្នកទទួលទានរបស់ប្រភេទនេះចូលទៅច្រើនៗ នឹងកើតរោគធាត់ និងខ្វះសារធាតុអាហារដែលចាំបាច់។
អ្នកជំនាញខាងភោជនាហារមកពីរដ្ឋតិចសាស់បាននិយាយថា ស្ករគ្រប់ប្រភេទ មិនថាតែស្ករស ទឹកស្ករ ឬស្ករត្នោតនោះឡើយ សុទ្ធតែហុចផលដល់រាងកាយមិនខុសគ្នាឡើយ នោះគឺវានឹងទៅបង្កើនកម្រិតជាតិស្ករនៅក្នុងឈាមដែលជាហេតុនាំឱ្យមានការផលិតអីុនស៊ូលីន ហើយរាងកាយរបស់អ្នកនឹងបញ្ចេញអ៊ីនស៊ីលីននេះ ដើម្បីបណ្ដេញជាតិស្ករចេញពីក្នុងឈាមទៅកោសិកា ដើម្បីប្រើប្រាស់ក្នុងការផ្ដល់កម្លាំងថាមពល។ កម្មវិធីនេះក៏ជាកម្មវិធីទូទៅមួយរបស់រាងកាយដែរ តែបើសិនជាពេលណាអ្នកបរិភោគស្ករច្រើនជ្រុលពេក កម្មវិធីប្រមូលសន្សំជាតិខ្លាញ់នឹងធ្វើការច្រើនឡើង រឹតតែរាងកាយសាងអ៊ីនស៊ូលីនច្រើនឡើងពេលណា ក៏នឹងរឹតតែសន្សំខ្លាញ់ច្រើនឡើងពេលនោះដែរ លុះយូរថ្ងៃទៅក៏អភិវឌ្ឍទៅជារោគទឹកនោមផ្អែមប្រភេទទី2 ហើយនឹងបង្កើនភាពប្រថុយប្រថានដល់ការកើតរោគក្រលៀន រោគបេះដូង និងរោគសរសៃឈាមកកស្ទះទៀតផង។
ការដែលរាងកាយបានទទួលជាតិស្ករច្រើនជ្រុលពេក ជាពិសេសស្ករចម្រាញ់ នឹងធ្វើឱ្យប្រព័ន្ធការរំលាយបឺតជ្រាបអាហាររបស់អ្នកប្រែប្រួលទៅតាមនោះដែរ។ ការរលាកក្លាយនឹងងាយកើតឡើង និងនាំឆ្ពោះទៅរកជំងឺចង្រៃច្រើនយ៉ាង។ លោក Rachel Head អ្នកជំនាញការ ដែលធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមបានប្រាប់ថា មានការសិក្សាស្រាវជ្រាវមួយបានរកឃើញភាពពាក់ព័ន្ធគ្នារបស់ការបរិភោគស្ករច្រើនជ្រុលពេក ជាមួយនឹងការមានកម្រិតខ្លាញ់ក្នុងឈាមខុសប្រក្រតី លើសឈាម ជំងឺថ្លើមជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺបេះដូង។
អំបិល
យើងនាំគ្នាមកមើលផលអាក្រក់ពីការបរិភោគអំបិលច្រើនជ្រុលពេក(ទទួលទានប្រៃ)វិញម្ដង។ ប្រាកដណាស់ថា រាងកាយរបស់អ្នកត្រូវការអំបិល ដើម្បីធ្វើការងារដែលតុល្យភាពរបស់កោសិកាក្នុងរាងកាយ តែអំបិលដែលច្រើនជ្រុលពេក ក៏ហុចផលប៉ះពាល់ដល់រាងកាយរបស់អ្នកបានដូចគ្នា។ អ្នកជំនាញការបាននិយាយថា សម្រាប់មនុស្សដែលមានសុខភាពល្អ ការបានទទួលអំបិលក្នុងបរិមាណមធ្យមដល់ច្រើនបន្តិចក៏ដោយក៏រាងកាយរបស់អ្នកចាត់ការបានដែរ តែបើសិនជាបានទទួលក្នុងបរិមាណដែលច្រើនជ្រុលពេកជាប់ៗគ្នារយៈពេលយូរនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយយ៉ាងពិតប្រាកដ។ មានការណែនាំថា អ្នកគួរទទួលទានអំបិលក្នុងមួយថ្ងៃឱ្យតិចជាង2,300មីល្លីក្រាម ឬប្រមាណជា1ស្លាបព្រាកាហ្វេតែប៉ុណ្ណោះ។ តែមនុស្សភាគច្រើននាំគ្នាបរិភោគប្រមាណជា 3,400មីល្លីក្រាមក្នុង1ថ្ងៃ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអ្នកជំនាញការជឿថា សូដ្យូមធ្វើឱ្យកើតសភាវសម្ពាធឈាមឡើងខ្ពស់ និងការដែលអ្នកមិនអាចគ្រប់គ្រងសម្ពាធឈាមបាននោះ នឹងនាំឆ្ពោះទៅរកបញ្ហាសុខភាពជាច្រើន ទាំងជំងឺបេះដូងសរសៃឈាមកកស្ទះ និងរោគក្រលៀន។ វេជ្ជបណ្ឌិតជំនាញបាននិយាយថា រាងកាយរបស់មនុស្សមួយចំនួនមានភាពរហ័សជាមួយអំបិលណាស់ រឹតតែបើសិនជាអ្នកណាដែលមានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ រឹតតែត្រូវប្រយ័ត្នខ្លាំង។ អាហារដែលអ្នកទទួលទានតាមភោជនីយដ្ឋានមានអំបិលច្រើន ក្រៅពីនោះនៅពេញទៅ
ដោយខ្លាញ់ និងផ្ដល់ថាមពលខ្ពស់ទៀតផង ដូច្នេះបើសុខភាពរបស់អ្នកមិនរឹងមាំ មានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ គួរធ្វើម្ហូបអាហារដោយខ្លួនឯងទទួលទាននៅផ្ទះវិញប្រសើរជាង។
ដូច្នេះ បើចង់ឱ្យសរុបនោះគឺ មិនថាតែស្ករ ឬអំបិលនោះទេ បើទទួលទានក្នុងបរិមាណដែលច្រើនជ្រុលពេក គឺនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរប៉ុនៗគ្នាហ្នឹងឯង៕