ក្រុមអ្នកវិទ្យាសាស្ត្រចិន យល់ថា ទំពាំងឫស្សីអាចដើរតួនាទីសំខាន់នៅក្នុងការផ្គត់ផ្គង់អាហារយូរអង្វែង និងមានជីវជាតិសម្រាប់ប្រជាជនទូទាំងសកលលោក។
ទំពាំងឫស្សីពិតជាមានអត្ថប្រយោជន៍ពិសេសសម្រាប់សុខភាព ព្រោះវាមានផ្ទុកប្រូតេអ៊ីនច្រើន ដូចទៅនឹងទឹកដោះគោ។ នេះបើតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយលើទស្សនាវដ្ដី និន្នាការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ (Trends in Food Science & Technology) កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក Wu Liangru ដែលជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវទំពាំងឫស្សីចិន បាននិយាយថា ទំពាំងឫស្សីអាចជាអាហារសំខាន់មួយប្រភេទនាពេលអនាគត។ អត្ថបទលើទំព័រ Trends in Food Science & Technology សរសេរថា «ទំពាំងនាំមកនូវប្រភពអាហារស្ថិរភាព ផ្ដល់ឱកាសដល់ពាណិជ្ជកម្ម និងការនាំចេញ អាចរួមចំណែកទៅក្នុងកំណើនសេដ្ឋកិច្ចក្នុងស្រុក»។
ទំពាំងផ្ដល់អាស៊ីតអាមីនេចាំបាច់ចំនួន 7 ក្នុងចំណោម 9 ដែលមនុស្សត្រូវការ។ ជាក់ស្ដែង អាស៊ីតអាមីនេក្នុងទំពាំងមានបរិមាណខ្ពស់ជាងបណ្ដាមើមមួយចំនួន មានដូចជា ការ៉ុត ស្ពៃក្ដោប និងភ្លៅកង្កែបជាដើម។ ក្រៅពីនេះ ទំពាំងក៏មានផ្ទុកជាតិដែកច្រើនជាងល្ពៅ និងស្ពៃពួយឡេង (spinach) ផងដែរ។
ទំពាំងឫស្សីខ្ចីក៏ជាប្រភពផ្គត់ផ្គង់ជាតិសរសៃដ៏ច្រើន មានជាតិខ្លាញ់តិច ព្រមទាំងមានផ្ទុកវីតាមីនច្រើនប្រភេទទៀតផង។ ទន្ទឹមនឹងនេះ ការស្រាវជ្រាវក៏បានរកឃើញថា ទំពាំងមានសមត្ថភាពទប់ស្កាត់បញ្ហាលើសខ្លាញ់ ឡើងទម្ងន់ លើសជាតិស្ករ និងជំងឺមហារីក ហើយអាចទប់ទល់នឹងអុកស៊ីតកម្ម និងកម្ចាត់មេរោគផងដែរ។
ទំពាំងឫស្សីអាចត្រូវបានកែច្នៃទៅតាមវិធីផ្សេងៗ ក្នុងនោះមានជាអាទិ៍ ទំពាំងជ្រក់ ទំពាំងក្រៀម ទឹកទំពាំងកៀប និងម្សៅទំពាំង ឬចម្អិនជាអាហារដូចទៅនឹងបន្លែដទៃ។ល។
ការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ក្នុងចំណោមឫស្សី 800 ប្រភេទដែលត្រូវបានរកឃើញនៅប្រទេសចិន គឺមានតែ 153 ប្រភេទប៉ុណ្ណោះដែលអាចបរិភាគបាន។