
រដ្ឋបាលចំណីអាហារ និងឪសថអាម៉េរិក (FDA) កាលពីថ្ងៃទី 09 វិច្ឆិកា ឆ្នាំ 2023 បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងដំបូងគេលើពិភពលោកដែលទប់ស្កាត់ការឆ្លងជំងឺគ្រុនឈីកពីមូសដែលមានផ្ទុកវីរុស Chikungunya។
សារព័ត៌មាន AFP ផ្សាយថា នៅក្នុងរបាយការណ៍មួយ FDA ឱ្យដឹងថា វ៉ាក់សាំងទប់ស្កាត់ជំងឺដែលកើតឡើងដោយសារវីរុស Chikungunya ត្រូវបានអនុម័តឱ្យប្រើប្រាស់សម្រាប់មនុស្សដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ដែលប្រឈមនឹងហានិភ័យឆ្លងខ្ពស់ជាងគេ។ វ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Valneva របស់អឺរ៉ុប ហើយថា នឹងត្រូវបានដាក់លក់ក្នុងទីផ្សារក្រោមឈ្មោះថា Ixchiq។
ការអនុម័តរបស់ FDA នេះ ត្រូវបានរំពឹងថា នឹងបង្កើនល្បឿននៃការដាក់ពង្រាយវ៉ាក់សាំង Ixchiq នៅតាមបណ្ដាប្រទេសដែលសម្បូរវីរុស Chikungunya ជាងគេ មានជាអាទិ៍ ទ្វីបអាហ្វ្រិក តំបន់អាស៊ីអាគ្នេយ៍ និងតំបន់មួយចំនួននៅទ្វីបអាម៉េរិកជាដើម។

ជំងឺគ្រុនឈីកបង្កឡើងដោយវីរុស Chikungunya ឬហៅថា វីរុសឈីក និងបណ្ដាលមកពីមូសខ្លាញី Aedes aegypti (the yellow fever mosquito) ខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់ៗចំនួនបី រួមមាន គ្រុនក្តៅពី 3 ទៅ 4 ថ្ងៃ, ឈឺសន្លាក់ឆ្អឹង និងមានស្នាមកន្ទួល ឬក្រហមលើស្បែកដូចកើតស្អូច ឬកញ្ជ្រឹល។ ជំងឺគ្រុនឈីកមិនបណ្តាលឱ្យអ្នកជំងឺស្លាប់ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម។
យោងតាមអង្គការសុខភាពពិភពលោក (WHO) រាប់ចាប់តាំងពីត្រូវបានរកឃើញលើកដំបូងនៅប្រទេសតង់ហ្សានីកាលពីឆ្នាំ 1952 វីរុសឈីកនេះបានឆ្លងរាលដាលដល់ប្រទេស និងដែនដីជាង 110 រួចហើយ។
AFP ឱ្យដឹងថា អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈបានសម្ដែងការព្រួយបារម្ភថា វីរុស Chikungunya អាចបង្កឱ្យមានវិបត្តិសុខភាពសកលនៅក្នុងពេលអនាគត នៅពេលការប្រែប្រួលអាកាសធាតុជំរុញឱ្យមូសចម្លងវីរុសនេះទៅកាន់តំបន់ថ្មីៗនៅទូទាំងពិភពលោក៕
