(ប្រទេសចិន) – ក្រុមអ្នកជំនាញឱ្យដឹងថា អាការញៀនតែទឹកដោះគោគឺជាមានពិត និងអាចនាំឱ្យមានបញ្ហាថប់អារម្មណ៍ និងផ្លូវចិត្ត។
ការសន្និដ្ឋាននេះត្រូវបានលើកឡើងដោយយោងទៅលើការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Tsinghua និងសាកលវិទ្យាល័យជាតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (CUFE) ចិន ធ្វើឡើងលើនិស្សិតជាង 5,200 នាក់នៅទីក្រុងប៉េកាំង និងប្រកាសលើទស្សនាវដ្ដី Journal of Affective Disorders កាលពីចុងខែកញ្ញា 2023។
«តែទឹកដោះគោកំពុងពេញនិយមខ្លាំងនៅប្រទេសចិន ពិសេសគឺក្នុងស្រទាប់យុវវ័យ។ ការរកឃើញរបស់យើងសង្កត់ធ្ងន់ថា ការប្រើប្រាស់តែទឹកដោះគោអាចនាំឱ្យញៀន ទាក់ទងនឹងបញ្ហាផ្លូវចិត្ត ថប់អារម្មណ៍ និងការចង់ធ្វើអត្តឃាត» ក្រុមអ្នកស្រាវជ្រាវអះអាងដូច្នេះ។
តាមរយៈការប្រើប្រាស់រង្វាស់សម្រាប់វាស់ស្ទង់កម្រិតញៀន (ពិនិត្យទៅលើកត្តានានាមានដូចជាការចង់ខ្លាំង និងចូលចិត្តខ្លាំង) ក្រុមអ្នកស្រាវជ្រាវខាងលើបានរកឃើញភស្តុតាងបង្ហាញថា យុវវ័យមួយចំនួនមានអាការញៀន។ ជិត 50% នៃអ្នកស្ម័គ្រចិត្តក្នុងការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ពួកគេផឹកតែទឹកដោះគោយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍។
ក្រៅពីស្ករបន្ថែម ភេសជ្ជៈនេះក៏មានផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចនាំឱ្យមានអារម្មណ៍ធុញទ្រាន់ ថប់អារម្មណ៍ និងឯកាក្នុងសង្គម។ នេះគឺជាបញ្ហាលាក់មុខ និងមានច្រើន ដែលត្រូវការពិនិត្យស៊ីជម្រៅ ពិសេសនៅពេលតែទឹកដោះគោគជ់កាន់តែទទួលបានការពេញនិយម។
ក្រុមអ្នកស្រាវជ្រាវសរសេរថា «លទ្ធផលបង្ហាញថា ការប្រើប្រាស់តែទឹកដោះគោអាចនាំឱ្យមានអាការញៀន ដោយសារវាធ្វើឱ្យមានភាពពឹងផ្អែក ការចង់ផឹក កម្រិតនៃការប្រើប្រាស់ខ្ពស់ មិនអាចបញ្ឈប់បាន និងអារម្មណ៍មានកំហុស»។
ការវិភាគដទៃជាច្រើនទៀតបង្ហាញថា យុវវ័យចិន និងតំបន់ជាច្រើនផ្សេងទៀតកំពុងប្រើប្រាស់តែទឹកដោះគោដើម្បីទប់ទល់ និងកែសម្រួលអារម្មណ៍។ ភេសជ្ជៈទាំងនេះមានកម្រិតគ្រោះថ្នាក់ប្រហាក់ប្រហែលនឹងការប្រើប្រាស់បណ្ដាញសង្គមញឹកញាប់ហួស ឬអាភៀន។
ក្នុងអនាគត ក្រុមស្រាវជ្រាវខាងលើនឹងបន្តការសិក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីបើកផ្លូវឱ្យមានការរកវិធីដោះស្រាយបញ្ហាដែលអាចកើតឡើងដោយសារការញៀននឹងតែទឹកដោះគោ៕