ក្រសួងសុខាភិបាលឡាវស្នើឱ្យមន្ទីរពេទ្យនៅតាមបណ្ដាខេត្ត ស្រុក និងមណ្ឌលសុខភាពទាំងអស់ បូករួមទាំងបន្ទប់ពិគ្រោះជំងឺឯកជន បង្កើនការយកចិត្តទុកដាក់ទៅលើអ្នកជំងឺដែលមានអាការក្ដៅខ្លួន និងចេញកន្ទួលរមាស់។
យោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុក នាថ្ងៃទី 19 កញ្ញានេះ ក្រសួងសុខាភិបាលឡាវបានចេញសេចក្ដីប្រកាសមួយ ស្នើឱ្យប្រជាជនគ្រប់រូបតាមដាន និងទប់ស្កាត់ ប្រឆាំងជំងឺអុតស្វា (Mpox-Monkeypox)។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងក្រោយពីបានរកឃើញអ្នកកើតជំងឺអុតស្វាម្នាក់ដែលជាករណី «នាំចូល»។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតស្វានេះ ក្រសួងសុខាភិបាលឡាវបានស្នើឱ្យមន្ទីរសុខាភិបាលតាមតំបន់នៅទូទាំងប្រទេស បង្កើនការតាមដាន ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងមួយនេះ ដោយផ្ដោតទៅលើពលរដ្ឋដែលចូលមកប្រទេសឡាវ ជាពិសេស ចំពោះតំបន់ដែលមានព្រំដែនជាប់នឹងប្រទេសជិតខាងដែលកំពុងមានជំងឺនេះ។
ក្រសួងសុខាភិបាលឡាវស្នើឱ្យមន្ទីរពេទ្យនៅតាមបណ្ដាខេត្ត ស្រុក និងមណ្ឌលសុខាភិបាលទាំងអស់ បូករួមទាំងបន្ទប់ពិគ្រោះជំងឺឯកជនផង បង្កើនការយកចិត្តទុកដាក់ទៅលើអ្នកជំងឺដែលមានអាការក្ដៅខ្លួន និងចេញកន្ទួលរមាស់។ បើសិនរកឃើញករណីសង្ស័យថាឆ្លងជំងឺនេះ គឺត្រូវរាយការណ៍ដល់ស្ថាប័នពាក់ព័ន្ធដើម្បីយកសំណាកទៅពិនិត្យជាបន្ទាន់។
អុតស្វាគឺជាជំងឺឆ្លងដែលបង្ហាញវត្តមានជាយូរមកហើយនៅតំបន់អាហ្វ្រិក ប៉ុន្តែក្នុងឆ្នាំ 2022 ករណីឆ្លងជំងឺនេះនៅតំបន់អឺរ៉ុបបានកើនឡើងខ្ពស់ខ្លាំង នាំឱ្យអង្គការសុខភាពពិភពលោកប្រកាសអាសន្នកាលពីខែកក្កដា 2022។ ជំងឺនេះអាចឆ្លងតាមរយៈការប៉ះពាល់អ្នកជំងឺ។
អាការរបស់ជំងឺអុតស្វា រួមមាន ក្ដៅខ្លួនខ្លាំង ឈឺសាច់ដុំ ឡើងកូនកណ្ដុរ និងចេញពងកន្ទួលជាដើម។ តាមធម្មតា ជំងឺនេះអាចអូសបន្លាយពេលពី 2 ទៅ 4 សប្ដាហ៍ ខណៈដែលអាការជំងឺតែងបង្ហាញខ្លួននៅពេលរាងកាយឆ្លងវីរុសបានពី 5 ដល់ 21 ថ្ងៃ៕