(សហរដ្ឋអាម៉េរិក) – ក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍឱសថមួយប្រភេទដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់រាល់ដុំគិសរឹង ទាំងប្រភេទកាច ទាំងប្រភេទស្លូត ដោយមិនប៉ះពាល់ដល់កោសិកាដែលមានសុខភាពល្អ។
ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញប្រចាំមន្ទីរពេទ្យ City of Hope ដែលជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកធំជាងគេមួយនៅសហរដ្ឋអាម៉េរិក និងត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Cell Chemical Biology កាលពីថ្ងៃទី 02 សីហា 2023។ គ្រាប់ថ្នាំនេះមានឈ្មោះថា AOH1996។
City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់គោលដៅកម្ចាត់ប្រូតេអ៊ីនមួយប្រភេទមាននៅក្នុងដុំសាច់មហារីកស្ទើរគ្រប់ប្រភេទ ដែលបណ្ដាលឱ្យដុំគីសរីកធំ និងកើនឡើងច្រើននៅក្នុងរាងកាយ។ ប្រូតេអ៊ីននេះគឺជាអង់ទីហ្សែន PCNA (Proliferating cell nuclear antigen) ដែលធ្លាប់ត្រូវបានចាត់ទុកថា មិនអាចកម្ចាត់បាន។
គ្រាប់ថ្នាំ AOH1996 កម្ចាត់កោសិកាមហារីកទៅតាមរបៀបដែលមានការជ្រើសរើស ដោយយន្តការបំបែកវដ្ដនៃការបង្កើតកូនចៅតាមធម្មតារបស់ដុំគីស ទប់ស្កាត់កោសិកា DNA ដែលមានកំហុស កុំឱ្យបន្តរីកចម្រើន ធ្វើឱ្យពួកវាមិនអាចចម្លងពីតិចទៅច្រើនទៀតបាន។ ប្រការនេះនឹងបណ្ដាលឱ្យកោសិកាមហារីកទាំងឡាយត្រូវងាប់ដោយឯកឯង និងមិនប៉ះពាល់ដល់កោសិកាល្អ។
អ្នកវិទ្យាសាស្ត្រនៅ City of Hope អធិប្បាយថា PCNA គឺប្រៀបដូចទៅនឹងព្រលានយន្តហោះដ៏ធំមួយ ជាទីដែលជើងហោះហើរនានានាំយកកោសិកាមហារីកទៅកាន់គ្រប់ទីកន្លែងនៅក្នុងរាងកាយ។ ថ្នាំ AOH1996 ប្រៀបដូចព្យុះព្រឹលដែលវាយប្រហារកម្ទេចព្រលានយន្តហោះនេះ ធ្វើឱ្យជើងហោះហើរទាំងអស់ត្រូវឈប់ដំណើរការ។
ថ្នាំ AOH1996 ត្រូវបានសាកល្បងប្រើប្រាស់នៅលើកោសិកាមហារីកចំនួន 70 ប្រភេទផ្សេងៗគ្នា រួមមានទាំងមហារីកសុដន់ មហារីកខួរក្បាល ស្បែក សួត មាត់ស្បូន អូវ៉ែរ និងមហារីកប្រពេញប្រូស្តាតជាដើម។ ថ្នាំនេះមានប្រសិទ្ធភាពលើគ្រប់កោសិកាមហារីក។ City of Hope បានហៅឱសថនេះថា ជាលំដាប់កំពូលក្នុងរយៈពេល 20 ឆ្នាំ នៃការស្រាវជ្រាវ និងអភិវឌ្ឍ។
បច្ចុប្បន្ន ឱសថ AOH1996 កំពុងត្រូវបានប្រើប្រាស់សាកល្បងលើមនុស្សដំណាក់កាលទីមួយ និងត្រូវបានជឿថា អាចនាំមកនូវលទ្ធផលល្អ គួរជាទីរីករាយ៕