(ប្រទេសចិន) – ដោយសារតែទម្លាប់ទទួលទានខ្ញីត្រាំទឹកខ្មេះបីចំណិតជារៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មានសុខភាពមាំមួនដូចទៅនឹងបុរសវ័យកណ្ដាល បើទោះគាត់មានអាយុ 99 ឆ្នាំហើយក៏ដោយ។
ក្នុងវ័យជិត 100 ទៅហើយ ប៉ុន្តែវេជ្ជបណ្ឌិតផ្នែកឱសថបុរាណ Lu Zhizheng នៅមានរាងកាយមាំមួន សុខភាពល្អ ការចងចាំល្អជាងមនុស្សចាប់ពីវ័យ 60 ទៅ 70 ឆ្នាំទៅទៀត។ នៅពេលត្រូវបានសួរអំពីអាថ៌កំបាំងដែលបានជួយឱ្យគាត់មានសុខភាពល្អបែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែគ្រឿងទេសពីរប្រភេទដែលមានតម្លៃទាប និងតែងត្រូវបានប្រើប្រាស់ក្នុងគ្រួសារ នោះគឺខ្ញី និងទឹកខ្មេះ។
វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុងរយៈពេលប្រហែលពី 20 ទៅ 30 ឆ្នាំកន្លង គាត់តែងតែបរិភោគខ្ញីត្រាំទឹកខ្មេះចំនួនបីចំណិតជារៀងរាល់ព្រឹក។ គាត់ប្រាប់ថា វិធីនេះជួយកាត់បន្ថយអាការទល់ខ្យល់ ពិបាករំលាយអាហារចំពោះមនុស្សដែលមានការងារមមាញឹក និងមានរបបអាហារមិនត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញីក៏ជួយកម្ដៅក្រពះ និងកាត់បន្ថយបញ្ហាផ្ដាសាយផងដែរ។
ដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពរបស់ខ្ញីត្រាំទឹកខ្មេះ លោក Lu ក៏បានប្រកាសបង្ហាញលទ្ធផលនៃការពិនិត្យសុខភាពជាទៀតទាត់របស់គាត់។ លទ្ធផលបង្ហាញថា សរសៃឈាមរបស់គាត់ល្អ ប្រហាក់ប្រហែលនឹងមនុស្សវ័យកណ្ដាល។ រាងកាយអាយុ 90 ឆ្នាំ ប៉ុន្តែបេះដូងនៅក្នុងវ័យ 40 ឆ្នាំ។
វិធីធ្វើខ្ញីត្រាំទឹកខ្មេះរបស់វេជ្ជបណ្ឌិត Lu មានដូចតទៅ៖ យកខ្ញីខ្ចី លាងឱ្យស្អាត ទុកឱ្យស្ងួត ចិតជាចំណិត រួចរោយអំបិលបន្តិច ហើយផ្អាប់ទុក 12 ម៉ោង។ បន្ទាប់មក យកចំណិតខ្ញីទាំងនេះទៅក្នុងក្រឡ ចាក់ទឹកខ្មេះពីលើបន្តិច រួចគ្របឱ្យជិត ទុកពី 4 ទៅ 5 ថ្ងៃ មុនពេលបរិភោគ។ គាត់ថា ល្អបំផុតគឺប្រើប្រាស់ទឹកខ្មេះធ្វើពីអង្ករ និងលាយជាមួយទឹក នៅក្នុងការត្រាំខ្ញីនេះ។
ការទទួលទានខ្ញីត្រាំទឹកខ្មេះ ឬហៅថាខ្ញីជ្រក់ទឹកខ្មេះ ក៏ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ជួយព្យាបាលជំងឺលើសខ្លាញ់អាក្រក់ទៀតផង៕