បើនិយាយអំពីប្រទាលកន្ទុយក្រពើ ច្បាស់ណាស់លោកអ្នកនឹងនឹកដល់អត្ថប្រយោជន៍នៃការរក្សាសម្រស់ រក្សាស្បែកជាដើម ដែលលោកអ្នកមិនធ្លាប់បានដឹងទេថា វាមានអត្ថប្រយោជន៍របស់វាផ្សេងទៀតសម្រាប់សុខភាពរបស់លោកអ្នក ។ ជាពិសេសស្រីៗ ដែលនិយមស្រលាញ់ភាពស្រស់ស្អាត ចូលចិត្តថែរក្សាស្បែក តែប្រហែលជាមិនបានជ្រាបថា ប្រទាលកន្ទុយក្រពើ អាចជួយកម្ចាត់កោសិកាមហារីក នឹងជួយការពារថែរក្សាសុខភាពសុភាពនារីពីជំងឺមហារីកឡើយ ។
ប្រទាលកន្ទុយក្រពើ ដែលមាននៅក្នុងតំបន់អាស៊ី មានលក្ខណៈខុសគ្នាពីប្រទាលនៅតំបន់អាហ្រិ្វក ដែលមានដើមធំៗ សាច់ចាហួយក្នុងប្រទាលថ្លាស្អិតល្អ ហើយក្រាស់ ធុននឹងកម្ដៅថ្ងៃព្រមទាំងគ្រោះរាំងស្ងួត។ រីឯប្រទាលនៅតំបន់អាស៊ីយើង ស្រូបទឹកច្រើន សាច់ប្រទាលស្ដើង ហើយមិនធុននឹងភាពត្រជាក់នៃសណ្ឋានដីត្រូពិចប៉ុន្មានទេ ។
នៅក្នុងសាច់ចាហួយប្រទាលកន្ទុយក្រពើ មានផ្ទុកនូវសារធាតុប្រឆាំង អុកស៊ីតកម្ម ហើយមានសារធាតុចិញ្ចឹម និងជាតិដែក។ ក្រៅពីនោះវាមានផ្ទុក វីតាមីន A វីតាមីន B1 វីតាមីន B2 វីតាមីន B6 វីតាមីន B12 វីតាមីន C វីតាមីន E សារជាតិ selenium សូដ្យូម ម៉ាញ៉េស្យូម ជាដើម ។
កាន់តែពិសេសជាងនេះទៅទៀតនេះ ប្រទាលកន្ទុយក្រពើ មានសារធាតុម្យ៉ាងដែលជួយកម្ចាត់កោសិកាជំងឺមហារីក ដែលគេឲ្យឈ្មោះថា ” Aloe – Emodin ” និង “Acemannan ” ដែលអ្នកទទួលទានប្រទាលនេះ សារជាតិ Aloe – Emodin នឹងជំរុញរំញោចរបស់ Macrophage ទៅជួយបណ្ដេញកោសិកាមហារីកចេញពីរាងកាយ ព្រោះទាំងរារាំងការរីកលូតលាស់របស់កោសិកាមហារីក។ រីឯសារជាតិ “Acemannan ” វិញ មានតួនាទីសំខាន់ក្នុងការពារការរីកលូតលាស់របស់ប្រព័ន្ធភាពស៊ាំ ។
គួរកត់សម្គាល់ថា លើសពីនេះទៀតសាច់ចាហួយប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ ក្នុងការជួយបញ្ចេញកាកសំណល់នៅក្នុងពោះវៀនចេញមកក្រៅយ៉ាងប្រសើរ ហើយវាជួយទប់ស្កាត់ជំងឺមហារីកពោះវៀនផងដែរ។ ក្រៅពីនោះជួយព្យាបាលជំងឺរលាកស្បែក បន្ទាលត្រអាក រលាកដោយភ្លើង និងការរលាកពីកំដៅព្រះអាទិត្យ ជាដើម ៕