បុរសវ័យ 66 ឆ្នាំម្នាក់នៅខេត្តដាក់ណុង (Dak Nong) ភាគខាងត្បូងប្រទេសវៀតណាម ដែលមានចម្ងាយប្រហែល 250 គីឡូម៉ែត្រពីទីក្រុងហូជីមិញ (ព្រៃនគរ) បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានដុំសាច់ពកធំនៅលើក្បាល ហើយត្រូវវេជ្ជបណ្ឌិតរកឃើញថា កើតជម្ងឺ Whitmore។
យោងតាមនាយកដ្ឋានសុខាភិបាលខេត្តដាក់ណុង កាលពីមួយឆ្នាំមុន អ្នកជម្ងឺខាងលើមានដុំសាច់នៅលើក្បាល ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាជាដុំខ្លាញ់។ កាលពីមួយសប្ដាហ៍មុននេះ អ្នកជម្ងឺមានអាការឈឺចាប់ត្រង់ដុំពកនោះ ហើយក៏បានចូលពេទ្យនៅខេត្តដាក់ណុង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ VNexpress កាលពីថ្ងៃទី 21 មេសា។
អ្នកជម្ងឺត្រូវបានពិនិត្យឃើញថារលាកលលាដ៍ក្បាល និងខ្ទុះក្រោមស្បែកក្បាល ហើយក៏ត្រូវបានយកសំណាកទៅធ្វើតេស្ត។ ថ្ងៃទី 19 មេសា 2023 លទ្ធផលនៃការធ្វើតេស្តបង្ហាញថា វត្ថុសំណាកនេះមានផ្ទុក Burkholderia pseudomallei ដែលជាបាក់តេរីបង្កជម្ងឺ Whitmore ឬហៅថា «បាក់តេរីស៊ីសាច់មនុស្ស»។
នេះគឺជាមនុស្សដំបូងនៅខេត្តដាក់ណុងដែលត្រូវបានរកឃើញថាមានជម្ងឺ Whitmore ជាជម្ងឺដែលហាក់ត្រូវបានគេភ្លេចទៅហើយ និងបានបង្ហាញវត្តមានឡើងវិញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីបានរកឃើញករណីខាងលើ មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺខេត្តដាក់ណុង ក៏បានណែនាំឱ្យប្រជាជនចូលរួមទប់ស្កាត់ការឆ្លងរាលដាល ដោយការរក្សាអនាម័យផ្ទាល់ខ្លួន ការពារបរិស្ថាន និងប្រើប្រាស់សម្ភារៈការពារសុខភាពនៅពេលធ្វើការ។
បាក់តេរី B. pseudomallei រស់នៅក្នុងដី ទឹកកខ្វក់ និងអាចចូលក្នុងរាងកាយមនុស្សតាមរយៈស្បែកដែលរលាត់ របួសដែលមិនបានព្យាបាល។ បច្ចុប្បន្ន ពុំទាន់មានភ័ស្ដុតាងដែលបង្ហាញអំពីសមត្ថភាពនៃការឆ្លងរាលដាលពីមនុស្សទៅមនុស្ស ឬពីសត្វទៅមនុស្សរបស់បាក់តេរីនេះនៅឡើយ។
អ្នកកើតជម្ងឺនេះអាចបាត់បង់ជីវិតបើសិនមិនបានព្យាបាលទាន់ពេល ពិសេសអ្នកជំងឺដែលមានជម្ងឺប្រចាំកាយមួយចំនួនមានដូចជា ជម្ងឺទឹកនោមផ្អែម ជម្ងឺថ្លើម ជម្ងឺតម្រងនោម និងជម្ងឺសួតជាដើម។
នៅប្រទេសវៀតណាម អ្នកជម្ងឺ Whitmore ប្រហែល 70% ត្រូវចូលពេទ្យចាប់ពីខែកញ្ញាដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ។ អ្នកជម្ងឺទាំងនេះតែងតែមានទំនាក់ទំនងជាមួយនឹងស្ថានភាពទឹកជំនន់។ បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងសម្រាប់ចាក់ទប់ស្កាត់ការឆ្លងជម្ងឺ Whitmore នេះនៅឡើយ៕