
អម្បូររវីរុសផ្តាសាយបក្សី H5N1 ដែលបានបណ្តាលឱ្យកុមារីម្នាក់នៅខេត្តព្រៃវែងបាត់បង់ជីវិតកាលពីថ្ងៃពុធសប្ដាហ៍កន្លង រួមនឹងការឆ្លងរាលដាលនាពេលកន្លង មិនមែនជាការកំរាមកំហែងតិចតួចឡើយ នេះបើតាម មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានប៉ាស្ទ័រ។
អម្បូរវីរុសផ្តាសាយបក្សី H5N1 (clade 2.3.2.1c) នេះ គឺជាវីរុសដែលបានសិក្សារកឃើញនៅក្នុងចំណោមបក្សីស្រុក និង បក្សីព្រៃក្នុងប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការតាមដាន ស្រាវជ្រាវលើករណីជំងឺនេះគឺនៅតែបន្ត នេះបើតាមមន្ត្រីរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានថ្លែអថា លទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ ទៅលើសំណាក់សរុបចំនួន 29 ដែលជាអ្នកប៉ះពាល់នឹងអ្នកស្លាប់ដោយសារវីរុស H5H1 កាលពីយប់ថ្ងៃទី 25 កុម្ភៈ បង្ហាញថា អវិជ្ជមានទាំងអស់។

CDC កំពុងស្រាវជ្រាវរកប្រភពរបស់វីរុស ហើយមិនទាន់រកឃើញសញ្ញាឆ្លងពីមនុស្សទៅមនុស្ស ខណៈដែលអង្គការសុខភាពពិភពលោកក៏កំពុងសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីតាមដានករណីឆ្លងវីរុសនេះ។
លោក Erik Karlsson អនុប្រធានផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រ បានថ្លែងកាលពីម្សិលមិញថា «បើទោះវា (វីរុស H5N1) ធ្លាប់បានឆ្លងទៅមនុស្សក្នុងអតីតកាល ក្រុមមន្ត្រីជំនាញក៏មិនធ្លាប់រកឃើញករណីឆ្លងពីមនុស្សទៅមនុស្ស»។ ប៉ុន្តែលោកថា ប្រការនេះមិនមែនមានន័យថា ការកំរាមកំហែងរបស់វីរុសនេះគឺមានតិចតួចនោះទេ»។
ជំងឺផ្ដាសាយបក្សីគឺជាជំងឺឆ្លងនៅក្នុងចំណោមសត្វស្លាប បង្កឡើងដោយវីរុសផ្ដាសាយប្រភេទ A។ ជំងឺនេះត្រូវបានរកឃើញដំបូងនៅអ៊ីតាលី កាលពីជាង 100 ឆ្នាំមុន ហើយក៏បានឆ្លងរាលដាលពាសពេញពិភពលោក។
ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី 23 កុម្ភៈ បានប្រកាសថា បានរកឃើញជំងឺផ្តាសាយបក្សី H5N1 ចំនួនមួយករណី ដែលបានឆ្លងទៅលើកុមារីម្នាក់អាយុជាង 11 ឆ្នាំ រស់នៅក្នុងភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្រោយពីបានធ្វើតេស្តលើវត្ថុសំណាក។ កុមារីរូបនេះក្រោយមកក៏បានបាត់បង់ជីវិតកាលពីថ្ងៃទី 22 កុម្ភៈ៕
