មន្ត្រីអាម៉េរិកព្រមានថា បច្ចុប្បន្នមានប្រភេទម៉ាថ្មីដ៏គួរឱ្យបារម្ភ និងមានឈ្មោះថា xylazine ដែលអាចធ្វើឱ្យស្បែកអ្នកប្រើប្រាស់មានក្លិនអាក្រក់។
ក្នុងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ Tracey McCann រស់នៅក្នុងរដ្ឋ Philadelphia ត្រូវរន្ធត់ខ្លាំងនៅពេលឃើញស្លាមចាក់គ្រឿងញៀនឡើងរឹង បង្កើតបានជាស្រទាប់ពណ៌ខ្មៅ ដាច់រលាត់ និងមានអាការឈឺចាប់។ «ខ្ញុំក្រោកពីព្រលឹម និងយំ ព្រោះតែឃើញដៃដូចជិតស្លាប់» ស្ត្រីវ័យ 39 ឆ្នាំ រៀបរាប់កាលពីថ្ងៃទី 20 កុម្ភៈដូច្នេះ។
ដៃដែលរងរបួសរបស់ McCann ភាយក្លិនអាក្រក់ ចេញទឹករងៃ រមាស់ និងក្ដៅក្រហាយ។ ចុងក្រោយ នាងត្រូវទៅពេទ្យដើម្បីឱ្យវេជ្ជបណ្ឌិតកាត់សាច់រលាកនោះចោល។ ប៉ុន្មានខែក្រោយមក McCann បានស្រកទម្ងន់ពី 68 មកនៅ 40 គីឡូក្រាម។
នេះគឺជាផលវិបាកនៃការចាក់គ្រឿងញៀន xylazine ក្នុងរយៈពេលយូរ។ ក្នុងតំបន់ដែល McCann រស់នៅ គេឃើញមានគ្រឿងញៀនប្រភេទ xylazine នេះស្ទើរគ្រប់កន្លែង។
Xylazine ដើមឡើយគឺជាថ្នាំងងុយដេក ជួយកាត់បន្ថយការឈឺចាប់ និងតែងត្រូវបានបសុពេទ្យប្រើប្រាស់សម្រាប់សត្វចិញ្ចឹម មានជាអាទិ៍ គោ ក្របី និងសេះជាដើម ដោយស្របច្បាប់ នៅសហរដ្ឋអាម៉េរិក ប៉ុន្តែមិនទាន់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់មនុស្ស ដូច្នេះវាក៏មានវត្តមាននៅក្នុងសង្គមងងឹត។
បច្ចុប្បន្ន អាជ្ញាធរគ្រប់គ្រងអាហារ និងឱសថអាម៉េរិក (FDA) កំពុងស្រាវជ្រាវរកប្រភពរបស់ xylazine នៅក្នុងករណីអ្នកជំងឺត្រូវចូលពេទ្យ ក្នុងបំណងឱ្យដឹងច្បាស់ថា វាត្រូវបានយកពីប្រភពថ្នាំបសុពេទ្យ ឬផលិតដោយខុសច្បាប់។
តាំងពីឆ្នាំ 2012 ថ្នាំញៀន xylazine បានក្លាយជាផលិតផលជំនួសឱ្យ heroin និងត្រូវបានរកឃើញនៅក្នុង fentanyl និង cocaine។ Fentanyl ដែលប្រើជាមួយ xylazine អាចជួយអូសបន្លាយប្រសិទ្ធភាពរបស់ថ្នាំញៀន។ អ្នកប្រើប្រាស់គ្រឿងញៀនប្រភេទនេះនឹងមានអារម្មណ៍ដូចពាក់កណ្ដាលរលឹក ពាក់កណ្ដាលសន្លប់។ ប៉ុន្តែ នៅពេលចាក់ថ្នាំញៀននេះចូលទៅក្នុងស្បែក វានឹងធ្វើឱ្យមានស្នាមរបួសស្ងួតរឹងនៅលើស្បែក ហើយរបួសនេះនឹងរីកទៅតាមពេលវេលា។ បើសិនមិនបានព្យាបាលទាន់ពេល វានឹងទៅជាស្អុយរលួយ និងត្រូវកាត់សាច់នោះចោល។
ការបន្សាបអាការញៀនថ្នាំ xylazine មិនមែនជារឿងងាយស្រួលសោះឡើយ។ អ្នកជំងឺត្រូវឈឺចាប់មួយចំហៀងក្បាល ភ្នែកប្រែជាស្រវាំង ក្អួតចង្អោរ ស្ពឹកម្រាមដៃជើង បែកញើស និងថប់អារម្មណ៍៕