កុមារប្រមាណ 25 នាក់នៅឥណ្ឌូណេស៊ី ត្រូវបានរាយការណ៍ថា មានបញ្ហារលាកក្រពះបន្ទាប់ពីញ៉ាំចំណីមួយប្រភេទដែលមានផ្សែងដ៏ទាក់ទាញ និងមានឈ្មោះថា «នំដង្ហើមនាគ» chiki ngebul។
Chiki ngebul ឬហៅថា «ដង្ហើមនាគ» (dragons breath) គឺជានំមានផ្សែងដែលត្រូវបានគេច្នៃដោយយកនំបំពងស្រួយ ស្ករគ្រាប់ស្រួយ ឬនំធ្វើពីគ្រាប់ធញ្ញជាតិនានា ជ្រលក់ចូលក្នុងនីដ្រូសែនរាវ។ អ្នកញ៉ាំនំនេះនឹងដកដង្ហើមចេញចូលមានផ្សែងដូចទៅនឹងដង្ហើមរបស់សត្វនាគ។ បើទោះជាបង្ហាញវត្តមានច្រើនឆ្នាំមកហើយ ប៉ុន្តែ «នំដង្ហើមនាគ» នេះ កំពុងមានការពេញនិយមខ្លាំង ពិសេសគឺក្មេងតូចៗ។
ថ្មីៗនេះ លោក Maxi Rein Rondonuwu រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានឱ្យដឹងថា ចាប់ពីខែមិថុនា ដល់ខែធ្នូ 2022 មានក្មេងប្រហែល 25 នាក់បានរលាកក្រពះ និងពីរករណីត្រូវចូលពេទ្យទទួលការព្យាបាល បន្ទាប់ពីញ៉ាំស្ករគ្រាប់ ឬនំស្រួយដង្ហើមនាគ។ លោក Maxi បញ្ជាក់ថា ក្មេងដែលពុលនឹងចំណីនេះមានអាការឈឺពោះខ្លាំង។ សារព័ត៌មានក្នុងស្រុករបស់ឥណ្ឌូណេស៊ីក៏បានរាយការណ៍ថា មានក្មេងម្នាក់ត្រូវចូលពេទ្យវះកាត់ ដោយសារតែដាច់រលាត់ក្រពះបន្ទាប់ពីបានញ៉ាំស្ករគ្រាប់ប្រភេទនេះ។ ប៉ុន្តែមិនទាន់មានករណីស្លាប់នៅឡើយទាក់ទងនឹងនំដង្ហើមនាគ។
ការប្រើប្រាស់នីដ្រូសែនរាវក្នុងការច្នៃអាហារមិនមែនជារឿងខុសច្បាប់។ ពួកមេចុងភៅតែងតែប្រើប្រាស់ចំហាយនីដ្រូសែនដើម្បីបង្កើតជាបាតុភូតផ្សែងដ៏ស្រស់ស្អាតនៅក្នុងអាហារ ប៉ុន្តែបើសិនមិនបានចាត់ការត្រឹមត្រូវទេ វាអាចនឹងក្លាយជារឿងគ្រោះថ្នាក់។
«នីដ្រូសែនរាវមិនត្រឹមតែគ្រោះថ្នាក់នៅពេលញ៉ាំនោះទេ តែបើសិនស្រូបផ្សែងនីដ្រូសែនក្នុងរយៈពេលយូរ អាចនឹងបង្កឱ្យមានអាការពិបាកដកដង្ហើមធ្ងន់ធ្ងរ» រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនិយាយដូច្នេះ ព្រមទាំងបានស្នើឱ្យបង្កើនការគ្រប់គ្រងសកម្មភាពទិញលក់នំ chiki ngebul នៅប្រទេសនេះ។
កាលពីឆ្នាំ 2018 អាជ្ញាធរគ្រប់គ្រងអាហារ និងឱសថរបស់សហរដ្ឋអាម៉េរិក (FDA) បានព្រមានអំពីបញ្ហាសុវត្ថិភាពដែលទាក់ទិននឹងអាហារ «ដង្ហើមនាគ» ដែលច្នៃពីនីដ្រូសែនរាវនេះផងដែរ៕