(សហរដ្ឋអាម៉េរិក)- ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជាសាស្ត្រ Maryland បានរកឃើញទំនាក់ទំនងរវាងប្រភេទឈាម និងអត្រាឈឺបេះដូង និងឆាប់មានជំងឺដាច់សរសៃឈាមខួរក្បាល។
លទ្ធផលនៃការស្រាវជ្រាវត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Neurology កាលពីថ្ងៃទី 03 មករា 2023។ បន្ទាប់ពីបានពិនិត្យលើកត្តាទាក់ទងនានា ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានរកឃើញថា ឈាមប្រភេទ A មានហានិភ័យដាច់សរសៃឈាមខួរក្បាលឆាប់ជាង 18% ធៀបនឹងក្រុមឈាមដទៃ។ ចំណែកអ្នកមានឈាមប្រភេទ O មានហានិភ័យទាបជាង 12%។
ដើម្បីទទួលបានលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីការស្រាវជ្រាវចំនួន 48 លើកដែលធ្វើឡើងទៅលើអ្នកជំងឺដាច់សរសៃឈាមខួរក្បាលដោយសារខ្វះឈាម នៅលើមនុស្សវ័យក្រោម 60 ឆ្នាំ។ ក្នុងចំណោមនោះមានអ្នកជំងឺដាច់សរសៃឈាមខួរកបាលចំនួន 17,000 នាក់ និងមនុស្សមានសុខភាពធម្មតា 600,000 នាក់។ អ្នកស្រាជ្រាវក៏បានរកឃើញទំនាក់ទំនងរវាងបញ្ហាឆាប់ដាច់សរសៃឈាមខួរក្បាល ជាមួយនឹងតំបន់នៃក្រូម៉ូសូមដែលមានហ្សែនកំណត់ក្រុមឈាម (A, B, AB ឬ O)។
ក៏ប៉ុន្តែ បើទោះជាបានរកឃើញថា ឈាមប្រភេទ A មានហានិភ័យដាច់សរសៃឈាមខួរក្បាលខ្ពស់ក៏ដោយ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកដែលមានឈាមប្រភេទនេះមិនចាំបាច់បារម្ភឡើយ។ ពួកគេជឿថា ហានិភ័យដាច់សរសៃឈាមកើនឡើង គឺអាចបណ្ដាលមកពីបញ្ហាមានឈាមកក។ ការសិក្សាស្រាវជ្រាវកន្លងក៏បានបង្ហាញថា អ្នកដែលមានឈាមប្រភេទ A មានហានិភ័យមានឈាមកកក្នុងសរសៃឈាមជ្រៅ «ខ្ពស់ជាងគេ» ផងដែរ៕