ក្នុងចំណោមអ្នកដំណើរ 212 នាក់នៅលើយន្តហោះពីរគ្រឿងធ្វើដំណើរពី ប្រទេសចិន ទៅកាន់ Milan ក្នុងសប្ដាហ៍នេះ មាន 97 នាក់វិជ្ជមាននឹងកូវីដ-19 ធ្វើឱ្យ អ៊ីតាលី ត្រូវរឹតបន្តឹងការធ្វើតេស្ត។
ជើងយន្តហោះចំនួន 2 ដែលដឹកអ្នកដំណើរពី ប្រទេសចិន កាលពីថ្ងៃទី 26 ធ្នូ បានចុះចតនៅព្រលានយន្តហោះ Malpensa ក្នុងទីក្រុង Milan ភាគខាងជើងប្រទេសអ៊ីតាលី។ ក្នុងជើងយន្តហោះដំបូង មាន 35 នាក់វិជ្ជមាននឹងកូវីដ-19 ក្នុងចំណោមអ្នកដំណើរទាំង 92 នាក់។ ចំណែកនៅក្នុងជើងយន្តហោះទីពីរ មាន 62 នាក់វិជ្ជមានក្នុងចំណោមអ្នកដំណើរ 120 នាក់ នេះបើតាម Guido Bertolaso មេដឹកនាំផ្នែកសុខាភិបាលនៅតំបន់ Lombardy។
អ្នកដំណើរដែលវិជ្ជមាននឹងកូវីដ-19 ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ខណៈអាជ្ញាធរអ៊ីតាលី កំពុងបង្កើនការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល។ កាលពីថ្ងៃទី 28 ធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីតាលី បានប្រកាសថា «អ្នកដំណើរគ្រប់រូបដែលមកពី ប្រទេសចិន និងឆ្លងកាត់ ប្រទេសអ៊ីតាលី» ត្រូវតែធ្វើតេស្តរកកូវីដ-19។
ក្រៅពី អ៊ីតាលី ប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក ជប៉ុន ឥណ្ឌា និង ម៉ាឡេស៊ី ជាដើម ក៏តម្រូវឱ្យធ្វើតេស្តចំពោះអ្នកដំណើរមកពីប្រទេសចិន។
ករណីខាងលើបានកើតឡើងក្រោយពី អាជ្ញាធរចិន កាលពីថ្ងៃទី 26 ធ្នូ សម្រេចទម្លាក់កម្រិតនៃការគ្រប់គ្រងកូវីដ-19 ដោយលើកលែងការធ្វើចត្តាឡីស័កជាដើម ចំពោះអ្នកដំណើរមកពីបរទេស និងកាត់បន្ថយវិធានការទប់ស្កាត់កូវីដ-19 ផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យ ពលរដ្ឋចិន ចេញទៅបរទេសបានងាយស្រួលជាងមុន៕