កាលពីថ្ងៃទី 29 ធ្នូ ក្រសួងសុខាភិបាលរបស់ អ៊ូសបេគីស្ថាន បានឱ្យដឹងថា កុមារ 18 នាក់របស់ប្រទេសនេះបានស្លាប់ ក្រោយពីផឹកស៊ីរ៉ូព្យាបាលអាការក្អក ដែលផលិតដោយក្រុមហ៊ុនឥណ្ឌា Marion Biotech។
ឱសថខាងលើមានឈ្មោះថា Doc-1 Max ត្រូវបាននាំចូល អ៊ូសបេគីស្ថាន តាមរយៈក្រុមហ៊ុន Quramax Medical។ ថ្នាំនេះត្រូវបានផ្សាយថា អាចព្យាបាលជំងឺផ្ដាសាយ។
យោងតាម ក្រសួងសុខាភិបាលអ៊ូសបេគីស្ថាន ស៊ីរ៉ូក្អកមានផ្ទុក ethylene glycol ជាសារធាតុពុលម្យ៉ាង។ Ethylene glycol តែងស្ថិតនៅជាទម្រង់រាវមិនមានក្លិន មិនមានពណ៌ មានរសជាតិផ្អែម និងតែងរកឃើញនៅក្នុងសារធាតុប្រឆាំងការកក។
«ក្មេងៗបានស្លាប់ ក្រោយពីផឹកស៊ីរ៉ូក្អកដោយមិនមានវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។ អាណាព្យាបាលរបស់ពួកគេតែងសុំយោបល់ពីឱសថការី ឬអ្នកលក់ថ្នាំ និងបានឱ្យកូនផឹកលើសពីការណែនាំ» អ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាលអ៊ូសបេគីស្ថាន ឱ្យដឹងដូច្នេះ។
ក្រុមហ៊ុនឱសថ Marion Biotech, ក្រុមហ៊ុន Quramax Medical និង ក្រសួងសុខាភិបាលឥណ្ឌា មិនទាន់ឆ្លើយតបនឹងសំណើសុំបកស្រាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយ។ ប្រភពព័ត៌មានពី រដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា ក្រសួងសុខាភិបាលឥណ្ឌា កំពុងពិនិត្យលើបញ្ហានេះ។
មុន អ៊ូសបេគីស្ថាន ប្រទេសហ្កំប៊ី ក៏មានករណីប្រហាក់ប្រហែលគ្នានេះដែរ។ ក្មេងចំនួន 70 នាក់របស់ ហ្កំប៊ី បានស្លាប់ ក្រោយពីផឹកថ្នាំស៊ីរ៉ូក្អក ដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals មានទីស្នាក់ការនៅ ប្រទេសឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌា បានចេញបទបញ្ជាឱ្យឈប់ផលិតស៊ីរ៉ូក្អកនៅឯរោងចក្រ Maiden។
មុននោះ ប្រទេសឥណ្ឌូណេស៊ី ក៏បានរាយការណ៍ថា ក្មេងជិត 100 នាក់បានស្លាប់ព្រោះតែមានបញ្ហាតម្រងនោម ដែលជាប់ទាក់ទិននឹងថ្នាំស៊ីរ៉ូក្អកដែលផ្ទុក paracetamol នាំចូលពី ឥណ្ឌា។ ឥណ្ឌូណេស៊ី បានស្នើឱ្យផ្អាកការលក់ថ្នាំប្រភេទនេះរហូតដល់ការស្រាវជ្រាវបានបញ្ចប់។
ឥណ្ឌា ត្រូវបានចាត់ទុកថាជា «យីហោឱសថរបស់ពិភពលោក»។ យោងតាម Reuters ការនាំចេញឱសថរបស់ប្រទេសនេះបានកើនឡើងជាងទ្វេដងក្នុងទសវត្សរ៍កន្លង ដោយឡើងដល់ 24.5 ពាន់លានដុល្លារអាម៉េរិក៕