(សហរដ្ឋអាម៉េរិក)- ការសិក្សាស្រាវជ្រាវបង្ហាញថា របបអាហារដែលសម្បូរធញ្ញជាតិ បន្លែ សណ្ដែកសៀង និងមានខ្លាញ់តិច នឹងជួយជំរុញដំណើរការរបស់ហ្សែន FOX03 ដែលជួយឱ្យមនុស្សមានអាយុវែង។
លទ្ធផលនៃការស្រាវជ្រាវពី វិទ្យាស្ថានស្រាវជ្រាវអាយុ Kuakini Hawaii បានបង្ហាញថា ក្នុងចំណោមផ្នែកតំណពូជដែលទាក់ទងនឹងអាយុ គេឃើញថា ហ្សែន FOX03 គឺមានសារសំខាន់ជាងគេ។ វេជ្ជបណ្ឌិត Bradley Willcox ប្រធានក្រុមសិក្សាស្រាវជ្រាវខាងលើបានឱ្យដឹងថា គ្រប់គ្នាអាចដាស់ហ្សែន FOX03 តាមរយៈរបបអាហារ។
«សូម្បីតែនៅពេលអ្នកមិនមានហ្សែន FOX03 ពិសេសដែលទាក់ទងនឹងអាយុ ក៏នៅមានវិធីដើម្បីដាស់ហ្សែន បង្កើនទ្វេដងនូវសមត្ថភាពរស់បានយូរ» វេជ្ជបណ្ឌិត Bradley Willcox កាលពីថ្ងៃទី 07 ធ្នូ 2022 និយាយដូច្នេះ។
វេជ្ជបណ្ឌិត Bradley Willcox បាននិយាយដល់របបអាហារដែលមានឈ្មោះថា Okinawan។ ជារួម នេះគឺជារបបអាហារដែលមានកាឡូរី និងខ្លាញ់តិច ប៉ុន្តែសម្បូរ កាបូអ៊ីដ្រាត (carbohydrates) ក្នុងនោះមានដូចជា បន្លែ និងផលិតផលពីសណ្ដែកសៀង ហើយប្រើប្រាស់ដំឡូងជ្វាជាប្រភពផ្គត់ផ្គង់កាឡូរីចម្បង។
នៅក្នុងរបបអាហារ Okinawan អ្នកនឹងបរិភោគបន្លែពី 50 ទៅ 58% ដែលរួមមាន ដំឡូងជ្វា, សារាយសមុទ្រ ទំពាំង មើមស្ពៃ (ឆាយថៅ) ការ៉ុត ពោតបារាំង, ម្រះ ស្ពៃក្ដោប ល្ពៅ ល្ហុងខ្ចី។ របបអាហារនេះក៏មានគ្រាប់ធញ្ញជាតិ (ស្រូវអង្ករសាលីជាដើម) 33%, អាហារធ្វើពីសណ្ដែកសៀង 5% និង 1% ទៀត រួមមាន ស្រា តែ ទឹក គ្រឿងទេស។ គ្រឿងផ្សំពីរមុខដែលសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មដែលអាចបរិភោគតាមចិត្តក្នុងរបបអាហារ Okinawan គឺតែផ្កាម្លិះ និងរមៀត។
យោងតាម វេជ្ជបណ្ឌិត Bradley Willcox អាហារទាំងឡាយខាងលើសុទ្ធតែផ្ទុកសារជាតិចិញ្ចឹមខ្លាំងដែលត្រូវបានរកឃើញភាគច្រើននៅក្នុងរុក្ខជាតិសមុទ្រគឺ astaxanthin។ Astaxanthin ថែមទាំងជួយប្រឆាំងនឹងបញ្ហារលាកដំបៅទ្រង់ទ្រាយធំផងដែរ។
ការស្រាវជ្រាវបញ្ជាក់ថា astaxanthin គឺល្អសម្រាប់អ្នកមានជំងឺរលាក ដូចជា រលាកសន្លាក់ជាដើម។ ឆ្នាំ 2017 ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក នៅ សាកលវិទ្យាល័យ Hawaii ក៏បានរកឃើញថា astaxanthin អាចដាស់ «ហ្សែនចម្រើនអាយុ» FOX03 នៅលើសត្វកណ្ដុរ។
លទ្ធផលនៃការស្រាវជ្រាវដែលបានចុះផ្សាយលើទស្សនាវដ្ដី Nature Communications ក៏បានបង្ហាញថា FOX03 ក៏អាចរក្សាសមត្ថភាពបង្កបង្កើតខួរក្បាលឡើងវិញ តាមរយៈការរារាំងកោសិកាដើមមិនឱ្យបំបែកខ្លួនរហូតដល់ពេលបរិស្ថានមានអំណោយផលសម្រាប់ជីវិតរបស់កោសិកាថ្មី។
យោងតាម Daily Express កោសិកាដើម រួមផ្សំជាមួយហ្សែនប្រឆាំងភាពចាស់ បង្កើតបានជាខែលការពារ ប្រឆាំងនឹងឥទ្ធិពលនៃវ័យចាស់៕