ជឿជាក់ថានារីគ្រប់រូបប្រហែលជាចង់បានសរសៃសក់ដែលរឹងមាំ មិនបែកចុង ព្រមទាំងមានភាពទន់ភ្លឺរលាង និងមិនជំពាក់គ្នាហើយ ដូច្នេះនៅថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមនាំយកនូវវិធីសាស្ត្រមួយចំនួនដែលជាអាថ៌កំបាំងនៃការរក្សាសរសៃសក់ឱ្យមើលទៅមានសុខភាពល្អមកជម្រាបជូន។ ស្លឹកគ្រៃជាបន្លែឱសថបុរាណបែបធម្មជាតិ ដែលមាននៅក្នុងផ្ទះ ហើយមានប្រយោជន៍ដល់សរសៃសក់យ៉ាងពិតប្រាកដណាស់ ដូច្នេះសូមតាមដានជាបន្ត។
ស្លឹកគ្រៃ ជាបន្លែឱសថបុរាណមាននៅក្នុងផ្ទះ ដែលគុណសម្បត្តិរបស់វាជួយបំប៉នសរសៃសក់ ការពារសក់បែកចុង សក់ស្តើង សក់ជ្រុះ ជួយឱ្យសក់ទន់ភ្លឺរលោង ស្រស់ស្អាតបែបធម្មជាតិនិងជួយឱ្យសរសៃសក់មិនងាយជ្រុះ ដោយសារតែស្លឹកគ្រៃមានសារធាតុចិញ្ចឹម ដែលមានសារសំខាន់ដូចជា វីតាមីន C វីតាមីន A និងមានសារធាតុផ្សំនៅក្នុងប្រេងក្រអូបសម្រាប់ម៉ាស្សា ដូចជា ជាតិមេនថល កាបូន Citrus ជាដើម។
វិធីធ្វើ
- យកស្លឹកគ្រៃលាងឱ្យស្អាតចំនួន3ដើម។
- យកមកបុកឱ្យល្អិត រួចពូតយកតែទឹក។
- បន្ទាប់ពីកក់សក់ឱ្យស្អាតរួចហើយ ចូរយកទឹកស្លឹកគ្រៃមកកក់ជាមួយសក់ឱ្យសព្វ ហើយម៉ាស្សាលើស្បែកក្បាលថ្មមៗ ទុករយៈពេល 10នាទី ទើបលាងទឹកចេញជាធម្មតា។
វិធីសាស្ត្រនេះ សូមណែនាំឱ្យធ្វើជាប្រចាំប្រមាណ2-3ខែ នោះអ្នកនឹងសង្កេតឃើញថា សក់របស់អ្នកប្រែមកជាមានសភាពទន់រលោងហើយរឹងមាំ ស្រស់ស្អាតតាមបែបធម្មជាតិទ្វេដងមិនខាន៕