FDA បានអនុម័តចំពោះវិធីព្យាបាលដែលដាក់បញ្ចូលបាក់តេរីយកពីលាមកមនុស្ស ដើម្បីព្យាបាលជំងឺពោះវៀន ជួយទប់ស្កាត់ករណីស្លាប់ដោយសារកើតជំងឺធ្ងន់ព្រោះតែឆ្លងមេរោគ។
ឱសថដែលរៀបរាប់ខាងលើមានឈ្មោះថា Rebyota ជាប្រភេទរាវ និងល្អក់ មានផ្ទុកបាក់តេរីពោះវៀនដែលយកពីលាមករបស់អ្នកបរិច្ចាគដែលមានសុខភាពល្អ។
ឱសថ Rebyota ទទួលបានការយល់ព្រមឱ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ជាអ្នកដែលត្រូវបានព្យាបាលជាសះស្បើយពីការឆ្លងមេរោគក្នុងពោះវៀន ប៉ុន្តែអាចកើតជំងឺនេះឡើងវិញ ដោយសារបាក់តេរី Clostridioides difficile ឬហៅថា C. diff។
បាក់តេរីប្រភេទនេះអាចចូលទៅគ្រប់គ្រងពោះវៀន បើសិនប្រព័ន្ធបាក់តេរីល្អត្រូវបានបំផ្លាញ (ដោយសារតែថ្នាំរម្ងាប់មេរោគជាដើម)។ នៅពេលបាក់តេរី C. diff កើនឡើងច្រើន ពួកវានឹងបញ្ចេញសារធាតុពុល បង្កឱ្យមានអាការរាករូស ឈឺពោះ ក្ដៅខ្លួន និងរលាកពោះវៀនធំ។
យោងតាម អាជ្ញាធរគ្រប់គ្រងអាហារ និងឱសថ (FDA) របស់ សហរដ្ឋអាម៉េរិក បាក់តេរី C. diff ជួលកាលអាចបណ្ដាលឱ្យមានជំងឺខ្សោយសរីរាង្គខាងក្នុង និងអាចបាត់បង់ជីវិត។ នៅ សហរដ្ឋអាម៉េរិក ជារៀងរាល់ឆ្នាំមានមនុស្សពី 15,000 ទៅ 30,000 នាក់បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងបាក់តេរី C. diff នេះ។
គ្រប់គ្នាអាចកើតជំងឺជាថ្មីច្រើនលើកដែលទាក់ទងនឹង C. diff ហើយថ្នាំរម្ងាប់មេរោគក៏មិនមែនពេលណាក៏មានប្រសិទ្ធភាពលើបាក់តេរីប្រភេទនេះដែរ តែពេលខ្លះទៀត ថ្នាំរម្ងាប់មេរោគអាចបំផ្លាញប្រព័ន្ធបាក់តេរីល្អ និងធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
លោក Peter Marks ប្រធានមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវជីវសាស្ត្ររបស់ FDA ឱ្យដឹងថា «ការយល់ព្រមសម្រាប់ថ្នាំ Rebyota គឺជាជំហានមួយនៅក្នុងការថែទាំអ្នកដែលមានជំងឺរើឡើងវិញដោយសារឆ្លង C. difficile»។
ដោយការបញ្ចូលថ្នាំខាងលើទៅកាន់តំបន់ចុងពោះវៀនធំ (កន្លែងតភ្ជាប់រវាងពោះវៀនធំ និងរន្ធគូទ) របស់អ្នកជំងឺ វេជ្ជបណ្ឌិតអាចកែលំអប្រព័ន្ធបាក់តេរីល្អក្នុងពោះវៀនផ្នែកខាងក្រោម ទប់ស្កាត់ការកើតជំងឺនេះជាថ្មី។ វិធីព្យាបាលនេះត្រូវបានប្រើប្រាស់បន្ទាប់ពីអ្នកជំងឺបានបញ្ចប់ការព្យាបាលដោយថ្នាំរម្ងាប់មេរោគ៕