ប្រទេសចិន រកឃើញករណីឆ្លងថ្មីនូវជំងឺកូវីដ-19 ជាង 40,000 នាក់ ក្នុងនោះមានជាង 36,000 នាក់មិនមានរោគសញ្ញា ដែលនេះគឺជាកំណើនក្នុងរយៈពេល 5 ថ្ងៃបន្តបន្ទាប់នៅក្នុងការផ្ទុះឆ្លងសាជាថ្មីនេះ។
គណៈកម្មការជាតិសុខាភិបាលរបស់ ប្រទេសចិន ថ្ងៃនេះបានឱ្យដឹងថា ប្រទេសនេះរកឃើញករណីឆ្លងថ្មីនូវជំងឺកូវីដ-19 ចំនួន 40,347 នាក់ក្នុងអំឡុង 24 ម៉ោងកន្លង ក្នុងនោះមាន 3,822 ករណីមានរោគសញ្ញា និង 36,525 ករណីមិនមានរោគសញ្ញា។ នេះគឺជាកំណើនខ្ពស់មិនធ្លាប់មាននៅ ប្រទេសចិន រាប់ចាប់ពីការផ្ទុះជំងឺរាតត្បាត និងជាការកើនឡើងថ្ងៃទី 5 នៃការផ្ទុះឆ្លងបន្តបន្ទាប់ចុងក្រោយនេះ។
ក្នុងរលកនៃការឆ្លងរាលដាលថ្មីនេះ ប្រទេសចិន មិនបានរកឃើញករណីស្លាប់ដោយសារកូវីដ-19។ ករណីស្លាប់សរុបដោយសារជំងឺនេះនៅ ប្រទេសចិន បច្ចុប្បន្នគឺ 5,233 នាក់។
គិតត្រឹមថ្ងៃទី 27 វិច្ឆិកា 2022 ប្រទេសចិន (ចិនដីគោក) បានរកឃើញករណីឆ្លងកូវីដ-19 សរុប 311,624 នាក់ ដែលទាំងនេះសុទ្ធតែជាករណីមានរោគសញ្ញា៕