សោកនាដកម្មប្រជ្រៀតជាន់គ្នាស្លាប់រាប់រយនាក់នៅ Itaewon ក្នុងរដ្ឋធានីសេអ៊ូល បាននាំឱ្យ ជនជាតិកូរ៉េខាងត្បូង យកចិត្តទុកដាក់ជាងមុនទៅលើការជួយធ្វើចលនាសួត និងបេះដូង ជាបច្ចេកទេសដែលអាចជួយសង្គ្រោះជីវិតក្នុងស្ថានការណ៍បន្ទាន់។
ហេតុការណ៍ប្រជ្រៀតជាន់គ្នានៅក្នុងក្រុង Itaewon របស់ រដ្ឋធានីសេអ៊ូល កាលពីយប់ថ្ងៃទី 29 តុលា បានបណ្ដាលឱ្យមនុស្ស 156 នាក់បាត់បង់ជីវិត និងជាង 130 នាក់រងរបួស ក្នុងនោះក៏មានជនរងគ្រោះជាច្រើននាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
វីដេអូស្ដីពីហេតុការណ៍ប្រជ្រៀតជាន់គ្នាខាងលើ បង្ហាញថា ទាំងបុគ្គលិកសង្គ្រោះបន្ទាន់ ទាំងប្រជាពលរដ្ឋសុទ្ធតែរកវិធីជួយស្រោចស្រង់បេះដូង និងសួត (CPR) ដល់ជនរងគ្រោះដែលកំពុងសន្លប់បាត់ស្មារតី ដេករដូករណែលនៅលើដងផ្លូវ។
វីដេអូស្ដីពីសកម្មភាពរបស់ក្រុមមនុស្សដែលបានប្រើបច្ចេកទេស CPR នៅកន្លែងកើតហេតុ ត្រូវបានចែករំលែងលើបណ្ដាញសង្គម ដែលប្រការនេះបានបង្ហាញអំពីសារសំខាន់របស់បច្ចេកទេសសង្គ្រោះបឋមនេះ។ អង្គការ ស្ថាប័នដែលមានជំនាញក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស CPR បានឱ្យដឹងថា ចំនួនមនុស្សដែលបានចុះឈ្មោះចូលរៀន មានការកើនឡើងខ្ពស់ខ្លាំង។
«ក្រោយហេតុការណ៍ប្រជ្រៀតជាន់គ្នានៅ Itaewon ចំនួនមនុស្សមកចុះឈ្មោះរៀនបានកើនឡើងច្រើនជាងមុនទ្វេដងនៅការិយាល័យកណ្ដាល និងបណ្ដាការិយល័យរបស់យើងនៅ អេស៊ូល» មន្ត្រីមួយរូបនៅ កាកបាទក្រហមកូរ៉េខាងត្បូង បានថ្លែងដូច្នេះ។
ចំណែកមន្ត្រីនៅ សមាគមស្រោចស្រង់បេះដូងសួតកូរ៉េខាងត្បូង បានឱ្យដឹងថា ចំនួនអ្នកចូលមើលគេហទំព័ររបស់ពួកគេក៏បានកើនឡើងច្រើនជាងមុន 4 ដងផងដែរ ក្រោយពីមានហេតុការណ៍ដ៏សែនរន្ធត់នេះ។
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានស្នើឱ្យមានការស៊ើបអង្កេតរកមូលហេតុ និងកែតម្រូវវិធានការសុវត្ថិភាពដែលអាចប្រើប្រាស់នៅក្នុងបណ្ដាព្រឹត្តិការណ៍ដែលមិនមានគណៈកម្មការរៀបចំជាក់លាក់ប៉ុន្តែទាក់ទាញមនុស្សច្រើនចូលរួម៕