កាលពីថ្ងៃទី ១២ តុលា ក្រសួងសុខាភិបាលថៃ បានដំណើរការកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ក្រុមកុមារដែលមានអាយុពី ៦ ខែដល់ ៤ ឆ្នាំ ដែលនេះបាននាំឱ្យ ប្រទេសថៃ ក្លាយជាទឹកដីដំបូងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុវត្តកិច្ចការបែបនេះ។
ព្រឹត្តិការណ៍ដែលជាកិច្ចចាប់ផ្ដើមសម្រាប់កម្មវិធីខាងលើត្រូវបានធ្វើឡើងនៅឯមន្ទីរពេទ្យ Phra Nang Klao ខេត្ត Nonthaburi ក្រោមអធិបតីភាពរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Anutin Charnvirakul។
នៅក្នុងពិធីបើកដំណើរការកម្មវិធីនេះ លោក Anutin បានឱ្យដឹងថា កុមារអាយុពី ៦ ខែដល់ ៤ ឆ្នាំ នៅតូចណាស់ មិនអាចការពារខ្លួនបាន និងមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ។ ការចាក់វ៉ាក់សាំងដើម្បីបង្កើនសមត្ថភាពការពាររាងកាយគឺជារឿងចាំបាច់។
លោក Anutin អះអាងថា ប្រភេទវ៉ាក់សាំងសម្រាប់កុមារ មានប្រសិទ្ធភាព និងសុវត្ថិភាព។ បន្ទាប់ពីបានចាក់វ៉ាក់សាំង អាចកើតមានអាការមួយចំនួន ប៉ុន្តែមិនបង្កគ្រោះថ្នាក់។ លោកក៏បានអំពាវនាវដល់គ្រួសារទាំងអស់ នាំកូនតូចមកទទួលការចាក់វ៉ាក់សាំងនេះ។
គិតមកដល់បច្ចុប្បន្ន ពលរដ្ឋប្រមាណ ៨២% នៅ ប្រទេសថៃ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ។
រដ្ឋលេខាអចិន្ត្រៃយ៍របស់ ក្រសួងសុខាភិបាលថៃ លោក Opas Karnkawinpong បានឱ្យដឹងថា ក្រសួងសុខាភិបាលប្រទេសនេះបានបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ Pfizer ចំនួន ៣ លានដូសសម្រាប់កុមារតូចៗ និងបានទទួល ១ លានដូសរួចហើយ៕