ការផ្ទុះឆ្លងរាលដាលរបស់រោគរាតត្បាតអេបូឡា នៅ ប្រទេសអ៊ូហ្កង់ដា ដែលត្រូវបានប្រកាសកាលពីសប្ដាហ៍កន្លង បានធ្វើឱ្យមានការព្រួយបារម្ភអំពីវិបត្តិសុខាភិបាលធ្ងន់ធ្ងរនៅប្រទេសនេះ។
កាលពីថ្ងៃទី ២៨ កញ្ញា ប្រធានាធិបតីអ៊ូហ្កង់ដា Yoweri Museveni បានឱ្យដឹងថា មានមនុស្សចំនួន ៥ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារ អេបូឡា នៅប្រទេសនេះ និង ១៩ ករណីទៀតក៏ត្រូវបានសង្ស័យថា ស្លាប់ដោយសារជំងឺនេះ ព្រោះតែមានរោគសញ្ញាដូចជំងឺអេបូឡា ប៉ុន្តែមិនត្រូវបានពិនិត្យសំណាកមុនពេលពួកគេស្លាប់។
លោក Museveni បន្ថែមថា ករណីឆ្លងអេបូឡា ចំនួន ១៩ នាក់ក៏ត្រូវបានរកឃើញ ក្នុងនោះមានទាំងបុគ្គលិកសុខាភិបាល ៦ នាក់ផងដែរ។
ក៏ប៉ុន្តែ ប្រធានាធិបតីអ៊ូហ្កង់ដា បានអះអាងថា នឹងមិនមានការបិទខ្ទប់នោះទេ ព្រោះយល់ថា ជំងឺរាតត្បាតអេបូឡា ងាយគ្រប់គ្រងជាង កូវីដ-១៩។
ការផ្ទុះឆ្លងរាលដាលរបស់រោគរាតត្បាតអេបូឡា នៅ ប្រទេសអ៊ូហ្កង់ដា ដែលត្រូវបានប្រកាសកាលពីសប្ដាហ៍កន្លង បានធ្វើឱ្យមានការព្រួយបារម្ភអំពីវិបត្តិសុខាភិបាលធ្ងន់ធ្ងរនៅប្រទេសដែលមានប្រជាជន ៤៥ លាននាក់នេះ។
បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងសម្រាប់អេបូឡាប្រភេទ Sudan ដែលជាវីរុសបង្កឱ្យមានករណីឆ្លងថ្មីបំផុតនៅ អ៊ូហ្កង់ដា។
អេបូឡា ភាគច្រើនឆ្លងតាមរយៈការប៉ះពាល់ជាតិទឹករងៃរបស់រាងកាយអ្នកជំងឺ។ រោគសញ្ញារបស់ជំងឺនេះ មានដូចជា អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក ក្អួតចង្អោរ រាក និងចេញកន្ទួល។
អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ការឆ្លងរាលដាលរបស់វីរុស Ebola-Sudan មានកម្រិតទាបជាង ធៀបនឹង Ebola-Zaire ជាវីរុសដែលបានសម្លាប់មនុស្សជិត ២,៣០០ នាក់ នៅក្នុងរលកនៃការផ្ទុះឆ្លងចន្លោះពីឆ្នាំ ២០១៨ ដល់ ២០២០ នៅ សាធារណរដ្ឋកុងហ្គោ៕