កាលពីថ្ងៃទី ១០ សីហា ក្រសួងសុខាភិបាលវៀតណាម បានស្នើឱ្យស្ថាប័នផលិតឱសថ និងវត្ថុធាតុដើមសម្រាប់ផលិតឱសថ នាំចូលវត្ថុធាតុដើមពីបរទេសដើម្បីធ្វើការស្រាវជ្រាវ និងផលិតថ្នាំព្យាបាលជំងឺអុតស្វានៅក្នុងស្រុក។
ប្រកាសនេះត្រូវបានធ្វើឡើងក្នុងស្ថានភាពជំងឺអុតស្វាកំពុងបង្កភាពស្មុគស្មាញនៅលើពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យប្រើប្រាស់ឱសថដែលមានផ្ទុកសារធាតុ Tecovirimat, Brincidofvir, Cidofovir, Probenecid សម្រាប់ការទប់ស្កាត់ ប្រឆាំងនឹងជំងឺអុតស្វា។ បច្ចុប្បន្ន វ៉ាក់សាំងបង្ការជំងឺអុតស្វាក៏ត្រូវបានអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេសមួយចំនួនរួចហើយ។
ដូច្នេះ ដើម្បីជំរុញការប្រើប្រាស់ឱសថថ្មីសម្រាប់ការព្យាបាលជំងឺអុតស្វា នាយកដ្ឋានគ្រប់គ្រងឱសថ នៃ ក្រសួងសុខាភិបាលវៀតណាម បានស្នើឱ្យស្ថាប័នផលិតឱសថ វត្ថុធាតុដើមសម្រាប់ផលិតឱសថ បង្កើនការស្រាវជ្រាវ ធ្វើបច្ចុប្បន្នភាពនិន្នាការស្រាវជ្រាវ ផលិតឱសថព្យាបាល និងវ៉ាក់សាំងបង្ការជំងឺអុតស្វា។
ស្ថាប័ននាំចូលឱសថ វត្ថុធាតុដើមសម្រាប់ផលិតឱសថ ត្រូវបានក្រសួងសុខាភិបាលវៀតណាម អនុញ្ញាតឱ្យធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់ប្រភពផ្គត់ផ្គង់ឱសថបរទេស ដើម្បីនាំចូលមកប្រទេសនេះ សម្រាប់ធ្វើការស្រាវជ្រាវ និងផលិតឱសថព្យាបាលជំងឺអុតស្វាដោយផ្ទាល់។
ក្រសួងសុខាភិបាលវៀតណាម ប្រកាសថា នឹងផ្ដល់អាទិភាពក្នុងការផ្ដល់លិខិតអនុញ្ញាតសម្រាប់ការនាំចូលឱសថ វត្ថុធាតុដើម្បីពីបរទេស ដើម្បីផលិតឱសថ ទៅតាមការកំណត់របស់ច្បាប់។
មុននោះ កាលពីថ្ងៃទី ២៣ កក្កដា WHO បានប្រកាសអាសន្នអំពីសុខភាពសាធារណៈ ចំពោះជំងឺអុតស្វា។ នេះគឺជាជំងឺដែលអាចឆ្លងពីសត្វមកមនុស្ស ពីមនុស្សទៅមនុស្ស តាមរយៈការប៉ះពាល់ ដោយឆ្លងតាមស្នាមរបួសមិនទាន់ជា ជាតិទឹករងៃ ទឹកមាត់ ឬទឹកសម្បោរដែលបាញ់ចេញពីប្រព័ន្ធផ្លូវដង្ហើម និងតាមរយៈការប៉ះពាល់សត្វ ព្រមទាំងរបស់របរប្រើប្រាស់ដែលមានផ្ទុកវីរុសអុតស្វា។
រយៈពេលនៃការសំងំរបស់វីរុសអុតស្វា គឺចាប់ពី ៦ ទៅ ១៣ ថ្ងៃ ប៉ុន្តែ អាចចាប់ពី ៥ ទៅ ២១ ថ្ងៃផងដែរ។ អាការរបស់ជំងឺនេះរួមមាន ក្ដៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ឡើងកូនកណ្ដុរ ព្រឺរងា អស់កម្លាំង ចេញកន្ទួល ពងទឹកមានរូបរាងដូចមុនធំៗនៅលើមុខ ក្នុងមាត់ ឬបាតដៃ បាតជើង ទ្រូង ប្រដាប់ភេទ ឬបាតជាដើម៕