អត្ថបទព័ត៌មានមួយដែលចុះផ្សាយលើទស្សនាវដ្ដីវេជ្ជសាស្ត្រដ៏ល្បីឈ្មោះមួយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រភេទវីរុសថ្មីមួយនៅ ប្រទេសចិន ដែលត្រូវបានគេហៅបណ្ដោះអាសន្នថា «LayV» អាចឆ្លងមកមនុស្សតាមរយៈសត្វ និងនាំឱ្យកើតជំងឺសាហាវផ្សេងៗ។
អត្ថបទខាងលើត្រូវបានចុះផ្សាយដោយទស្សនាវដ្ដី «The New England Journal of Medicine» (NEJM) ហើយព័ត៌មានស្ដីពីអត្ថបទនោះត្រូវបានប្រកាសដោយទំព័រ The Paper របស់ ចិន។ ការរកឃើញវីរុសខាងលើនេះ គឺជាលទ្ធផលនៃកិច្ចសហការរវាងក្រុមអ្នកវិទ្យាសាស្ត្រចិន និង សិង្ហបុរី។
អត្ថបទស្ដីពីរបកគំហើញនោះបានឱ្យដឹងថា វីរុសដែលទើបរកឃើញនោះគឺ Henipavirus មានប្រភពពីសត្វ អាចឆ្លងមកមនុស្ស និងត្រូវបានរកឃើញនៅក្នុងខេត្ត សានទុង និង ខេត្តហឺណាន ប្រទេសចិន។ ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឱ្យវីរុសនោះថា Langya henipavirus (LayV)។ គិតមកដល់បច្ចុប្បន្ន មានមនុស្ស ៣៥ នាក់បានឆ្លងវីរុសនេះ។
ការវិភាគហ្សែនបានបង្ហាញថា សត្វកណ្ដុលច្រមុះវែងមួយប្រភេទ ដែលមានឈ្មោះក្នុងបញ្ជីវិទ្យាសាស្ត្រថា Sorex araneus Linnaeus។ កណ្ដុរដែលរស់នៅក្នុងព្រៃនេះ អាចជាភ្នាក់ងារចម្លងក្នុងធម្មជាតិរបស់វីរុសនេះ។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា វីរុសនេះអាចឆ្លងពីមនុស្សទៅមនុស្សដែរ ឬយ៉ាងណានៅឡើយ។
អ្នកជំងឺទាំង ៣៥ នាក់ដែលបានឆ្លងវីរុសខាងលើ សុទ្ធតែមានអាការក្ដៅខ្លួន ក្នុងនោះមានអ្នកជំងឺចំនួនជាងពាក់កណ្ដាល មានអាការអស់កម្លាំង ក្អក មិនចង់បរិភោគអាហារ។ ចំណែកអ្នកជំងឺពី ៣០% ទៅ ៤០% មានរោគសញ្ញាដូចជា ឈឺសាច់ដុំ ក្អួតចង្អោរ ឈឺក្បាល និង ៨% ត្រូវខ្សោយមុខងារតម្រងនោម។
បច្ចុប្បន្ន ពុំទាន់មានវ៉ាក់សាំង ឬថ្នាំសម្រាប់ព្យាបាលជំងឺ Henipavirus នេះនៅឡើយ។ វិធីសាស្ត្រព្យាបាលតែមួយគត់ នោះគឺថែទាំ និងជួយដល់អ្នកជំងឺដើម្បីអាចគ្រប់គ្រងអាការរោគ។ យោងតាម WHO អត្រានៃការស្លាប់ដោយសារ Henipavirus គឺពី ៤០% ទៅ ៧៥% ខ្ពស់ជាងឆ្ងាយធៀបនឹង កូវីដ-១៩៕