អ្នកជំងឺអុតស្វាម្នាក់អាយុ ២២ ឆ្នាំ នៅក្រុង Thrissur បានស្លាប់ក្នុងមន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីត្រលប់មកពី អេមីរ៉ាតអារ៉ាប់រួម (UAE) បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
មេដឹកនាំសុខាភិបាលរបស់រដ្ឋ Kerala ភាគខាងត្បូងនៃ ប្រទេសឥណ្ឌា លោកស្រី Veena George បានប្រកាសថា អ្នកជំងឺខាងលើបានស្លាប់កាលពីថ្ងៃទី ៣០ កក្កដា នៅក្នុងទីក្រុង Thrissur នៃរដ្ឋ Kerala ដោយមុននោះវិជ្ជមាននឹងវីរុសអុតស្វា ពេលនៅឯបរទេស។
នេះគឺជាករណីដំបូងដែលស្លាប់ដោយសារជំងឺអុតស្វានៅ ឥណ្ឌា និងជាករណីស្លាប់ទី ៤ នៅខាងក្រៅ ទ្វីបអាហ្វ្រិក។ អ្នកជំងឺខាងលើដែលមានស្រុកកំណើតនៅក្នុងខណ្ឌ Punniyoor នៃទីក្រុង Thrissur បានស្លាប់ក្នុងមន្ទីរពេទ្យឯកជនមួយ ក្រោយពីត្រលប់មកពី អាមីរ៉ាតអារ៉ាប់រួម (UAE) បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
លោកស្រី Veena George បានឱ្យដឹងថា អ្នកជំងឺនេះបានទទួលលទ្ធផលតេស្តវិជ្ជមាននឹងវីរុសអុតស្វាតាំងពីពេលនៅឯបរទេស ប៉ុន្តែ សាច់ញាតិរបស់អ្នកជំងឺនេះទើបតែបានប្រគល់លទ្ធផលតេស្តនេះឱ្យមន្ត្រីសុខាភិបាល កាលពីថ្ងៃទី ៣០ ខែកក្កដា។
គិតមកដល់ពេលនេះ ឥណ្ឌា បានរកឃើញករណីវិជ្ជមាននឹងវីរុសបង្កជំងឺអុតស្វាចំនួន ៤ នាក់មកហើយ ក្នុងនោះមាន ៣ នាក់នៅ Kerala និងករណីខ្លះនៅ ញូវដែលី។
អ្នកជំងឺអុតស្វាមានអាការរោគពីស្រាលទៅមធ្យម ក្នុងនោះមានដូចជា អាការក្ដៅខ្លួន វិលមុខ ចេញកន្ទួល ពងខ្ទុះលើស្បែក និងអាចជាសះស្បើយក្រោយរយៈពេលច្រើនសប្ដាហ៍។
WHO បានណែនាំឱ្យចាក់វ៉ាក់សាំងសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ រួមមានទាំងបុគ្គលិកសុខាភិបាល និងក្រុមបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសច្រើននាក់៕